(កំពង់ស្ពឺ)៖ អ្នកវិនិយោគជនជាតិចិនតៃវ៉ាន់ចំនួន១១រូប មកពីក្រុមហ៊ុន វិនិយោគតំបន់សេដ្ឋកិច្ច Golden Integreting International Investment PTE LTD ប្រទេសចិន បានទម្លាក់ទុនប្រមាណ៥លានដុល្លារអាមេរិក ដើម្បីសាងសង់សួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជា នៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នៅក្នុងជំនួបជាមួយអភិបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ តំណាងក្រុមហ៊ុនអ្នកវិនិយោគ នៃជនជាតិតៃវ៉ាន់ បានលើកឡើងថា សួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជា នឹងបញ្ចុះបឋមសិលាសាងសង់ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ មានទីតាំងស្ថិតនៅភូមិតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលពិធីបញ្ជុះបឋមសិលានោះនឹងប្រារព្ធឡើងក្រោមវត្តមាន លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ។

អ្នកវិនិយោគចិនតៃវ៉ាន់ បានអះអាងថា គម្រោងអភិវឌ្ឍន៍សួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជានេះ គឺផ្តោតលើការបង្កើតឲ្យបាននូវសួនឧស្សាហកម្មវាយនភណ្ឌលំដាប់ជាតិកម្ពុជា និងបន្តអភិវឌ្ឍន៍ឲ្យក្លាយជាមូលដ្ឋាន ផលិតកម្មផ្គត់ផ្គង់ដ៏សំខាន់លើឧហ្សាហកម្ម បោះពុម្ភ ជ្រលក់ពណ៌ និងអេឡិចកូប្លាតីងស្បែក ក្នុងតំបន់អាស៊ាន។

ថ្លែងក្នុងឱកាសនោះ អភិបាលខេត្តកំពង់ស្ពឺ លោកបណ្ឌិត ជាម ចន្ទសោភ័ណ បានសម្តែងនូវក្តីរំភើបរីករាយជំនួសប្រជាពលរដ្ឋក្នុងខេត្ត ចំពោះវត្តមានសួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជា លើទឹកដីខេត្តកំពង់ស្ពឺ ដែលរំពឹងថា សួនមួយនេះនឹងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺ តាមរយៈការផ្តល់ឱកាសការងាររាប់ពាន់កន្លែងបន្ថែមទៀត។

សូមបញ្ជាក់ថា គម្រោងនេះទទួលបានការវិនិយោគ សហការជាមួយក្រុមហ៊ុនពាក់ព័ន្ធជាច្រើន ព្រមទាំងមានកិត្តិយសទទួលបានការគាំទ្រពីសហគ្រាស ដើម្បីគាំពារបរិស្ថាននៅកម្ពុជា (EPIAC) សមាគមន៍វាយនភ័ណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងកាបូបកម្ពុជា (TAFTAC) និងសមាគមវាយនភណ្ឌចិននៅកម្ពុជា (CTAC) ថែមទៀតផង៕