(កំពង់ធំ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី បានផ្ដល់ស្រូវពូជ៥០តោន តាមរយៈលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋដែលទទួលរងគ្រោះ ដោយទឹកជំនន់នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលជាកសិករអាទិភាព មានដីស្រែអាចស្ដារឡើងវិញបានចំនួន៥៥៣គ្រួសារ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។

លោក នួន ផារ័ត្ន បានលើកឡើងថា សម្រាប់ក្រុងស្ទឹងសែនឆ្នាំនេះទទួលរងនូវការខូចខាតដំណាំស្រូវប្រមាណជាង៤ពាន់ហិចតា។ ការខូចខាតដំណាំស្រូវនេះ ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់ស្រូវពូជ៥០តោន សម្រាប់យកមកចែកជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ ទោះបីវាមិនអាចគ្រប់ទៅតាមអ្វីនូវការខូចខាតប៉ុន្តែវាអាចរួមចំណែកសំរាលនូវការទុក្ខលំបាក មួយផ្នែករបស់បងប្អូនប្រជាពលរដ្ឋបានមួយកម្រិត។

លោកបន្តថា អ្វីដែលសំខាន់សម្រាប់ក្រុងស្ទឹងសែន គឺសម្ដេចអធិបតី បានឱ្យក្រសួងធនធានទឹក និងឧតុនិយម បង្កើនល្បឿននៅក្នុងការសាងសង់ទំនប់ស្ទាក់ទឹកនៅឃុំកំពង់គោ និងស្ទឹងស្លាប់ ឃុំត្បូងក្រពើ នៅពេលដែលទំនប់ទាំងពីរ សាងសង់រួចយើងអាចគ្រប់គ្រងទឹកនៅក្នុងដងស្ទឹងសែននេះ មានភាពល្អប្រសើរជាងមុន។ បងប្អូនប្រជាពលរដ្ឋមានទឹកប្រើប្រាស់គ្រប់គ្រាន់សម្រាប់បង្កបង្កើនផល និងកាត់បន្ថយការលិចលង់ស្រូវរបស់បងប្អូន។

លោក នួន ផារ័ត្ន បានបញ្ជាក់បន្ថែមទៀតថា ក្នុងរយៈពេលជាង២ឆ្នាំទៀត ទើបសាងសង់ទំនប់ស្ទាក់ទឹកក្នុងក្រុងស្ទឹងសែនរួចរាល់ យើងអាចរក្សាទឹកបានគង់វង្ស ហើយប្រជាពលរដ្ឋបង្កើតបង្កើនផលមិនខ្វះទឹក ស្រោចស្របដំណាំស្រូវទៀតនោះទេ។ 

ប្រជាពលរដ្ឋទទួលបានស្រូវពូជបានថ្លែងអំណរគុណចំពោះសម្ដេចធិបតី និងអភិបាលខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់ជួយបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ៕