(កំពង់ចាម)៖ លោក អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបង្ហាញអំពីសារៈសំខាន់ នៃការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ដែលកិច្ចការនេះតម្រូវឲ្យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរួម អនុវត្តដើម្បីរក្សាឲ្យបានសុខសន្តិភាពស្ថេរភាពសង្គមនិងការអភិវឌ្ឍ។

រដ្ឋលេខាធិការ បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២៤ ក្នុងខណៈអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោយបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឆ្នាំ២០២៤-២០២៨ និងដឹកនាំកិច្ច ប្រជុំបូកសរុបលទ្ធផលការអនុវត្តគោលនយោយបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងខេត្តកំពង់ចាម ប្រចាំត្រីមាសទី៣ និងលើកទិសដៅបន្តជូនដល់អ្នកពាក់ព័ន្ធ ដោយមានការចូលរួមពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តផងដែរ។

លោករដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា គោលនយោបាយរាជរដ្ឋាភិបាល ស្ដីពីការអនុវត្ត ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គឺមានការអភិវឌ្ឍន៍និតិវិធីជាដំណាក់កាល ៗ ពីព្រោះគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព មានសារៈសំខាន់ ដូច្នេះតម្រូវឲ្យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមគ្នាអនុវត្ត ទិសដៅគោលបំណងតែមួយគត់គឺ ធ្វើយ៉ាងណាឱ្យរក្សាឲ្យបាននូវសុខសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍ ធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើង ។

លោក អ៊ុន ចាន់ដា បានថ្លែងថា ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងសមាជិកសមាជិកានៃកិចច្ចប្រជុំទាំងអស់សូមទទួលយកនូវផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឆ្នាំ២០២៤-២០២៨ យកមកដឹកនាំអនុវត្តបន្តនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធនានា ស្របតាមតួនាទី ភារកិច្ចរបស់ខ្លួនដែលបានកំណត់ ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល តាមរយៈការលើកកម្ពស់ការផ្តល់សេវា សាធារណៈ ពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សង្គម លើកកម្ពស់ អនាម័យ បរិស្ថាន សុខុមាលភាពប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់នានា ដែលបណ្តាលមកពីគ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាតនៅគ្រប់កាលៈទេសៈ ព្រមទាំងលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាប្រឈមនានា ប្រកបដោយប្រសិទ្ធភាព គុណភាព គណនេយ្យភាព តម្លាភាព យុត្តិធម៌ បរិយាបន្ន និងសមធម៌សង្គម»៕