(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាព បានលើកឡើងថា រួមគ្នាសំអាតផ្ទះរបស់យើងឱ្យស្អាត ដើម្បីចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ។

ការលើកឡើងរបស់លោកបែបនេះ បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីនៅក្នុងវេទិកា «អាកាសធាតុ ឆ្នាំ២០២៤» នៅខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួម ពីបណ្តាអង្គទូតនានា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អង្គការជាដៃគូរជាតិ-អន្តរជាតិ សង្គមស៊ីវិល វិស័យឯកជន និងសហគមន៍តំបន់ការពារធម្មជាតិសរុបប្រមាណ ៥០០នាក់។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្តថា កម្ពុជាមិនមែនជាប្រទេសដែលធ្វើយអោយប្រែប្រួលអាកាសធាតុនោះទេ ប៉ុន្តែកម្ពុជា ក៏ដូចជាបណ្តាប្រទេសនៅលើសកលលោកដែរ កំពុងតែទទួលរងនូវផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុដែលមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងកាន់តែខ្លាំងឡើងចំពោះសុខុមាលភាពមនុស្ស សត្វ រុក្ខជាតិ និងភពផែនដីរបស់យើង ដូច្នេះអ្វីដែលយើងត្រូវទាំងអស់ត្រូវរួមគ្នាអនុវត្តវិធានការកាត់បន្ថយ និងការសម្របខ្លួនការកសាងភាពធន់ នឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុតាមរយៈការចូលរួម និងអនុវត្តក្នុងវិស័យទាំង៦ ដែលចូលរួមកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ដើម្បីចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុគឺ ឧស្សាហកម្ម ថាមពល កសិកម្ម គ្រប់គ្រងសំនល់ «ការបំពុលដោយសារធាតុគីមី» ការប្រើប្រាស់ជីវចម្រុះ។

លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ក្រសួងបរិស្ថានក្នុងនាមជាសេនាធិការអោយរាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមុតមាំ នៅក្នុងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ។

ក្នុងក្របខណ្ឌជាតិក្រសួងបានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣ដោយផ្តោតលើ «ភាពស្អាត បៃតង និងចីរភាព» នៅក្នុងនោះភាពស្អាតមាន៣ គឺស្អាតលើមេឃ លើដី និងក្នុងទឹក។ ជាក់ស្តែង ភាពស្អាតលើដី ក្រសួងបានដាក់ចេញនូវយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើប្លាស្ទិកទេ» ទទួលបានការគាំទ្រពីសាធារណជនទូទាំងប្រទេសប្រមាណ៩លាន៦សែននាក់ និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ទទួលបានការចូលរួមពីសាធារណជន ជាពិសេសសិស្សានុសិស្សប្រមាណ ៣លាននាក់។

នៅក្នុងក្របខណ្ឌអន្តរជាតិ កម្ពុជាបានដាក់ចេញនៅយុទ្ធសាស្រ្តរយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ និងនៅក្នុងកិច្ចប្រជុំមហានុតំបន់មេគង្គ ដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះកាលពី ពេលថ្មីៗនេះក៏បាន អនុម័តនូវក្របខណ្ឌយុទ្ធសាស្រ្តពន្លឿនសកម្មភាពឆ្លើយតបការប្រែប្រួលអាកាសធាតុ និងនិរន្តភាពបរិស្ថានឆ្នាំ២០៣០ និងសេចក្តីថ្លែងការណ៍រួមទីក្រុងភ្នំពេញស្តីពីការត្រៀមបង្ការការបំពុលប្លាស្ទិកនៅក្នុងមហាអនុតំបន់មេគង្គ (GMS) ជាពិសេសក្នុងកិច្ចប្រជុំកំពូលក្របខណ្ឌអង្គការសហប្រជាជាតិ (UN) ស្តីពីការប្រែប្រួលអាកាសធាតុ COP-28 នៅទីក្រុងឌូបៃ កាលពីឆ្នាំ២០២៣ កម្ពុជាបានប្តេជ្ញាចិត្ត ចំនួន៧ចំនុចសំខាន់ៗ រួមមាន៖

*ទី១៖ លុបចោលគម្រោងរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ៧០០MW ជំនួសមកវិញដោយរោងចក្រអគ្គិសនីដើរដោយឧស្ម័ន LPG វិញ

*ទី២៖ អភិវឌ្ឍថ្មីនៃទំនប់ស្តុកទឹក ដើម្បីផលិតថាមពលអគ្គិសនីស្អាត ១០០០MW ឱ្យបានមុនឆ្នាំ២០២៨

*ទី៣៖ បង្កើនថាមពលកកើតឡើងវិញ ដែលភាគច្រើនជាថាមពលពន្លឺព្រះអាទិត្យ ថាមពលវារីអគ្គិសនី និងថាមពលខ្យល់ ឱ្យបានដល់កម្រិត៧០ភាគរយនៅឆ្នាំ២០៣០ ដែលបច្ចុប្បន្នយើងមានប្រមាណ៦២% រួចមកហើយ ក្នុងនោះ៤០%បានមកពីថាមពលវ៉ារីអគ្គិសនី

*ទី៤៖ យុទ្ធសាស្ត្រកម្ពុជាស្អាតតាមរយៈការកាត់បន្ថយការបំពុលបរិស្ថានដោយថង់ប្លាស្ទិក និងសំណល់រឹង និងរាវ

*ទី៥៖ យុទ្ធសាស្ត្រកម្ពុជាបៃតងតាមរយៈការដាំដើមឈើទាំងតាមទីវាល និងតំបន់ការពារយ៉ាងតិច ១លានដើម ក្នុងមួយឆ្នាំ ដើម្បីជម្រុញជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

*ទី៦៖ បន្តមិនអនុញ្ញាតឱ្យបង្កើតរោងចក្រផលិតអគិ្គសនីដោយប្រើធ្យូងថ្មនៅកម្ពុជា

*ទី៧៖ បន្តមិនអនុញ្ញាតឱ្យសង់វារីអគ្គិសនីកាត់ទន្លេមេគង្គ៕