(ភ្នំពេញ)៖ លោកសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី១ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ បានដឹកនាំបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៤-២០២៨​ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងប្រដាប់អាវុធ ចំណុះអោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ​ នៅសាលារាជធានីភ្នំពេញ។

ក្នុងឱកាសនោះលោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការរួមចំណែកថែរក្សា ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងបានចាត់តាំងអនុវត្តយ៉ាងម៉ឹងម៉ាត់នូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព តាមគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ ដោយរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ ទប់ស្កាត់បានទាំងស្រុងនូវបដិវត្តពណ៌ ធានាប្រក្រតីភាពសង្គម ជីវភាពសង្គមលើគ្រប់វិស័យ រក្សាប្រក្រតីភាពមីក្រូសេដ្ឋកិច្ច បង្កើនជំនឿទុកចិត្ត ដល់អ្នកវិនិយោគគិន ពាណិជ្ជករ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋរស់នៅ ដោយភាពសុខដុមរមនា។

លោក ឃួង ស្រេង បានបន្តថា ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តរក្សាបាននៅសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ដោយចំនួនបទល្មើសបានកើតមានចំនួន២៤៩លើក/២៦៤ករណី គឺថយចុះ១៥ករណី។

ក្នុងនោះគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានម្ចាស់ការបង្ក្រាបបទល្មើសបានសរុប២៣១ករណី ពិសេសថែមទៀតនោះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានចូលរួមទប់ស្កាត់ព្រឹត្តការណ៍ថ្ងៃទី១៨ សីហា ឆ្នាំ២០២៤ថ្មីៗនេះ ដោយក្រុមជ្រុលនិយមមួយក្តាប់តូច បានព្យាយាម និងប៉ុនប៉ង បង្វែរពីការធ្វើបាតុកម្មនៅរាជធានីភ្នំពេញ ទៅជាការបំផុសចលនា ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

លោក ឃួង ស្រេង បានបន្ថែមថា​ ទោះបីយើងអនុវត្តបានជោគជ័យដូចខាងលើក្តី យើងក៏នៅមានចំណុចខ្វះខាត សេសសល់ ដែលយើងត្រូវរួមគ្នាជំនះដោះស្រាយ តាមរយៈការប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ ប្រកបទៅដោយប្រសិទ្ធភាព ស្របទៅតាមគោលការណ៍រដ្ឋបាលឯកភាព ដើម្បីឈានទៅការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិយ៉ាងពិតប្រាកដ។

លោកអភិបាលរាជធានី បញ្ជាក់ថា​ ការផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រខាងលើនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយខ្លឹមសារសំខាន់ៗ នៃផែនការយុទ្ធសាស្ត្រ គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់ក្រសួងមហាផ្ទៃឆ្នាំ២០២៤-២០២៨ សំដៅពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ទាំងផ្នែករដ្ឋបាលស៊ីវិល និងទាំងផ្នែកកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ឱ្យកាន់តែយល់ច្បាប់ពីគោលការណ៍ដឹកនាំ បញ្ជា នីតិវិធី និងការចាត់តាំងអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងដែនសមត្ថកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានោះដែរលោកសន្តិបណ្ឌិត ខៀវ សុភ័គ បានឱ្យដឹងថា ការផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៤-២០២៨នេះ ធ្វើឡើងខណៈដែលការងារនេះ រដ្ឋបាលស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បាននិងកំពុងអនុវត្តការងារនេះបានយ៉ាងល្អ១០០% នៅភ្នំពេញ​ គោលនយោបាយអ្វីក៏ដោយ បើមិនមានការចូលរួមពីប្រជាពលរដ្ឋទេ គឺមិនទទួលបានជោគជ័យឡើយ។

លោកសន្តិបណ្ឌិត បញ្ជាក់ថា សន្តិសុខសំខាន់ណាស់ កងកម្លាំង អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវចាំថា «ប្រហែសបាត់ ប្រយ័ត្នគង់»។ សំរាប់រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង តែងក្រើនរំលឹកជានិច្ច ដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អោយយកចិត្តដាក់ ក្នុងការធ្វើយ៉ាងណាឱ្យភូមិ សង្កាត់ នៅរាជធានីភ្នំពេញ មានសុវត្ថិភាព៕