(ភ្នំពេញ)៖ អ្នកស្រី វឿន ត្រប់ អាយុ ៤៤ឆ្នាំ រស់នៅភូមិត្មាតពង ឃុំរុនតាឯក ក្រុងរុនតាឯក ខេត្ត​សៀមរាប បានកើតជំងឺខូចប្រឹះបេះដូងធ្ងន់ធ្ងរអស់រយៈពេល១០ឆ្នាំមកហើយ។ បន្ទាប់ពីរស់​ឱប​ជំងឺ​រ៉ាំរ៉ៃនេះអស់រយៈពេលយូរឆ្នាំ អ្នកស្រី វឿន​ ត្រប់ និងស្វាមី ក៏ដូចជាក្រុមគ្រួសារ បានសោកសង្រេង និងអស់សង្ឃឹមទៅហើយ ព្រោះមិនមានប្រាក់សម្រាប់ការព្យាបាលជំងឺនេះទៀតនោះឡើយ។

អ្នកស្រី វឿន ត្រប់ ក៏ដូចជាស្វាមី បានរៀបរាប់ពីភាពសោកសៅព្រោះស្ថានភាពជំងឺ និងការប្រឹង​ប្រែង​តស៊ូព្យាបាលអស់ជាច្រើនឆ្នាំកន្លងមក។

ជាកុសលផលបុណ្យល្អក្នុងពេលលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ថា TYDA ចុះទៅពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្រុងរុនតាឯកនោះ ក៏បានជួបជាមួយអ្នកស្រី វឿន ត្រប់។

តាមរយៈការជជីកសួរព័ត៌មានពីស្ថានភាពជំងឺរួចរាល់ហើយនោះ លោកជំទាវបណ្ឌិត ក៏បានចាត់ចែងនាំអ្នកស្រី វឿន ត្រប់ មកស្វះស្វែងរកការព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។ ថ្លៃសម្រាប់ការវះកាត់ព្យាបាល ហូបចុក ស្នាក់នៅ និងធ្វើដំណើរជាដើមនោះ ត្រូវបានរ៉ាប់រងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត។

បន្ទាប់ពីទទួលការវះកាត់ និងការមើលថែដោយការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យជំនាញនោះ នៅពេលនេះអ្នកស្រី វឿន ត្រប់ ទទួលបានការវះកាត់ដោយជោគជ័យ។

ជាមួយលទ្ធផលព្យាបាលដ៏ល្អប្រសើរនេះ អ្នកស្រី វឿន ត្រប់ និងស្វាមី ព្រមទាំងកូនៗ បានសម្តែងក្តីរីករាយ ប្រៀបដូចជាជីវិតត្រូវប្រោសឱ្យរស់រៀនជាថ្មី។ ជាមួយស្នាមញញឹមជាថ្មី អ្នកស្រី វឿន ត្រប់ និងស្វាមី ព្រមទាំងកូនៗ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដែលបានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ជួយសង្គ្រោះជីវិតពីជំងឺខូចប្រឹះបេះដូងដ៏ធ្ងន់ធ្ងរ៕