(កំពត)៖ ស្នងការដ្ឋាននគរបាលខេត្តកំពត នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ បានចេញមកឆ្លើយតបចំពោះការចុះផ្សាយរបស់សារព័ត៌មានបរទេស ពាក់ព័ន្ធការឃាត់ខ្លួនមនុស្ស១០នាក់ (ព្រះសង្ឃ១អង្គ) នៅចំណុចរូបសំណាកព្រះអង្គឌួង ឋិតនៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤កន្លងទៅ។

ក្នុងសេចក្ដីបំភ្លឺដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានស្នងការដ្ឋាននគរបាលខេត្តកំពត បានអះអាងថា សមត្ថកិច្ចមិនបានឃាត់ខ្លួនមនុស្ស១០នាក់នោះឡើយ ពោលគ្រាន់តែហៅមកធ្វើការសួរនាំ ពាក់ព័ន្ធការប្រមូលផ្ដុំគ្នាដោយគ្មានការអនុញ្ញាតដើម្បីផ្សព្វផ្សាយខ្លឹមសារកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស។ ក្រោយពីបានសួរនាំរួច សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំ និងឲ្យត្រលប់ទៅលំនៅឋានវិញរៀងៗខ្លួន មិនដូចការចុះផ្សាយរបស់សារព័ត៌មាន The Cambodia Daily Khmer ឡើយ។

សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពត បានទទួលព័ត៌មានថា មានប្រជាពលរដ្ឋ និងព្រះសង្ឃ ប្រមាណ១០នាក់ បានប្រមូលផ្ដុំគ្នាមកផ្សាយបន្តផ្ទាល់ (Live Video) អំពីខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស នៅចំណុចរូបសំណាកព្រះអង្គឌួង ឋិតនៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។

ក្រោយមកកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពត បានអញ្ជើញប្រជាពលរដ្ឋចំនួន១០នាក់ ស្រី៣នាក់ ក្នុងនោះព្រះសង្ឃ១អង្គ ពាក់ព័ន្ធករណីបានមក ផ្សាយបន្តផ្ទាល់ (Live Video) អំពីខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅចំណុចរូបសំណាក ព្រះអង្គឌួង ឋិតនៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ដោយមិនបានស្នើសុំ ឬក៏ជូនដំណឹងឲ្យសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានដឹងជាមុន។

ក្រោយពីបានសួរនាំរួច សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំ និងឲ្យត្រលប់ទៅលំនៅឋានវិញរៀងៗខ្លួន៕