(ភ្នំពេញ)៖ លោកបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានថ្លែងថា ប្រទេសកម្ពុជា មានដីដែលសមស្របអាចដាំដុះដំណាំស្វាយចន្ទីប្រមាណជា ១,២៤លានហិកតា ហើយជាប់ចំណាត់ថ្នាក់លេខ៣ បើធៀបនឹងប្រទេសដាំដុះដំណាំស្វាយចន្ទីនៅលើពិភពលោក។

លោកបណ្ឌិត ងិន ឆាយ បានថ្លែងបែបនេះនៅក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ឯកសារស្ដីពី តំបន់ដាំដុះដំណាំស្វាយចន្ទីនៅកម្ពុជា» ក្រោមអធិបតីភាពលោក តូច ប៊ុនហួរ រដ្ឋលេខាធិការតំណាងរបស់ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពី លោកស្រីបណ្ឌិត Marija Kono អ្នកសម្របសម្រួលរបស់ USDA Forest Service ប្រចាំតំបន់អាស៊ីអគ្នេយ៍ ព្រមជាមួយភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប​ដែលរៀបចំឡើងនៅសណ្ឋារគារហ៊ីម៉ាវ៉ារី នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤។

លោកបណ្ឌិត ងិន ឆាយ បានថ្លែងថា អស់រយៈពេលជាង៤០ឆ្នាំកន្លងមកនេះ វិស័យកសិកម្មកម្ពុជា មានការរីកចម្រើនខ្លាំងគួរជាទីកត់សម្គាល់ ទាំងការបង្កើនទិន្នផលដំណាំ ផ្ទៃដីដាំដុះ បរិមាណផល និងអតិរេកស្បៀង ព្រមទាំងធានាបាននូវស្ថិរភាពផលិតកម្ម ដែលនាំឱ្យកម្ពុជាសម្រេចបានសន្តិសុខស្បៀងនិងការនាំចេញ។

លោកបានបន្តថា ក្នុងន័យនេះ វិស័យកសិកម្មបានដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់អាហារូបត្ថម្ភ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដែលជាមូលដ្ឋាននៃសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។

លើសពីនេះ លោកបានបន្ថែមថា ក្នុងឆ្នាំ២០២៣ វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ២២% ក្នុងផលិតផលសរុបក្នុងស្រុក ក្នុងនោះមានអនុវិស័យ៤សំខាន់គឺ អនុវិស័យដំណាំ, ផលិតកម្មសត្វនិងសុខភាពសត្វ, ជលផល និងអនុវិស័យព្រៃឈើ។ អនុវិស័យដំណាំមានទំហំធំជាងគេ ដែលបានចូលរួមចំណែកដល់វិស័យកសិកម្មទាំងមូលប្រមាណ៥៧%។ ក្រៅពី ដំណាំស្រូវ ដំឡូងមី និងពោត ដំណាំស្វាយចន្ទី ជាដំណាំសេដ្ឋកិច្ចមួយដែលមិនអាចមើលរំលងបាន ដោយសារតែ វាអាចដាំដុះបានលើគ្រប់ប្រភេទដី ផលិតផលមានតម្លៃខ្ពស់ និងមានតម្លៃបន្ថែមពីការកែច្នៃ ព្រមទាំងមានតម្រូវការខ្ពស់នៅលើទីផ្សារអន្តរជាតិ។

មន្ត្រីជាន់ខ្ពស់រូបនេះ បានគូសបញ្ជាក់ថា៖ «ប្រទេសកម្ពុជាមានដីដែលសមស្រមអាចដាំដុះដំណាំស្វាយចន្ទី (តាមការសិក្សាយើងមានដីសមស្រប បំផុតសម្រាប់ដាំស្វាយចន្ទីប្រមាណជា ១,២៤លានហិកតា) ហើយមានប្រភេទពូជដែលផ្តល់ទិន្នផលខ្ពស់ និងមានទំហំគ្រាប់ធំ (M23) ដែលសមស្របតាមតម្រូវការទីផ្សារអន្តរជាតិ»

នៅក្នុងឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ ដែលមានគោលបំណងប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយ សម្រាប់បម្រើទីផ្សារក្នុងស្រុក ទីផ្សារតំបន់ និងពិភពលោក ពោលគឺជាអធិរាជនៃប្រទេសនាំចេញផលិតផលស្វាយចន្ទី។

បើតាម លោកបណ្ឌិត, ជាច្រើនឆ្នាំកន្លងមកនេះ ការវាយតម្លៃផ្ទៃដីដាំដុះស្វាយចន្ទីក្នុងប្រទេស មានប្រភពនិងវិធីសាស្រ្តខុសៗគ្នា ដែលធ្វើឱ្យមានការប្រើប្រាស់ទិន្នន័យខុសៗគ្នា។ ការណ៍នេះ បណ្តាលឱ្យមានភាពរអាក់រអួល ក្នុងការសម្រេចចិត្តផ្នែកគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍សម្រាប់ដំណាំស្វាយចន្ទី។

លោកបានលើកឡើងទៀតថា «ដូច្នេះយើងត្រូវការជាចាំបាច់នូវការប្រើប្រាស់ទិន្នន័យដែលជឿជាក់ មានប្រភពច្បាស់លាស់ និងវិធីសាស្ត្រផលិតត្រឹមត្រូវ ព្រមទាំងមានការទទួលស្គាល់ពីភាគីពាក់ព័ន្ធទាំងជាតិនិងអន្តរជាតិ។ បច្ចេកវិទ្យាផ្កាយរណប ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ ក្នុងការតាមដាន វាយតម្លៃ និងផលិតផែនទីតំបន់ដាំដុះដំណាំ កសិកម្ម និងផែនទីការប្រើប្រាស់ដីផ្សេងៗទៀតនៅលើពិភពលោក»

ចាប់ពីដើមឆ្នាំ២០២១ ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម បានសហការជាមួយ ជំនាញការជាតិនិងអន្តរជាតិក្នុងការកសាងសមត្ថភាពបច្ចេកទេសលើការប្រើប្រាស់បច្ចេកវិទ្យាម៉ាស៊ីនស្វ័យសិក្សា (Machine Learning) និងបញ្ញាសិប្បនិម្មិត (AI) ដោយប្រើប្រាស់ម៉ូដែល CNNs (Convolutional Neural Networks) ដើម្បីផលិតផែនទីតំបន់ដាំដុះដំណាំស្វាយចន្ទីរបស់កម្ពុជាប្រកបដោយជោគជ័យ។ នេះជាស្នាដៃដំបូងបំផុត នៃការផលិតផែនទីតំបន់ដាំដុះដំណាំ ដោយប្រើបច្ចេកវិទ្យាទាន់សម័យកាលបែបនេះរបស់កម្ពុជា។

លោកបណ្ឌិត បានបញ្ជាក់ថា ការប្រើប្រាស់បច្ចេកវិទ្យានេះ អាចជួយឱ្យយើងផលិតផែនទីតំបន់ដាំដុះដំណាំផ្សេងៗទៀត ដូចជា ស្រូវ ពោត កៅស៊ូ ដំឡូងមី មៀនប៉ៃលិន ស្វាយ ទុរេន ម្រេច អំពៅ។ល។ ប្រកបដោយប្រសិទ្ធភាព និងភាពជឿជាក់។ផលិតផលនៃបច្ចេកវិទ្យានេះ ផ្តល់នូវអត្ថប្រយោជន៍ច្រើនដូចជា ការទទួលបានទិន្នន័យត្រឹមត្រូវសម្រាប់សេចក្តីសម្រេចចិត្តផ្នែក គោលនយោបាយ ផែនការយុទ្ធសាស្ត្រ ការវិភាគសក្តានុពលផលិតកម្ម ការវិភាគខ្សែច្រវាក់ផលិតកម្ម និងការវិភាគទីផ្សារ ព្រមទាំងជួយដល់ការវាយតម្លៃប្រសិទ្ធភាពនៃការអនុវត្តកសិកម្មលើសុខភាពដី ប្រព័ន្ធកសិអេកូឡូស៊ី និងការជួយជំរុញឱ្យមានការអភិវឌ្ឍធនធានដឹកសិកម្មប្រកបដោយនិរន្តរភាព ប្រសិទ្ធភាពសេដ្ឋកិច្ច និងបរិស្ថាន។

លោកបណ្ឌិត បានឱ្យដឹងថា តាមលទ្ធផលនៃការសិក្សាវាយតម្លៃបានបង្ហាញថា ក្នុងឆ្នាំ២០២៤ ផ្ទៃដីដាំដុះដំណាំស្វាយចន្ទីទូទាំងប្រទេសកម្ពុជា មានប្រមាណ ៥៨០,១១៧ហិកតា ហើយដំណាំស្វាយចន្ទីដែលស្ថិតក្នុងក្រឡាផ្ទៃនេះជាដំណាំ ដែលមានអាយុកាលផ្តល់ផលផងដែរ។

បន្ថែមពីនេះ ការសិក្សាផលិតផែនទីនេះត្រូវបានធ្វើឡើងក្នុងកម្រិតខេត្ត ហើយសង្កេតឃើញថា ខេត្តកំពង់ធំ មានផ្ទៃដីដាំដុះច្រើនជាងគេគឺប្រមាណ ១៤៧,៧០០ហិកតា បន្ទាប់មកមានខេត្តក្រចេះ ប្រមាណជា ១០២,៥០០ហិកតា និងខេត្តរតនគិរីប្រមាណជា ៩៧,២០០ហិកតា។ ចំពោះព័ត៌មានផ្ទៃដីដាំដុះ សម្រាប់ខេត្តផ្សេងៗទៀតក៏មានដែរលើកលែងតែរាជធានីភ្នំពេញ និងខេត្តកណ្តាល។

លោក ងិន ឆាយ បានរំលេចបន្ថែមថា «តួលេខនេះបង្ហាញថា ផ្ទៃដីដាំដុះដំណាំស្វាយចន្ទីនៅកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៣ បើធៀបនឹងប្រទេសដាំដុះដំណាំស្វាយចន្ទីនៅលើពិភពលោក»។ លោក ស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ ប្រើប្រាស់ជាផ្លូវការនូវទិន្នន័យតាមខេត្តនីមួយៗ ក៏ដូចជាទូទាំងប្រទេសកម្ពុជា។

អគ្គនាយកដ្ឋានកសិកម្ម នៅតែបន្តសិក្សា តាមដាន និងវាយតម្លៃបម្រែបម្រួលផ្ទៃដីដាំដុះដំណាំ ស្វាយចន្ទី និងផលិតផែនទីតំបន់ដាំដុះដំណាំកសិកម្មជាអាទិភាពផ្សេងៗទៀត តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណប។

ជាមួយគ្នានេះ លោកបណ្ឌិតសូមកោតសរសើរយ៉ាងស្មោះចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋានគ្រប់គ្រងធនធានដី កសិកម្មដែលមាន លោកបណ្ឌិត សេង វ៉ាង ជាប្រធាននាយកដ្ឋាន ចំពោះការខិតខំប្រឹងប្រែងប្រកបដោយភាពអត់ធ្មត់ ការទទួលខុសត្រូវខ្ពស់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការអនុវត្តការងារទាំងផ្នែកបច្ចេកទេស និងកិច្ចសហការល្អជាមួយគ្រប់តួអង្គពាក់ព័ន្ធ រហូតទទួលបានជោគជ័យក្នុងការផលិតផែនទីតំបន់ដាំដុះដំណាំស្វាយចន្ទីរបស់កម្ពុជា។

ជាថ្មីម្ដងទៀត លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកម្មវិធី Silva Carbon របស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក អង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO), ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA), កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP-SCALA) Spatial Informatics Group (SIG-GIS) ចំពោះការគាំទ្រជាបន្តបន្ទាប់លើផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងការកសាងសមត្ថភាពស្ថាប័ន ដើម្បីអនុវត្តសកម្មភាពការងារដែលសម្រេចបានសមិទ្ធផលដ៏មានសារៈសំខាន់នេះ៕