(កំពង់ឆ្នាំង)៖ ករណីអធិករណ៍រវាងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តជាមួយព្រះចៅអធិការវត្តទិត្តំរង្សី ហៅវត្តអណ្ដូងប្រេង ស្ថិតក្នុងភូមិជ្រលងកក់ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានសាលាអនុគណស្រុករលាប្អៀរ ចេញរបាយការណ៍ និងកំណត់ហេតុបញ្ជាក់ស្តីពីការដោះស្រាយ ដោយក្នុងរបាយការណ៍ និងកំណត់ហេតុ មានការចុះហត្ថលេខាទទួលស្គាល់ពីព្រះអង្គអនុគណស្រុកព្រះនាមព្រះមេតិ្តសត្ថា វង្ស កុសល ផងដែរ។

យោងតាមរបាយការណ៍ និងកំណត់ហេតុ ដែលសាលាអនុគណស្រុករលាប្អៀរ បានរាយការណ៍ជូនព្រះទេពមុនី សុខ ថាន ព្រះរាជាគណៈថ្នាក់ចត្វាព្រះធម្មវង្សាធិបតី ព្រះមេគណខេត្ត និងបានរាយការណ៍ជូនលោក សរ លាង ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ឆ្នាំង ស្ដីអំពីលទ្ធផល នៃការដោះស្រាយអធិករណ៍វត្តអណ្ដូងប្រេង ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ និងកំណត់ហេតុ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ បានរៀបរាប់បញ្ជាក់ អំពីសកម្មភាពរបស់លោក ឈុំ ឡេង អតីតអនុប្រធានគណៈកម្មការថា បានប្រមូលផ្ដុំគ្នារបស់ពួកគាត់មកបង្ករឿងជាមួយព្រះគ្រូចៅអធិការ និងអាចារ្យគណៈកម្មការនៅក្នុងវត្ត និងបានប្រមូលក្រុមបក្ខពួក អតីតអាចារ្យគណៈកម្មការ មកបង្កអធិករណ៍នៅក្នុងបរិវេណវត្ត។

ក្នុងរបាយការណ៍បានបញ្ជាក់ទៀតថា ខណៈដែលព្រះគ្រូចៅអធិការនិមន្តសម្ដែងព្រះធម៌ទេសនា និងផ្សព្វផ្សាយពីរឿងជំពាក់ប្រាក់លោក ឈុំ ឡេង ចំនួន១០លានរៀល ហើយសងបានចំនួន៥លានរៀល ស្រាប់តែលោក ឈុំ ឡេង បានបើកមេក្រូពីផ្ទះគាត់ស្រែកជេរប្រមាថព្រះគ្រូចៅអធិការ មិនតែប៉ុណ្ណោះថែមទាំងហៅប្រជាការពារមកកាន់ខ្លោងទ្វារវត្តដើម្បីវាយគ្នា។

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ សាលាអនុគណស្រុករលាប្អៀរ និងមន្ត្រីជាប់ពាក់ព័ន្ធព្រមទាំងរដ្ឋបាលឃុំក្រាំងលាវ បានធ្វើលិខិតអញ្ជើញលោក ឈុំ ឡេង ដើម្បីមកបំភ្លឺរឿងដែលកើតឡើងនៅក្នុងវត្ត ផ្ទុយទៅវិញលោក ឈុំ ឡេង បែរជាគេចវេសមិនមកចូលរួមដោះស្រាយតាមសន្តិវិធីនោះឡើយ។

ដោយឡែកនៅក្នុងកំណត់ហេតុ ដែលមានចុះហត្ថលេខាដោយព្រះអនុគណស្រុករលាប្អៀរ ព្រះនាម ព្រះមេត្តិស ត្ថា វង្ស កុសល ជាប្រធានអង្គប្រជុំ និងលេខាកត់ត្រាកំណត់ហេតុ ដោយព្រះនាម នាង ភារុន ដែលនៅក្នុងខ្លឹមសារ កំណត់ហេតុ គឺមានខ្លឹមសារប្រហាក់ប្រហែលគ្នាទៅនិងខ្លឹមសារក្នុងរបាយការណ៍ខាងលើនេះផងដែរ ដោយបានចោទប្រកាន់លោក ឈុំ ឡេង អតីតអនុប្រធានគណៈកម្មការ និងគ្នីគ្នា ថាបានមកបង្កចលាចលមកលើព្រះគ្រូ ចៅអធិការ និងអាចារ្យគណៈកម្មការក្នុងវត្ត និងបានចោទប្រកាន់មកលើឈ្មោះ ឈុំ ឡេង ថាមិនដែលទទួលយកនូវដំណោះស្រាយម្ដងណាទេ ហើយតែងតែបង្កភាពរញ៉េរញ៉ៃមកលើភាគីខាងវត្តអារាម ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំនៅក្នុងវត្តទិត្តំរង្សីខាងលើនេះ។

បញ្ចប់នៃរបាយការណ៍នោះក៏មានការសំណូមពរពីលោកអាចារ្យគណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្តមិនឱ្យលោក ឈុំ ឡេង ប្រមាថមើលងាយព្រះគ្រូចៅអធិការ និងអាចារ្យគណៈកម្មការស្របច្បាប់។ អង្គប្រជុំក៏បានសម្រេចរក្សាទុកព្រះគ្រូចៅអធិការវត្ត អាចារ្យគណៈកម្មការវត្ត នៅដដែល និងបដិសេធរាល់ទង្វើនិងសកម្មភាពរបស់លោក ឈុំ ឡេង និងគ្នីគ្នារបស់គាត់ផងដែរ។

ពាក់ព័ន្ធនឹងករណីការចោទប្រកាន់មកលើឈ្មោះលោក ឈុំ ឡេង ថា បានប្រមូលផ្ដុំគ្នីគ្នាមកបង្ករឿងជាមួយព្រះគ្រូចៅអធិការ និងអាចារ្យគណៈកម្មការវត្ត កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នោះ, លោក ឈុំ ឡេង ដែ លរងការចោទប្រកាន់បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News តាមទូរសព្ទនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ថា ករណីការចោទប្រកាន់មកលើលោក គឺមិនពិតនោះទេ។

លោកបញ្ជាក់ថា តាមពិតកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ លោក និងប្រជាពលរដ្ឋមួយចំនួន បានចូលទៅក្នុងវត្តក្នុងគោលបំណងទៅពិនិត្យដើមស្វាយធំៗដែលត្រូវបានគេកាប់ និងបានទៅផ្ដល់បទសម្ភាសន៍ឲ្យអ្នកសារព័ត៌មាន នៅក្នុងវត្ត ពេលចប់ហើយក៏នាំគ្នាចេញមកផ្ទះវិញ ដោយមិនមានបញ្ហាដូចការចោទប្រកាន់នៅក្នុងរបាយការណ៍នោះឡើយ។ នៅក្នុងថ្ងៃនោះដែរក៏ពុំមានវត្តមានរបស់លោកគ្រូព្រះចៅអធិការគង់នៅក្នុងវត្តនោះឡើយ។

ឯកាចោទប្រកាន់ថា លោកបានដាក់មីក្រូជេរប្រមាថគ្រូចៅអធិការ ហើយថាបានហៅប្រជាការពារមកវាយគ្នានៅក្លោងទ្វារវត្តនោះ។ លោកបានបញ្ជាក់ថា រឿងនេះក៏មិនពិតនោះដែរ បើមានការចោទប្រកាន់បែបនេះ លោកស្នើសុំឱ្យមាន ការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ទើបល្អ។

ឯការចោទប្រកាន់លោកថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ សាលាអនុគណស្រុក និងមន្ត្រីជាប់ពាក់ព័ន្ធព្រមទាំងរដ្ឋបាលឃុំក្រាំងលាវ បានធ្វើលិខិតអញ្ជើញលោកដើម្បីមកបំភ្លឺរឿងដែលកើតឡើងនៅក្នុងវត្តហើយថាលោក បានគេចវេស មិនចូលខ្លួនដោះស្រាយនោះ លោក ឈុំ ឡេង បានបញ្ជាក់ថា យោងតាមលិខិតអញ្ជើញលេខ៣៤៣/២៤ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ គឺបានអញ្ជើញលោកឲ្យចូលរួមដោះស្រាយករណីវិវាទការកាប់ដើមឈើ នៅក្នុងវត្តទិត្តំរង្សី ដែលករណីនេះលោកមិនបានប្ដឹងផ្ដល់រកខុសត្រូវនោះទេ គ្រាន់តែមានការសោកស្ដាយដើមឈើដែលមានអាយុកាលរាប់រយឆ្នាំតែប៉ុណ្ណោះ។

ម្យ៉ាងទៀតមូលហេតុដែលលោកមិនចូលរួមគឺមុនពេលគេយកលិខិតអញ្ជើញមកដល់ លោកបានឃើញព័ត៌មានមួយបានចុះផ្សាយពាក់ព័ន្ធទៅនឹងការកាប់ដើមឈើក្នុងវត្ត។ ក្នុងព័ត៌មាននោះបានបញ្ជាក់ថា ការកាប់ដើម ឈើគឺគេមានច្បាប់ទម្លាប់ត្រឹមត្រូវអស់ហើយ តែច្បាប់សុំត្រឹមណានោះលោកមិនបានដឹងនោះទេ ហើយលោកក៏មិនចង់ដឹងនោះដែរ ព្រោះដើមឈើត្រូវបានកាប់អស់ទៅហើយ។

ជាចុងក្រោយលោក ឈុំ ឡេង បានបញ្ជាក់ប្រាប់ថា ករណីនេះលោកមិនមានការតវ៉ាអ្វីទៀតនោះទេ ដោយសារតែលោក និងប្រជាពលរដ្ឋសរុប១៦៧នាក់ បានផ្ដិតមេដៃដាក់សំណើស្នើសុំអន្តរាគមន៍ពីក្រសួងធម្មការ និងសាសនារួចរាល់ហើយ ហេតុនេះលោក និងប្រជាពលរដ្ឋរង់ចាំតែចំណាត់ការរបស់ក្រសួងធម្មការ និងសាសនាតែប៉ុណ្ណោះ។

លោក ម៉ី ផល្លី អភិបាលរងស្រុករលាបៀរ ដែលបានចូលរួមដោះស្រាយករណីវិវាទខាងលើនេះ បានបញ្ជាក់ប្រាប់អណ្ដាញព័ត៌មាន Fresh News ថា កន្លងមក លោកបានដោះស្រាយតែរឿងការកាប់ដើមឈើតែប៉ុណ្ណោះទេ លោកមិនបានដឹងថា មានការពាក់ព័ន្ធនឹងរឿងអធិករណ៍រផ្សេងទៀតរវាងប្រជាពលរដ្ឋ និងព្រះសង្ឃនោះដែរ។ ចំណែកការកាប់ដើមឈើនោះ លោកបានបញ្ជាក់ថា គេមានច្បាប់ទម្លាប់ត្រឹមត្រូវហើយ។ ឯរឿងអធិករ ណ៍ក្នុងវត្តនេះ លោកនឹងរិះរកនូវគ្រប់ធ្យោបាយ ដើម្បីធ្វើការដោះស្រាយបញ្ចប់រឿងឲ្យបានឆាប់ដោយទទួលបាននូវការឈ្នះឈ្នះទាំងអស់គ្នា។

ជុំវិញករណីខាងលើនេះលោក សរ លាង ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ឆ្នាំង បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ថា ករណីអធិករណ៍នៅក្នុងវត្តអណ្ដូងប្រេង កន្លងមកលោកបានប្រគល់កិច្ចការនេះឲ្យទៅអាជ្ញាធរស្រុក ការិយាល័យសង្គមកិច្ចស្រុក និងលោកព្រះអនុគណស្រុកចុះដោះស្រាយ។ ថ្មីៗនេះលោកទទួលបានរបាយការណ៍ពីសាលាអនុគណស្រុករលាប្អៀរ មកថា ពាក់ព័ន្ធអធិករណ៍នេះដែរ ត្រូវបានដោះស្រាយបញ្ចប់រួចរាល់ ហើយលោកក៏មានការត្រេកអរផងដែរ។

តែប្រសិនបើអធិករណ៍ខាងលើនេះមិនទាន់ត្រូវបានដោះស្រាយបញ្ចប់នៅឡើយនោះទេ។ បើមានពាក្យបណ្ដឹងមកខាងមន្ទីរ លោកនឹងសហការជាមួយសាលាគណខេត្ត សាលាអនុគណស្រុក និងអាជ្ញាធរចុះធ្វើការដោះស្រាយជាប ន្ទាន់ដើម្បីបញ្ចប់រឿងឱ្យបានឆាប់ផងដែរ។ តែករណីអធិករណ៍ខាងលើនេះ បច្ចុប្បន្នបើមានប្រជាពលរដ្ឋបានផ្ដិតមេ ដៃស្នើសុំកិច្ចអន្តរាគមន៍ទៅដល់ក្រសួងធម្មការ និងសាសនាហើយនោះ លោកមិនអាចធ្វើអ្វីបាននោះទេមានតែរង់ ចាំចំណាត់ការរបស់ក្រសួងតែប៉ុណ្ណោះ៕