(ស្វាយរៀង)៖ លោ ប៉េង ពោធិ៍សា អអភិបាលខេត្តស្វាយរៀង បានស្នើ​ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត និងតំណាងសមាគម អង្គការសង្គមស៊ីវិលពាក់ព័ន្ធទាំងអស់ សូមបន្តការចូលរួមសហការ និងគាំទ្រដល់កិច្ចដំណើរការកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះឲ្យបានកាន់តែសកម្មប្រកបដោយផ្លែផ្កាបន្ថែមទៀត ទៅតាមតួនាទី ការទទួលខុសត្រូវ និងតាមវិស័យពាក់ព័ន្ធនានា។

លោកបន្តថា សំដៅឈានទៅសម្រេចបាននូវគោលបំណងរួមរបស់យើង គឺការពង្រឹងគុណភាពសេវា និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រប្រកប ដោយប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងកម្មវត្ថុចម្បង នៃអង្គវេទិកា គឺ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជា​ ឆ្នាំ២០៥០។

ការថ្លែងបែបនេះរបស់លោក ប៉េង ពោធិ៍សា បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញចូលរួមក្នុងពិធីបូកសរុប​ និងបិទវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជា​ ឆ្នាំ២០៥០។

ពិធីបិទវេទិកានេះក៏មានការចូលរួមពីលោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងមន្ត្រីពាក់ព័ន្ធប្រមាណជាង៣០០នាក់ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះវត្តមានលោក លោកស្រី ព្រមទាំងតំណាងសមាគម អង្គការសង្គមស៊ីវិល និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានចំណាយពេលវេលា ដ៏មានតម្លៃអញ្ជើញចូលរួម ប្រកបដោយភាពបុរេសកម្ម ក្នុងវេទិកានេះ​ និងបានដំណើរការទៅដោយរលូន ទទួលបាននូវលទ្ធផលវិជ្ជមាន និងផ្លែផ្កាគួរជាទីមោទនៈ ស្របតាមរបៀបវារៈ គោលបំណង និងផែនការដែលបានគ្រោងទុក ដោយមានការចូលរួម ចែករំលែកនូវមេរៀន បទពិសោធន៍ និងមតិយោបល់យ៉ាងផុលផុសពីសំណាក់សមាជិក សមាជិកា នៃអង្គវេទិកាទាំងមូល ដែលសុទ្ធសឹងជាធាតុចូលដ៏សំខាន់ រួមចំណែកកំណត់បាននូវដំណោះស្រាយ យុទ្ធសាស្ត្រ និងវិធានការគាំទ្រដល់ការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅក្នុងមូលដ្ឋានខេត្តរបស់យើង ឲ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពថែមទៀត ។

លោកបន្តថា​ ក្នុងនាមរដ្ឋបាលខេត្ត ស្នើដល់មន្ទីរ​អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុង​ ស្រុក​ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តនូវដំណោះស្រាយដែលអង្គវេទិកាបានដាក់ចេញប្រកបដោយការទទួលខុស ត្រូវខ្ពស់ និងរៀបចំផែនការ សកម្មភាពដោយ កំណត់ក្របខណ្ឌពេលវេលាអនុវត្តឲ្យបានជាក់លាក់ និងច្បាស់លាស់ ស្របតាមស្មារតីនៃ អង្គវេទិការបស់យើងរយះពេល២ថ្ងៃនេះ។​

ទន្ទឹមនេះក្រុមការងារបច្ចេកទេសខេត្ត ត្រូវចាត់ចែងបូកសរុបរបាយការណ៍ស្ដីពីលទ្ធផល នៃការរៀបចំវេទិកា ដោយបញ្ជាក់ឲ្យបានច្បាស់លាស់នូវបញ្ហាប្រឈមដែលត្រូវដោះសា្រយដោយរដ្ឋបាលខេត្ត និងបញ្ហាប្រឈមដែលត្រូវស្នើ អន្តរាគមន៍ ដោះស្រាយដោយថ្នាក់ជាតិ ដើម្បីផ្ញើជូនទៅ គ.ជ.អ.ប យ៉ាងយូរ២សប្ដាហ៍បន្ទាប់ពីបញ្ចប់វេទិកានៅថ្ងៃនេះ៕