(កណ្តាល)៖ លោក អឿង វណ្ណា ចៅក្រមសាលាដំបូងខេត្តកណ្តាល បានចេញដីកាឃុំខ្លួនជនត្រូវចោទចំនួន៩នាក់ ដាក់ពន្ធនាគារ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ក្រោយកម្លាំងអាវុធហត្ថបង្ក្រាបបាន ស្ថិតក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។

លោក ខា ដែនណា អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានប្រាប់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ជនត្រូវចោទទាំង៩នាក់នេះ ត្រូវបានលោក អ៊ុន សុវណ្ណធានី តំណាងអយ្យការចោទប្រកាន់ពីបទ «ជួញដូរ ចាត់ចែងឲ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន» តាមមាត្រា៤០ ៤២ និង៤៥ ច្បាប់ស្ដីពីគ្រឿងញៀន។

សូមបញ្ជាក់ថា កាលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅ បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ៩នាក់ (ស្រី១នាក់)។ ក្រោយបង្ក្រាប កម្លាំងសមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀន (ម៉ាទឹកកក) ចំនួន៤៨កញ្ចប់, ទូរស័ព្ទ៣គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួន។

ជនសង្ស័យមានឈ្មោះដូចខាងក្រោម៖

*ទី១ ៖ ឈ្មោះ សុទ្ធ រតនា ហៅ ម៉ាប់ ភេទប្រុស អាយុ២៩ឆ្នាំ
*ទី២ ៖ ឈ្មោះ យុន វ៉ាន់ ភេទប្រុស អាយុ២៩ឆ្នាំ
*ទី៣ ៖ ឈ្មោះ សាន សុភ័ក្រ ភេទប្រុស អាយុ១៨ឆ្នាំ
*ទី៤ ៖ ឈ្មោះ បិត ឆូន ភេទប្រុស អាយុ១៨ឆ្នាំ
*ទី៥ ៖ ឈ្មោះ ដេត ម៉ារី ភេទស្រី អាយុ២៧ឆ្នាំ
*ទី៦ ៖ ឈ្មោះ ងន សុង ហៅ តុង ភេទប្រុស អាយុ២៧ឆ្នាំ
*ទី៧ ៖ ឈ្មោះ ប្រាំ យាំងទី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម
*ទី៨ ៖ ឈ្មោះ ឡាច សុខខីម ភេទប្រុស អាយុ៣៤ឆ្នាំ
*ទី៩ ៖ ឈ្មោះ សន សុគាន់ ភេទប្រុស អាយុ៣៤ឆ្នាំ៕