(ព្រះសីហនុ)៖ កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងក្រុមការងារ បានអញ្ជើញទទួលភ្ញៀវទេសចរណ៍ជនជាតិរុស្ស៊ី និងកាហ្សាក់ស្ថាន ដោយផ្ទាល់នៅអាកាសយានដ្ឋាន អន្តរជាតិកងកេងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកស្រីនាយិកាអាកាសយានដ្ឋាន និងតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជាផងដែរ។

ជើងហោះហើរមួយនេះ បាននាំយកអ្នកដំណើរសរុបចំនួន២៣៤នាក់ ក្នុងនោះមានពហុនិកា និងអាកាសយានិក៩នាក់ផងដែរ។។ យន្តហោះបានចុះចតដោយសុវត្ថិភាពនាម៉ោង ៨៖៣០នាទីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤។

លោក ឡុង ឌីម៉ង់ បានថ្លែងថា «ថ្ងៃនេះរដ្ឋបាលខេត្តព្រះសីហនុ មានសោមនរីករាយយ៉ាងខ្លាំង ដោយមានជើងយន្តហោះ ដែលបានហោះដោយផ្ទាល់ពីប្រទេសកាហ្សាក់ស្តង់ ជាប្រទេសនៅតំបន់អឺរុបខាងកើត ឬអាស៊ីកណ្តាល ដែលយន្តហោះនេះមានចំណុះរហូតដល់ចំនួន២៤៣នាក់ ហើយយន្តហោះនេះបានដឹកនាំយកភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ មានជនជាតិរុស្ស៊ី និងកាហ្សាក់ស្ថានមកខេត្តព្រះសីហនុ»

លោកថា ពួកគាត់បានជ្រើសរើសយកទីតាំង នៃខេត្តព្រះសីហនុ ដើម្បីសំរាកលំហែរកំសាន្តជាលក្ខណៈគ្រួសារ ដែលមានទាំងចាស់ ទាំងក្មេង និងកូនតូចៗ។ ខេត្តព្រះសីហនុជាតំបន់ស្រស់ស្អាត មានកោះជាច្រើន ដែលសុទ្ធតែជា កន្លែងទាក់ទាញ។ ជាងនេះទៅទៀត គឺកើតចេញពីការខិតខំប្រឹងប្រែងរួមគ្នា ទាំងអាជ្ញាធរព្រលានយន្តហោះ គណៈគ្រប់គ្រងព្រលានយន្តហោះកងកេងទាំងរដ្ឋបាលខេត្តព្រះសីហនុ និងអាជ្ញាធរគ្រប់លំដាន់ថ្នាក់ ដែលបានខិតខំ ធ្វើយ៉ាងណាទាញទាញភ្ញៀវទេសចរណ៍ឲ្យមកលែងកំសាន្តនៅខេត្តព្រះសីហនុនេះ។

លោកបានប៉ាន់ស្មានថា «នៅក្នុងថ្ងៃនេះ យើងមានភ្ញៀវមួយជើង ថ្ងៃស្អែកយើងមានភ្ញៀវមួយជើងទៀត ថ្ងៃចន្ទមួយជើងទៀត ហើយនៅខែវិច្ឆិកាខាងមុខ យើងនឹងមានយ៉ាងហោចណាស់ក៏ ៣ជើងក្នុងមួយសប្តាហ៍ដែរ។ ពួកគាត់នឹងស្នាក់នៅប្រមាណពី ៥ទៅ ១សប្តាហ៍។ ជាងនេះទៅទៀតពួកគាត់ប្រមាណ ១០ ទៅ ១៥% ក៏នឹងទៅលេងនៅខេត្តសៀមរាបផងដែរ»

បើតាមលោក ឡុង ឌីម៉ង់, នេះសឹងតែជាលើកទី១ ក្រោយពីមានការរាតត្បាតដោយជម្ងឺកូវីដ១៩ ដែលភ្ញៀវមកតាមច្រកនេះជាលក្ខណៈធំជាងគេ។ នេះជាការបង្ហាញពីការយកចិត្តពីកងកម្លាំង អាជ្ញាធរ ចំពោះភ្ញៀងទេសចរណ៍ ដោយយើងបានមកទទួលរាក់ទាក់ដល់ព្រលានជាមួយនិងការការពារសន្តិសុខជូនភ្ញៀវ ដែលធ្វើឱ្យពួកគាត់មានជំនឿទុកចិត្ត៕