(បាត់ដំបង)៖ សំណុំរឿងឃាតកម្មគិតទុកជាមុន ដែលកូនដើមរៀបចំគម្រោងសម្លាប់ឪពុកចុង (ជាមន្ដ្រីនគរបាលចូលនិវត្តន៍) នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីជិត១ឆ្នាំមុន ត្រូវបានសាលាឧទ្ធរណ៍បាត់ដំបង រក្សាទុកជាបានការរបស់សាលាដំបូងខេត្ត ដែលសម្រេចផ្តន្ទាទោសដាក់គុកកូនដើមជាឃាតកនោះ អស់១ជីវិត។ នេះបើតាមការប្រកាសាលដីកាលើសំណុំរឿង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។

សូមរំលឹកថា ឃាតកម្មដែលបានចាក់សម្លាប់ឪពុកចុងបានប្រព្រឹត្តកាលពីម៉ោង៦៖១៣នាទីព្រលប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផ្ទះជនរងគ្រោះនាក្រុមទី៩ ភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ជនជាប់ចោទដែលជាឃាតកមានឈ្មោះ វណ្ណាវី វិជ្ជនៈ (វច្ឆណៈ) ហៅដែន ភេទប្រុស អាយុ៣៦ឆ្នាំ កម្រិតវប្បធម៌អនុបណ្ឌិតនៅប្រទេសអូស្ត្រាលី មុខរបរពុំពិតប្រាកដ ស្នាក់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ចំណែកជនរងគ្រោះមានឈ្មោះ ហៃ សុភ័ក្ត្រ អាយុ៦៥ឆ្នាំ (ជាអនុសេនីយ៍នគរបាលចូលនិវត្តន៍) មុខរបរធ្វើចម្ការ។ ជនរងគ្រោះប្រពន្ធចុង (ម្តាយរបស់ជនជាប់ចោទ) មាននៅទីលំនៅក្រុមទី៩ ភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបញ្ជាក់ថា កាលនៅសាលាដំបូងខេត្តបាត់ដំបង សំណុំរឿងព្រហ្មទណ្ឌនេះមានលេខ៖១៥៩០ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ហើយជាសំណុំរឿងជំនុំជម្រះលេខ៖៣២៧ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤។ បន្ទាប់មកក្រុមប្រឹក្សាជម្រះដែលមានលោកស្រី ហៃ ណៃហេង ជាប្រធាន និងតំណាងអយ្យការគឺលោក ជួង សារ៉ន បានជំនំជម្រះហើយចេញសាលក្រមព្រហ្មទណ្ឌលេខ៩៣១ «គ» ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ដោយសម្រេចថា៖ ១៖ផ្តន្ទាទោសឈ្មោះ វណ្ណាវី វិជ្ជនៈ (វច្ឆណៈ) ហៅដែន ភេទប្រុស អាយុ៣៦ឆ្នាំ ដាក់ពន្ធនាគារ «អស់មួយជីវិត» ពីបទ «ឃាតកម្មគិតទុកជាមុន» ប្រព្រឹត្តនៅចំណុចក្រុមទី៩ ភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ដែលជាបទល្មើសព្រហ្មទណ្ឌមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ, ២៖បង្គាប់ជនជាប់ចោទសងជំងឺចិត្តទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ហៃ លក្ខិណា (កូនស្រីជនរងគ្រោះ) ចំនួន១,០០០លានរៀលជាដើម។

ចំណែកសាលាឧទ្ធរណ៍ដែលមានលោក អ៊ី ឈាង ជាប្រធានក្រុមប្រឹក្សាជំនំជម្រះ និងលោក ហ៊ីង ប៊ុនជា តំណាងមហាអយ្យការ បន្ទាប់ពីជំនំជម្រះសំណុំរឿងនេះ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤កន្លងមក លុះដល់ថ្ងៃទី២៣ ខែតុលា បានចេញប្រកាសសាលដីកាព្រហ្មទណ្ឌ ដោយរក្សាទុកជាបានការរបស់សាលាដំបូងខេត្ត ដែលសម្រេចផ្តន្ទាទោសជនជាប់ចោទ គឺឃាតកដាក់គុក១ជីវិតដដែល។ ប៉ុន្តែបានបន្ថយសំណងជំងឺចិត្តពី១,០០០លានរៀល មកត្រឹម៦០០លានរៀលវិញ។ នៅក្នុងដំណើរការសំណុំរឿង និងជំនំជម្រះទាំងជនជាប់ចោទ និងដើមបណ្តឹងរដ្ឋប្បវេណី សុទ្ធតែមានមេធាវីជាច្រើននាក់ការពារសិទ្ធិរបស់ខ្លួនផងដែរ។

ជាចុងក្រោយ ក្រុមគ្រួសារជនរងគ្រោះសូមគោរពជូនពរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ មន្ត្រីសមត្ថកិច្ចស្ថាប័នអនុវត្តច្បាប់គ្រប់ថ្នាក់ក្រោមដំបូលនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានបំបែកសំណុំរឿងឃាតកម្មគិតទុកជាមុនមួយនេះ ។ នេះជាសក្ខីភាពនៃការផ្តល់នូវជំនឿទុកចិត្ត , ភាពកក់ក្តៅនិងការធានាថា ជនរងគ្រោះតែងតែទទួលបានភាពយុត្តិធម័។ ហើយជនជាប់ចោទ ក៏ទទួលបាននូវផលដែលខ្លួនប្រព្រឹត្តល្មើសផងដែរ ៕