(ភ្នំពេញ)៖​ អគ្គិភ័យបានឆាបឆេះរោងចក្រ​មួយកន្លែង បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២៖១០នាទីយប់រំលងអាធ្រាត​ ថ្ងៃទី២៥​ ខែតុលា​ ឆ្នាំ២០២៤ ស្ថិតចំណុចរោងចក្រ​ ជិន​ យូហ្វេង​ ភែកឃីង​ ខាថិន​ ឯ.ក​ ផលិតក្រដាសកាតុង​ ផ្លូវបេតុង​ ភូមិស្រែកជំរៅ​ សង្កាត់ចោមចៅទី០២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានប្រាប់ឲ្យបណ្តាញព័ត៌មាន​ Fresh News ដឹងថា​ ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២៨គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន២១គ្រឿង ប្រើប្រាស់ទឹកអស់១៨០ឡាន ស្មើរនឹង៧២០ម៉ែត្រគូប​,​ រថយន្តជំនួយមកពីកងពលតូច​ ង៧០​ ចំនួន០៦គ្រឿង​ ប្រេីប្រាស់ទឹកអស់២៤ឡាន​ ស្មេីរនឹង៩៦ម៉ែត្រគូប​ និងរថយន្តរបស់ក្រុមហ៊ុនស្រាបៀរ​កម្ពុជា​ ចំនួន០១គ្រឿង​ ប្រេីប្រាស់ទឹកអស់​០២ឡាន​ ស្មេីរនឹង​១២ម៉ែត្រគូប​។

ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺ​ដែកប្រក់ស័ង្កសី ទំហំ (៤០ម៉ែត្រ x ៨៦ម៉ែត្រ) ឆេះរោងចក្រក្រដាសកាតុង ទំហំ​ (៤០ម៉ែត្រ​ ×​ ៨៦ម៉ែត្រ) ចំនួន០១រោងចក្រ​ រួមទាំងសម្ភារៈអស់ទាំងស្រុង នឹងបានឆេះរាលដាលដល់រោងចក្រកាត់ដេរ​ ទំហំ​ (៤០ម៉ែត្រ​ x​ ៨៦ម៉ែត្រ) ចំនួន ០១រោងចក្រ ខូចខាតអស់ប្រហែល ៤០ភាគរយ និងសម្ភារៈខូចខាតអស់​ ៧០ភាគរយ។ ចំពោះគ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ធ្វើការបាញ់ឲ្យរលត់ទៅវិញ នៅវេលាម៉ោង​១១៖០០នាទីព្រឹកនាថ្ងៃដដែល។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​​ បានបញ្ជាក់ថា​ ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ រកឃេីញថា​ បណ្តាលមកពីការឆ្លងចរន្តអគ្គីសនីនៅបន្ទប់ជាន់ឡៅតឿ នៃរោងចក្រផលិតក្រដាសកាតុងបង្កជាអគ្គិភ័យ។ ដោយឡែក នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ មិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួស ក្នុងគ្រោះអគ្គិភ័យខាងលើនេះឡើយ៕