(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស ដែលបានទទួលអាហារូបករណ៍នៅបន្តសិក្សានៅសាធារណរដ្ឋបារាំង ចំនួន ១២៤រូប និងនិស្សិតដែលកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ដោយមានការអញ្ជើញជាអធិបតី ពីលោក Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា, លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានចែករំលែកនូវបទពិសោធន៍ និងណែនាំពីការរៀបចំខ្លួនដល់និស្សិត ក្នុងការក្រេបយកចំណេះវិជ្ជា និងចំណុចដែលគួរចៀសវាង ដើម្បីបេសកកម្មសិក្សាទទួលបានជោគជ័យប្រកបដោយផ្លែផ្កា។

លោកសាស្ដ្រាចារ្យ ឈាង រ៉ា បានថ្លែងទៅកាន់និស្សិតទៀតថា «ប្រសិនបើយើងសិក្សារៀនសូត្រ ក្នុងមួយថ្ងៃៗជួបនឹងគន្លឹះថ្មីសូមក្មួយៗសរសេរកត់ត្រាទុក ដើម្បីជាឯកសារក្នុងរំលឹកមកវិញ ទោះយើងចំាក៏ដោយ ប៉ុន្ដែនឹងមានពេលណាមួយយើងនឹងភ្លេច»

ជាពិសេសលោកសាស្ដ្រាចារ្យបានណែនាំគន្លឹះសំខានៗចំនួន ៥ ចំណុចពេលទៅទទួលពិសោធន៍ពីការសិក្សានេះ៖

ទី១៖ សូមយកចិត្ដទុកដាក់ និងបើកចិត្ដដើម្បីទទួលយកចំណេះដឹងថ្មី ហើយត្រូវធ្វើខ្លួនជាអ្នកត្រូវទទួលយកទាំងអស់ ទាំងវប្បធម៌ ប្រពៃណី បច្ចេកទេស ឥរិយាបទ ពិសេសត្រូវចេះសម្របខ្លួន ត្រូវសកម្មភាពក្នុងការស្វែងសិក្សា, កសាងមិត្ដភាពជាមួយបណ្ដាមិត្ដទាំងឡាយ
២៖ ត្រូវតែយកចិត្ដទុកដាក់លើការទំនាក់ទំនង សម្រាប់កិច្ចសហប្រតិបត្ដិការ ទាំងនៅទីនោះ និងត្រលប់មកស្រុកយើង

៣៖ ត្រូវស្វែងយល់ពីភាពសប្បូរបែបនៃវប្បធម៌របស់បារាំង (ដើម្បីស្វែងយល់ និងសម្របសម្រួល តែមិនមែនឱ្យភ្លេចនូវវប្បធម៌របស់ខ្លួននោះទេ)

៤៖ ត្រូវខិតខំសិក្សាស្វែងយល់ ចូលរួមគ្រប់កម្មវិធីសិក្សា និងការងារទាំងអស់ដែលមាន ។ជាពិសេសត្រូវចេះរៀបចំខ្លួនរួចជាស្រេច ទាំងឯកសារបែបបទដើម្បីចេញទៅសិក្សានៅទីនោះ និងប្រភពព័ត៌មានផ្សេងៗដើម្បីបង្កើតភាពងាយស្រួលពេលទៅដល់កាន់ទីនោះ រួមទាំងការស្នាក់នៅរៀនសូត្រ

៥៖ ត្រូវយកចិត្ដទុកដាក់ចំពោះដំណើរនៃការសិក្សា និងការងារមួយចំនួន ដោយចេះគ្រប់គ្រងពេលវេលាឱ្យបានត្រឹមត្រូវ និងការថែរក្សាសុខភាព

សម្រាប់ចំណុចគួរចៀសវាង៖

១៖ កុំសម្ងំនៅតែក្នុងចំណោមគ្នាយើង ត្រូវតែចូលទៅបង្កើតទំនាក់ទំនងល្អជាមួយមិត្ដមកពីតាមបណ្ដាប្រទេស ពិសេសបារំាង

២៖ កុំអសកម្ម ត្រូវតែរហ័ស វៀងវៃ និងឧស្សាហ៍

៣៖ កុំភ័យខ្លាច ឬគ្មានទំនុកចិត្ដ គឺត្រូវមានភាពនឹងន រួសរាន់រាក់ទាក់ និងមានទំនុកចិត្ដលើខ្លួនឯង ឱ្យស័ក្កសម ជាបេក្ខភាពមួយល្អ

៤៖ កុំបំពាននឹងបម្រាទាំងឡាយដែលបានកំណត់ (ពិសេសកុំធ្វើឥរិយាបថទៅមុខ ដូចទឹកពេញកែវ)

៥៖ កុំមើលស្រាលទៅលើសុខភាព ត្រូវហូបចុក ការសម្រាកឱ្យបានគ្រប់គ្រាន់ សេពគប់ឱ្យបានប្រសើរ

៦៖ កុំចាំ ដោយធ្វើអ្វីមួយទុកសិន ត្រូវធ្វើអីឱ្យហើយមុន (បើចង់ធ្វើសិស្សពូកែ ត្រូវដើរមុនការបង្រៀនរបស់គ្រូ ហើយត្រូវស្គាល់អាទិភាព មួយណាត្រូវធ្វើមុន និងក្រោយ)។

ជាមួយគ្នានោះលោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក៏បានថ្លែងលើកទឹកចិត្ដដល់និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសនៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល ដែលបានទទួលអាហារូបករណ៍ទៅបន្តសិក្សានៅសាធារណរដ្ឋបារាំង ត្រូវខិតខំរៀនសូត្រ ក្រេបយកចំណេះដឹងទាំងឡាយពីទីនោះ យកមកបម្រើនៅក្នុងវិជ្ជាជីវៈរបស់យើង ប្រកបទៅដោយក្រមសីលធម៌ និងកិត្ដិយស រួមទាំងជាអត្ថប្រយោជន៍សាធារណៈជាចម្បង។

«ក្នុងនាមក្រសួងសុខាភិបាល ខ្ញុំសូមគាំទ្រពេញទំហឹង លើកទឹកចិត្ដក្មួយៗក្នុងបេសកកម្មស្វែងយល់រៀនសូត្រឯកទេសសូមឱ្យបានជោគជ័យ និងមានសុខភាពល្អ ពិសេសនាំយកនូវចំណេះដឹងទាំងនោះ មកចែករំលែកដល់ប្អូននិស្សិតជំនាន់ក្រោយ រួមគ្នាអភិវឌ្ឍប្រទេសយើង»។ ការបញ្ជាក់បន្ថែមរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី។

ឆ្លៀតក្នុងឱកាសនោះដែរ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងពីសក្ខីភាពនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំនិងប្រកបដោយផ្លែផ្ការវាងក្រសួងសុខាភិបាល និងកិច្ចសហប្រតិបត្តិការបារាំងនៅកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្ស និងបង្កើនគុណភាពនៃការអប់រំក្នុងវិស័យសុខាភិបាល។ លើសពីនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងសមត្ថភាពធនធានមនុស្សក្នុងវិស័យសុខាភិបាល សំដៅឱ្យមានសមត្ថភាពខ្ពស់ និងប្រកបដោយសីលធម៌វិជ្ជាជីវៈ។

ក្នុងឱកាសនោះដែរ តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី សូមសំណូមពរ រដ្ឋាភិបាលបារាំង មេត្តាបន្តជួយគាំទ្របន្ថែមទៀត ដល់ការបណ្តុះបណ្តាល ការស្រាវជ្រាវ នវានុវត្តន៍ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ជាពិសេសការផ្តល់អាហារូបករណ៍ដល់និស្សិត សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ ឯកឧត្តមសាស្ត្រាចារ្យបានផ្តល់នូវអនុសាសន៍គន្លឹះដល់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សំដៅកាន់តែប្រសើរថែមទៀតលើនវានុវត្តន៍ ការបណ្តុះបណ្តាល កិច្ចសហប្រតិបត្តិការជាតិ/អន្តរជាតិ និងការស្រាវជ្រាវ។

សូមជម្រាបថា ឆ្នាំ២០២៤នេះ មាននិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស សរុបចំនួន ១២៤នាក់ បានទទួលអាហារូបករណ៍ ទៅបន្តកម្មសិក្សាតាមឯកទេសផ្សេងៗគ្នា តាមបណ្តាមន្ទីរពេទ្យនានានៅប្រទេសបារាំង ក្នុងនោះមាន៖ អាហារូបករណ៍ DFMS ចំនួន ១០៤នាក់ អាហារូបករណ៍ DFMSA ចំនួន ០៥នាក់ អាហារូបករណ៍ Stage associé ចំនួន ១៥នាក់។ កម្មវិធី DFMS/A នេះ គឺជាផ្នែកមួយនៃប្រពៃណីនៃកិច្ចសហប្រតិបត្តិការវេជ្ជសាស្ត្ររវាងប្រទេសបារាំង និងប្រទេសកម្ពុជា ដែលមានរយៈពេលយូរអង្វែងមកហើយ ដោយនៅឆ្នាំ១៩៩៦ នៅពេលដែលកម្មវិធីនេះបានចាប់ផ្តើម មានតែនិស្សិត៦នាក់ប៉ុណ្ណោះ។ នេះតាមការលើកឡើងរបស់លោកសាស្ដ្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល៕