(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ «កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤» និងប្រគល់មេដាយជូនដល់ជ័យលាភី នៅក្នុងបរិវេណសួនអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរាជធានីភ្នំពេញ (TVET Park Phnom Penh)។

ថ្លែងក្នុងពិធីនេះ លោករដ្ឋមន្រ្តី ហេង សួរ បានកត់សំគាល់ថា ដំណើរការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤នេះ បេក្ខជនទាំងអស់បានបង្ហាញពីសមត្ថភាព ទេពកោសល្យ ភាពច្នៃប្រឌិតដ៏អស្ចារ្យតាមរយៈការប្រកួតប្រជែងទៅតាមជំនាញនីមួយៗ ហើយគណៈកម្មការ​បច្ចេកទេសបានផ្តល់នូវសុភវិនិច្ឆ័យយ៉ាងត្រឹមត្រូវ។ ជាពិសេស ក៏មានការចូលរួមដោយសប្បាយរីករាយពីសំណាក់អ្នកចូលរួមទស្សនា និងអ្នកគាំទ្រតាមជំនាញនីមួយៗ ដែលធ្វើឱ្យកម្មវិធីប្រកួតប្រជែងជំនាញបានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ល្អប្រសើរ និងបន្សល់ទុកនូវរូបភាព និងអនុស្សាវរីយ៍យ៉ាងច្រើន។

លោករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថា ការប្រកួតប្រជែងមិនត្រឹមតែចង់បានមេដាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញនូវទេពកោសល្យ ចំណេះដឹង សមត្ថភាព និងជំនាញដើម្បីរៀបចំអនាគតនៃឧស្សាហកម្ម សេដ្ឋកិច្ច និងសង្គមរបស់យើងផងដែរ។ ជាពិសេស បេក្ខជនទាំងអស់នឹងក្លាយជាធនធានមនុស្ស និងមូលធនមនុស្សសម្រាប់កម្ពុជា ពោរពេញដោយសមត្ថភាព គុណភាព ចំណេះជំនាញ ក្នងការរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយសមធម៌ និងបរិយាបន្ន។

ទន្ទឹមនេះ លោករដ្ឋមន្រ្តី ហេង សួរ ក៏បានផ្តល់អនុសាសន៍ដល់ជ័យលាភីមេដាយមាសទាំង៧គ្រឿង ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីត្រៀមខ្លួន ជាបេក្ខជនតំណាងប្រទេសជាតិ ចូលរួមការប្រកួតប្រជែងជំនាញអាស៊ាន លើកទី១៤ ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីនខាងមុខ ដើម្បីនាំកិត្តិយសជូនប្រទេសជាតិ ឱ្យល្បីល្បាញលើឆាកអន្តរជាតិ។

សូមបញ្ជាក់ថា តាមរយៈការបូកសរុបពិន្ទុរបស់គណៈកម្មការ មានបេក្ខជនជ័យលាភីទទួលបានមេដាយមាសចំនួន ៧គ្រឿង (នារី ១រូប) ក្នុងនោះចំនួន៥គ្រឿងជាបុគ្គល និង២គ្រឿងជាក្រុម, ទទួលបានមេដាយប្រាក់ចំនួន ១៣គ្រឿង (នារី ១រូប)ក្នុងនោះចំនួន១១គ្រឿងជាបុគ្គល និង២គ្រឿងជាក្រុម, ទទួលបានមេដាយសំរឹទ្ធិចំនួន ៥គ្រឿង និងទទួលបានវិញ្ញាបនបត្រល្អប្រសើរចំនួន៤៧រូប (នារី ៥រូប)។ ជ័យលាភីដែលទទួលចំណាត់ថ្នាក់ទទួលបានមេដាយបានទទួល​រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាល ដូចជា៖
* មេដាយមាស ទទួលបានប្រាក់រង្វាន់ចំនួន ៣លានរៀល
* មេដាយប្រាក់ ទទួលបានប្រាក់រង្វាន់ចំនួន ២លានរៀល
* មេដាយសំរឹទ្ធិ ទទួលបានប្រាក់រង្វាន់ចំនួន ១លានរៀល៕