(ភ្នំពេញ)៖ ទោះបីមានការផ្សព្វផ្សាយអប់រំណែនាំ ពាក់ព័ន្ធនិងការទប់ស្កាត់ ការការពារ ជីករុករក ជួញដូរវត្ថុបុរាណដោយខុសច្បាប់កន្លងមកនៅក្នុងមូលដ្ឋានហើយក្តី មួយរយៈកាលក្នុងឆ្នាំ២០២៤ មកនេះបទល្មើសនៃការជីកកាយផ្នូរបុរាណរកវត្ថុមានតម្លៃ នៅតែកើតមានបន្តបន្ទាប់ ជាពិសេសក្នុងរដូវភ្លៀង ក្នុងភូមិសាស្ត្រស្រុកបន្ទាយអំពិល។

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ បានឲ្យដឹងថា តាមការចុះស្រាវជ្រាវផ្ទាល់ពីក្រុមការងារមន្ទីរឃើញថា ដីផ្នូរបុរាណខ្លះមានការលួចជីកពី១០ ទៅ៣០រណ្តៅ ក្នុងមួយទួលៗ។

យោងតាមច្បាប់ ស្តីពីកិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌អ្នកបំផ្លិចបំផ្លាញដោយចេតនាក្តី និងអចេនាក្តីគឺត្រូវទទួលទោសជាធរមាន។

មាត្រា ៦៣ កំណត់ថា៖

* ក. ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ៥ឆ្នាំ ព្រមទាំងពិន័យជាទឹកប្រាក់តាមតម្លៃ ដែលអ្នកជំនាញបានប៉ាន់ស្មាន ចំពោះជនណា ដែលបានប្រព្រឹត្តល្មើសដោយធ្វេសប្រហែសក្នុងប្រការដូចបានរៀបរាប់ខាងក្រោមនេះ៖

- លក់ ឬផ្ទេរកម្មសិទ្ធិ ប្តូរទីតាំង បំផ្លាញចោល ពព្រិចពង្រិល បំផ្លែងរូបរាង ឬជួសជុលស្ថាបនាឡើងវិញនូវសម្បត្តិវប្បធម៌ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌ ដោយមិនបានជូនដំណឹងជាមុន។
- មិនបានរក្សាការពារដោយត្រឹមត្រូវនូវសម្បត្តិវប្បធម៌ ដែលបានចាត់ថ្នាក់រួចហើយ ដែលខ្លួនជាម្ចាស់កម្មសិទ្ធិ(មាត្រា២៥)។
- ធ្វើ ឬប៉ុនប៉ងធ្វើដោយគ្មានច្បាប់អនុញ្ញាតនូវការងារទាំងឡាយណា ដែលច្បាប់តម្រូវឱ្យ មានការអនុញ្ញាត (មាត្រា៣១ និង៤០)។

* ខ. ជនណា ដែលប្រព្រឹត្តបទល្មើសដោយចេតនាដូចចំណុចរៀបរាប់ខាងលើ ត្រូវទទួលទោសជាប់ពន្ធនាគារពី ២ឆ្នាំ ដល់ ៨ឆ្នាំ និងពិន័យទ្វេគុណនៃតម្លៃសម្បត្តិវប្បធម៌នោះ តាមដែលអ្នកជំនាញបានប៉ាន់ស្មាន។

ក្នុងករណីខ្លះដូចមានចែងក្នុងចំណុច ក និង ខ ខាងលើនេះ ទោសនេះគ្រាន់តែជាប់ពន្ធនាគារ ឬគ្រាន់តែបង់ប្រាក់ពិន័យ៕