(សៀមរាប)៖ គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី«ការលើកកម្ពស់ចំណេះដឹង ជំនាញ និង ការចាប់យកឌីជីថលនៅកម្ពុជា» ដើម្បីផ្សព្វផ្សាយចំណេះដឹងអំពីបច្ចេកវិទ្យាឌីជីថល ជំនាញ និង សារៈសំខាន់នៃការចាប់យកឌីជីថលនៅក្នុងយុគ​សម័យសេដ្ឋកិច្ចឌីជីថលដល់យុវជនកម្ពុជា។

សិក្ខាសាលានេះ បានរៀបចំឡើងនាថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៤ ​នៅសណ្ឋាគារ រូយ៉ាល់អង្គររីសត ខេត្តសៀមរាប​ ​ក្រោមការឧបត្ថម្ភពីមូលនិធិនៃការកសាងសមត្ថភាព និង ការស្រាវជ្រាវ និង ការអភិវឌ្ឍលើវិស័យ ទូរគមនាគមន៍ និង បច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មាន (មូលនិធិ ស.អ.) នៃក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកស្រី ផល ម៉ារីណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈ​កម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និង ជាតំណាង លោកបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការនៃ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល។ សិក្ខាសាលាផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមពីតំណាងសមាគម វិស័យឯកជន សាកល- វិទ្យាល័យ និង សិស្ស និស្សិត សរុបប្រមាណ ១០០ នាក់។
​សិក្ខាសាលាផ្សព្វផ្សាយនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ ចំនួន ៣ គឺ៖ ១) ជំរុញការ ផ្សព្វផ្សាយចំណេះដឹងអំពីបច្ចេកវិទ្យាឌីជីថល ជំនាញ និង សារៈសំខាន់នៃការចាប់យកឌីជីថលនៅក្នុងយុគ​សម័យសេដ្ឋកិច្ចឌីជីថល, ២) ចែករំលែកទស្សនទាន គំនិតនវានុវត្តន៍ និង បទពិសោធន៍ជាក់ស្តែងពីអ្នកជំនាញ និង សហគ្រិន​ និង ៣) កសាងបណ្តាញទំនាក់ទំនងនិងសហគមន៍ធុរកិច្ចឌីជីថលនៅកម្ពុជា។

ជាលទ្ធផល សិក្ខាសាលាផ្សព្វផ្សាយនេះបានប្រព្រឹត្តទៅដោយរលូន និង ទទួលបាននូវលទ្ធផលគាប់ ប្រសើរដូចការរំពឹងទុក ថែមទាំងទទួលបាននូវធាតុចូលល្អៗជាច្រើន តាមរយៈការចែករំលែកទស្សនទាន, គំនិត នវានុវត្តន៍ និង បទពិសោធន៍ល្អៗជាក់ស្តែងពីសំណាក់ថ្នាក់ដឹកនាំ វាគ្មិនកិត្តិយស និង អ្នកចូលរួមទាំងអស់៕