(កំពង់ធំ)៖ លោក នួន ផារ័ត្ន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានថ្លែងថា «គណបក្សប្រជាជនកម្ពុជា ជាគណបក្សរបស់ប្រជាជន ធ្វើអ្វីៗដើម្បីប្រជាជន»។ ការថ្លែងបែបនេះ បានធ្វើឡើងនៅក្នុង ពិធីសំណេះសំណាលជាមួយសមាជិកសមាជិកា គណបក្សនានាដែលបានស្ម័គ្រចិត្ត ចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាចំនួន៤១៤នាក់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ។

លោកបន្ថែមថា បងប្អូនដែលមានវត្តមាននៅទីនេះ សុទ្ធសឹងតែជាសមាជិកសមាជិកាគណបក្សផ្សេង ហើយបានសម្រេចចិត្តមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។ នេះជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវដែលយើងត្រឡប់ មករួមរស់ក្នុងក្របខណ្ឌមហាគ្រួសារគណបក្សប្រជាជនកម្ពុជា ដែលមានសមាជិកសមាជិការហូតដល់ជាង៦លាននាក់ ហើយក៏ជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវនៅក្នុងកាលៈទេសៈបច្ចុប្បន្ននេះដែរ។

លោកបានបន្ថែមទៀតថា «នៅប្រទេសកម្ពុជាយើង មិនមានគណបក្សណាដែលកសាងសមិទ្ធផលជាច្រើន ដូចគណបក្សប្រជាជនកម្ពុជានោះទេ។ មេដឹកនាំគណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានគណបក្សប្រជាជន នៅផ្សាភ្ជាប់ជាមួយនឹងប្រជាជននៅគ្រប់កាលៈទេសៈ។ ទីណាមានទុក្ខលំបាក ទីនោះតែងតែមានមន្ត្រី គណបក្សប្រជាជនចុះទៅជួយជានិច្ច»៕