(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដួចផ្ដើមការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមប្រធានបទ «យើងរួមគ្នាលើកស្ទួយជួយគុនខ្មែរ» ក្នុងគោលបំណងរកសប្បុរសជន ដើម្បីជួយគាំទ្រដល់វិស័យគុនខ្មែរ ដែលកំពុងមានការគាំទ្រយ៉ាងផុសផុល ពីសំណាក់ប្រជាពលរដ្ឋខ្មែរ។

កម្មវិធីនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នាកីឡដ្ឋានមជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ ចាប់ពីម៉ោង៣រសៀលតទៅ។ ក្រៅពីផ្ដួចផ្ដើមហើយសម្ដេចតេជោ ហ៊ុន សែន ក៏បានចូលរួមចំណែកលើក ស្ទួយគុនខ្មែរ តាមរយៈថវិកាផ្ទាល់របស់សម្ដេចចំនួន១០០លានរៀលផងដែរ។ ដោយឡែកសម្តេចពិជ័យសេនា ទៀ បាញ់ បានឧបត្ថម្ភ២០លានរៀល និងអ្នកឧកញ៉ា លាង ម៉េង បានឧបត្ថម្ភ២០០លានរៀលផងដែរ។

ព្រឹត្ដិការណ៍ប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមប្រធានបទ «យើងរួមគ្នាលើកស្ទួយជួយគុនខ្មែរ» គឺជាការប្រកួតមួយ ធ្វើឡើងដើម្បីប្រមូលថវិកាសប្បុរសធម៌ស្ម័គ្រចិត្ត ពីសប្បុរសជនគ្រប់ទិសទី យកទៅជួយដល់ក្លិបប្រដាល់ដែលមានការខ្វះខាត និងកំពុងជួបប្រទះការលំបាកគ្មានកន្លែងហ្វឹកហាត់។

លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាប្រធានក្រុមបាល់ទាត់អ្នកប្រដាល់គុនខ្មែរ បានបញ្ជាក់ថា តាមការចូលទៅដល់ និងសិក្សានៅតាមបណ្ដាខេត្តនានា លោកបានឃើញផ្ទាល់នូវការខ្វះខាត និងផលលំបាក របស់ក្លិបជាច្រើន ដូចជា៖ ទីកន្លែងហ្វឹកហាត់ សម្ភារ និងថវិកាជាដើម ប៉ុន្តែពួកគាត់មានកម្លាំងកាយចិត្តតស៊ូ នៅក្នុងហ្វឹកហាត់។

លោកបន្ដថា ថវិកាដែលប្រមូលបានពីសប្បុរជន តាមរយៈព្រឹត្តិការណ៍បាល់ទាត់មិត្ដភាពសប្បុរសធម៌នេះ នឹងយកទៅចែកជូនដល់បណ្តាក្លិបប្រដាល់គុនខ្មែរ ដែលមានការលំបាក ក្នុងនោះក៏មានការជួយសាងសង់ ដល់ទីកន្លែងហ្វឹកហាត់ និងជួសជុលក្លឹប ដើម្បីផ្តល់នូវជម្រកហ្វឹកហាត់របស់កីឡាករ-កីឡាការិនីខ្មែរគុនខ្មែរឲ្យបានសមរម្យ។

ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានអំពាវនាវសប្បុរសជនគ្រប់ទិសទី ចូលរួមផ្ដល់ជាថវិកាសប្បុរធម៌ ទោះតិចក្ដីច្រើនក្ដី និងសូមជួយគាំទ្រឧបត្ថម្ភដល់ក្លិបប្រដាល់គុនខ្មែរ ដែលខ្វះខាត ដោយចូលរួមតាមរយៈក្រុមការងារ របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចាប់ពីថ្ងៃប្រកាសជូនដំណឹងនេះ រហូតដល់ថ្ងៃប្រកួត ដើម្បីជួយលើកកម្ពស់អភិវឌ្ឍដល់ក្លិបប្រដាល់ ដែលកំពុងបណ្តុះបណ្តាលធនធានកីឡាករគុនខ្មែរបន្ដវេន។

ការប្រកួតនេះ គឺជាមហាកិត្ដិយស ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលកន្លងមកសម្ដេចតែងតែយកចិត្តទុកដាក់ លើគ្រប់វិស័យ ជាពិសេសវិស័យ កីឡាប្រដាល់គុនខ្មែរ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែជួយគាំទ្រ និងឧបត្ថម្ភដល់វិស័យកីឡាប្រដាល់គុនខ្មែរនេះ ប្រកបដោយបេះដូងមនុស្សធម៌ របស់សម្តេចទាំងទ្វេរ។

សូមជម្រាបថា ការប្រកួតមាន២ប្រកួត គឺចាប់ពីម៉ោង៣រសៀល ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នៅកីឡដ្ឋានយោធាកងយុទ្ធពលខេមរភូមិន្ទ (ស្តាតចាស់)។

*ប្រកួតទី១៖ ក្រុមបាល់ទាត់តារាកម្ពុជាឈុត B ត្រូវជួបជាមួយក្រុមអ្នកអត្ថាធិប្បាយប្រដាល់គុនខ្មែរ
*ប្រកួតទី២៖ ការជួបគ្នារវាងក្រុមបាល់ទាត់តារាកម្ពុជាឈុត A ជាមួយនឹងក្រុមកីឡាប្រដាល់គុនខ្មែរ៕