(ភ្នំពេញ)៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានរៀបចំកម្មវិធី «ដំណើរទស្សនកិច្ចសិក្សាអំពីប្រព័ន្ធគ្រប់គ្រងរថយន្តគិលានសង្គ្រោះ (Ambulance & SAMU) ក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារសម្របសម្រួលការគ្រប់គ្រងរថយន្តគិលាន ដែលមានការចូលរួមពីមន្ទីរពេទ្យថ្នាក់ជាតិទូទាំងប្រទេស នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤។

លោកសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានថ្លែងថា ថ្ងៃនេះជាលើកដំបូង និងជាលើកទី១ ដែលមន្ទីរមិត្តភាពខ្មែរ-សូវៀត បានរៀបចំការទទួលនៃដំណើរទស្សនកិច្ចសិក្សា អំពីប្រព័ន្ធគ្រប់គ្រងរថយន្តគិលានសង្គ្រោះ របស់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងប្រធាន អនុប្រធានមន្ទីរពេទ្យ ព្រមទាំងមន្ត្រីផ្នែករថយន្តគិលានសង្គ្រោះពីបណ្ដាមន្ទីរពេទ្យជាតិទាំង៨ នៅទូទាំងប្រទេសកម្ពុជា។

ក្នុងនោះរួមមាន មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យមិត្ដភាពកម្ពុជា-ចិនព្រះកុសុមៈ, មន្ទីរពេទ្យកុមារជាតិ, មន្ទីរពេទ្យហ្លួងម៉ែ, មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្ដីសង្ឃឹម, មន្ទីរពេទ្យជាតិ តេជោសន្ដិភាព, មន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬគន្ធបុប្ផាទី៣ ខេត្តសៀមរាប រួមទាំងមជ្ឈមណ្ឌលគាំពាមាតា និងទារក និងមជ្ឈមណ្ឌលជាតិ កំចាត់រោគរបេង និងហង់សិន។

«នេះជាមោទនភាពរបស់មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ពិសេសមន្ត្រីរាជការ និងបុគ្គលិកនៅផ្នែករថយន្តគិលានសង្គ្រោះនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលជាឱកាសឱ្យយើងអាចចែករំលែកទៅវិញទៅមក នូវចំណេះដឹង បទពិសោធន៍ល្អៗក្នុងការងារបម្រើសេវាសុខាភិបាល ពិសេសការងារបំរើសេវាសង្គ្រោះបន្ទាន់ ជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា ក៏ដូចជាការដំណើរការគ្រប់គ្រងប្រព័ន្ធការងារទទួល និងបញ្ជូនអ្នកជំងឺការគ្រប់គ្រងបុគ្កលិក ថែរក្សា និងការថែទាំសម្ភារៈ និងរថយន្តផងដែរ ពិសេសចែករំលែកនូវការគ្រប់គ្រង និងដោះស្រាយបញ្ហាពេលគ្រោះមហន្តរាយ និងគ្រោះអាសន្នផ្សេងៗ»។ ការបញ្ជាក់បន្ថែមរបស់លោកសាស្ដ្រាចារ្យ ងី ម៉េង។

តាមការឱ្យដឹងរបស់លោកវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារសម្របសម្រួលការគ្រប់គ្រងរថយន្តគិលានសង្គ្រោះមន្ទីរពេទ្យ បានឱ្យដឹងថា «មន្ទីរពេទ្យថ្នាក់ជាតិ មានរថយន្ដគិលានសង្គ្រោះសរុប ចំនួន ១១៥គ្រឿង និងមន្ទីរពេទ្យថ្នាក់ក្រោមជាតិ ៥៦០គ្រឿង ដូចនេះរថយន្ដគិលានសង្គ្រោះនៅទូទាំងប្រទេស សរុប ចំនួន ៦៧៥គ្រឿង»

ក្រោមការចង្អុលបង្ហាញពីលោកសាស្ត្រាចារ្យរដ្ឋមន្ត្រីសុខាភិបាល បានឱ្យរៀបចំពិធីនេះឡើង ក្នុងគោលបំណងពង្រឹងសមត្ថភាពប្រព័ន្ធបញ្ជូន (Ambulance & SAMU) អ្នកជំងឺប្រកបដោយសុវត្ថិភាព និងការចែករំលែកបទពិសោធន៍ និងចំណុចខ្លាំង ពីមន្ទីរពេទ្យជាតិមួយទៅមន្ទីរពេទ្យជាតិមួយទៀត។ ការពង្រឹងសមត្ថភាពនេះ មិនមែនតែផ្នែកនេះមួយនោះទេ គឺគ្រប់ផ្អែក រួមទាំងផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកសេវាអមវេជ្ជសាស្ដ្រផងដែរ៕