(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចុះសួរសុខទុក្ខ និងនាំយកអាវរងាដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បណ្តាអង្គភាពឈរជើងនៅតាមព្រំដែន ទិសយោធភូមិភាគពិសេស នៅទីបញ្ជាការយោធភូមិភាគពិសេស និងបណ្តាអង្គភាពចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១។

លោកឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការយោធភូមិភាគពិសេស និងលោកឧត្តមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ បានសម្ដែងនូវការដឹងគុណយ៉ាងក្រៃលែងជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ និងគិតគូរពីសុខទុក្ខរបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ជាប់ជាប្រចាំ។

ថ្លែងក្នុងពិធីសំណេះសំណាល នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ, នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកស្រី ផ្ញើជូននាយទាហាន ពលទាហាន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងភារកិច្ចការពារបូរណភាពទឹកដី។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានណែនាំឱ្យថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន បន្តយកចិត្តទុកដាក់ការពារបូរណភាពទឹកដី ប្រកបដោយការស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ ថែរក្សាគ្រឿងបំពាក់ រក្សាការសម្ងាត់ និងសេចក្តីថ្លៃថ្នូររបស់កងទ័ព និងបានក្រើនរំលឹកថា អភិក្រមទាំង៥ រួមមាន ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ដែលបានដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៅតែមានតម្លៃដ៏វិសេសក្នុងការដាស់តឿនថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់កម្រិតឱ្យពិនិត្យនិងកែលម្អខ្លួនជា ប្រចាំឱ្យស័ក្តិសមជាមន្ត្រីបម្រើជាតិ និងប្រជាជន។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានលើកទឹកចិត្តដល់យោធិនគ្រប់រូបឲ្យបន្តចូលរួមកែទម្រង់ឲ្យបានជាប្រចាំ ទាំងផ្នែកសម្ភារ គ្រឿងបំពាក់ និងធនធានមនុស្ស ជាពិសេសការផ្ទេរចំណេះដឹងសមត្ថភាពជំការដឹកនាំបញ្ជាទៅអ្នកជំនាន់ក្រោយ និងត្រូវបន្តអនុវត្តកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ចូលរួមពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្រ្កាបរាល់បទល្មើសគ្រប់ប្រភេទ ចៀសឆ្ងាយការរំលោភដីរដ្ឋ ត្រូវការពារដីរដ្ឋ ព្រោះដីរដ្ឋគឺជាដីរួមរបស់ប្រជាពលរដ្ឋមួយប្រទេស៕