(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកំពត នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមសមាជិកាសកម្ម នៃសាខាខេត្តកំពត ប្រមាណ១០០នាក់ ទៅបោះជំរំលើកទី៣ ប្រចាំឆ្នាំ២០២៤ ប្រព្រឹត្តទៅរយៈពេល ៣យប់ ៤ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ តុលា ឆ្នាំ២០២៤ នៅទីតាំងភូមិសាស្ត្រនៃចំការតាកែនកោះស្លា ស្រុកឈូក ខេត្តកំពត ក្រោមប្រធានបទ «យុវតីយើង អនាគតអ្នកដឹកនាំយើង»។

នាឱកាសក្នុងការបោះជំរំខាងលើ លោកស្រី គង់ ទិត្យធីតា អនុប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកំពត បានលើកឡើងឱ្យដឹងថា ការបោះជំរំនេះ បានឆ្លុះបញ្ចាំងឱ្យយុវតីកាយឫទ្ធិនារីកម្ពុជា ទទួលបានបទពិសោធន៍ធ្វើការងារជាក្រុម ដើម្បីសម្រេចបាននូវគោលដៅរួម ដែលជាមេរៀនដ៏សំខាន់មួយសម្រាប់អនុវត្តក្នុងជីវិតពិត។

កម្មវិធីដុតភ្លើងគប់ គឺជាផ្នែកមួយដ៏សំខាន់នៅក្នុងការបោះជំរំ ដែលអត្ថន័យនៃការដុតភ្លើងគប់ គឺចង់បង្ហាញឱ្យសមាជិកាបានស្គាល់ពីកម្លាំងនៃអំណាចភ្លើង ដែលប្រៀបបាននឹងកម្លាំងដ៏ពុះកញ្រ្ជោលរបស់កុមារី និងយុវតីនៃសមាគមកាយឫទ្ធិនារីកម្ពុជា គឺរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីទទួលបាននូវភាពរីកចម្រើន និងការអភិវឌ្ឍទាំងអស់គ្នា។

ក្នុងឱកាសនោះ លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន បានលើកឡើងថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ប្រកបដោយបទពិសោធន៍ និងគោលដៅជាក់លាក់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា គឺសមាគម សម្រេចបាននូវវឌ្ឍនភាពការងារ និងសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់។

សមាគមកាយឫទ្ធិនារីកម្ពុជា គឺជាសមាគមក្រៅរដ្ឋាភិបាលមួយ ដែលមានទិសដៅលើកកម្ពស់ ការអប់រំដល់កុមារី និងយុវតី ឱ្យក្លាយទៅជាពលរដ្ឋល្អ ទទួលបាននូវចំណេះដឹងបទពិសោធន៍ ទាំងជីវិតការងារ និងការងារសង្គមដោយបានផ្តល់ឱកាស និងលទ្ធភាពធ្វើការរួមគ្នា ដើម្បីផលប្រយោជន៍សង្គម។ លើសពីនេះយុវតីដែលជាសមាជិករបស់សមាគមកាយឫទ្ធិនារីកម្ពុជា ត្រូវបានបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំការធ្វើការជាក្រុម ដើម្បីក្លាយជាធនធានដ៏ល្អ ជួយអភិវឌ្ឍប្រទេសជាតិ។

ថ្លែងក្នុងពិធីបោះជំរំខាងលើ លោកបណ្ឌិត ម៉ៅ ធនិន បានលើកឡើងថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា សម្រេចលទ្ធផលជាច្រើន ពិសេសធ្វើអោយមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ទទួលស្គាល់ថាសមាគមកាយឫទ្ធិនារីកម្ពុជាពិតជាបានបំពេញតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយគ្មានការប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ពណ៌សម្បុរនោះឡើយ។ ទន្ទឹមនឹងនេះដែរ ការបោះជំរំនេះ គឺជាវិធីសាស្រ្តអប់រំយ៉ាងមានប្រសិទ្ធភាពសម្រាប់ក្មួយៗ ដែលជាយុវតីកាយឬទ្ធិនារីកម្ពុជា ដែលបានផ្លាស់ប្តូរជាវិជ្ជមានលើឥរិយាបថ ក្នុងការសិក្សា សីលធម៌ ការរស់នៅល្អ និងមានឧត្តមគតិស្រឡាញ់ធម្មជាតិ និងស្រឡាញ់ប្រទេសជាតិ ព្រមទាំងឱ្យកូនក្មួយទាំងអស់ ចេះរួមសាមគ្គីគ្នានៅពេលកំពុងបោះជំរំ តាមពាក្យចាស់លោកពោលថា «នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយជាមួយ»។

លោកអភិបាលខេត្ត ក៏បានស្នើដល់កូនក្មួយដែលជាសមាជិកា សមាគមកាយឫទ្ធិនារីកម្ពុជាខេត្តកំពត ដែលបានមកចូលរួមក្នុងពិធីបោះជំរំនេះ គឺទទួលបានបទពិសោធន៍ ពេលត្រឡប់ទៅវិញត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រឱ្យបានពូកែ ដើម្បីក្លាយជាធនធានមនុស្ស សម្រាប់ចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ និងបំរើប្រជាជន នាពេលអនាគត។ ហើយយើងទាំងអស់គ្នាត្រូវរៀនសួរខ្លួនឯងថា «តើយើងមកពីណា ហើយត្រូវធ្វើអ្វី» ដើម្បីតបស្នងសងគុណទឹកដីកំណើតរបស់យើង និងសងគុណអ្នកដែលរកសុខសន្តិភាព មកឱ្យយើង គឺសម្តេចតេជោ ហ៊ុន សែន៕