(បន្ទាយមានជ័យ)៖ លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អភិបាលរងខេត្ត រដ្ឋបាលក្រុង ស្រុក ប្រធានមន្ទីរជុំវិញខេត្ត អង្គភាពទាំង៣ នាល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ម្សិលមិញ បានកាត់ខ្សែបូណ៍ដាក់ឱ្យដំណើរការ ដាក់តាំងលក់ទំនិញពិព័រណ៍ភូមិ១​ ផលិតផល១ ដើម្បីអបអរសាទរពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ដែលមានរយៈពេល៤ ថ្ងៃចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ក្នុងនោះមានស្តង់ ភូមិ១ ផលិតផល១ ចំនួន៧៤ ស្តង់ ស្ថិតនៅសួនមានជ័យ ភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

ក្នុងនោះលោក អ៊ុំ រាត្រី បានថ្លែងថា ពិធីតាំងពិព៌ណពាណិជ្ជកម្ម ភូមិ១ ផលិតផល១ ដែលមានអាជីវករខ្មែរ ដាក់ឥវ៉ាន់លក់ក្នុងស្តង់មានចំនួន៧៤ស្តង់ បានបង្ហាញពី ភូមិ១ ផលិតផល១ យ៉ាងសកម្ម។

លោក អ៊ុំ រាត្រី បានបញ្ជាក់ថា ដោយមានកិច្ចសហការពីរដ្ឋបាលខេត្តបន្ទាយមានជ័យ និងមន្ទីរពាក់ព័ន្ធក្នុងនោះបានដំណើរការតាំងពិរព័ណ៍ភូមិ១ ផលិតផល១នេះ ប្រព្រឹត្តិទៅបានដោយជោគជ័យ ក្នុងនោះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ និងមន្ទីរ អង្គភាព ដៃគូ ក្រុមហ៊ុន និងអ្នកពាក់ព័ន្ធបានរៀបចំសម្អាត អនាម័យ តុបតែងលំអ តាមទីសាធារណៈ តាមដងផ្លូវទាំងសម្រាប់ពេលថ្ងៃ ទាំងសម្រាប់ពេលយប់ គឺពេលយប់ មានការតាំងភ្លើងលម្អភ្លឺរន្ទាល ចម្រុះពណ៌ផងដែរ ចំណែកសន្តិសុខ សណ្តាប់ធ្នាប់វិញមាន របៀបរៀបរយ ស្ថេរភាពនយោបាយពេញលេញ ចំពោះក្នុងនៅតាមដងស្ទឹងសិរីសោភ័ណក្បែរស្ពានថ្ម ក៏មានការបណ្តែតប្រទីបនៃមន្ទីរ អង្គភាព រដ្ឋបាលលក្រុង ស្រុក ដល់ទៅចំនួន៣៩ កើនជាងឆ្នាំមុនសម្រាប់ឱ្យប្រជាពលរដ្ឋបានមកទស្សនាកម្សាន្តសប្បាយផងដែរ។

លោក អ៊ុំ រាត្រី បានឱ្យដឹងថា ដោយសារប្រទេសជាតិកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋបានធ្វើបុណ្យទាន និងដើរកម្សាន្តសប្បាយទៅកាន់ទីជិតឆ្ងាយក្នុងខេត្ត និងទៅកាន់បណ្តាខេត្តក្នុងនោះក៏មានកងកម្លាំង គ្រប់កងឯកភាពត្រូវបន្តពង្រឹងសន្តិសុខ សុវត្តិភាពទៅតាមគោលដៅរបស់ខ្លួនដើម្បីការពារសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋទៅកម្សាន្តនានាផងដែរ៕