(បន្ទាយមានជ័យ)៖ ថ្ងៃទី១ នៃពិធីប្រណាំងទូកង ពោលគឺថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ឃើញថាប្រជាពលរដ្ឋសម្រុកមកពីគ្រប់ទិសទីមកលេងកម្សាន្តសប្បាយរីករាយនៅនៅដងស្ទឹងសិរីសោភ័ណ នៅក្រោយសាកលវិទ្យាល័យជាតិមានជ័យ ក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ យ៉ាងអធិកអធមជាង ៤ម៉ឺននាក់ឯណោះ ជាមួយនឹងស្នាមញញឹម សប្បាយរីករាយ ពេញដោយក្ដីសុខ ក្រោមម្លប់សន្តិភាព។

ពិធីប្រណាំងទូក អបអរសាទរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ បានប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក ប្លែកវ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។

លោក អ៊ុំ រាត្រី  បានគូសបញ្ជាក់ថា ការរៀបចំពិធីប្រណាំងទូកនេះមានចំនួន៥០គូ មកពីជុំវិញខេត្តបន្ទាយមានជ័យ គឺធ្វើឡើងដើម្បីជាការកម្សាន្តសប្បាយរំសាយ ការនឿយហត់របស់ប្រជាពលរដ្ឋទាំងនៅ ក្នុងខេត្តក៏ដូចជាមកពីបណ្តាខេត្តជិតឆ្ងាយ និងដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ នៅថ្ងៃទី២៦ ដល់ថ្ងៃ២៧ ខែតុលា ឆ្នាំ២០២៤នេះ ក្នុងគោលដៅចូលរួមថែរក្សាទំនៀមទម្លាប់វប្បធម៌ ប្រពៃណីជាតិដែលមានជាយូរលង់ណាស់មកហើយ សំដៅធ្វើឱ្យកូនចៅជំនាន់ក្រោយ បានចូលរួមយល់ដឹងពីពិធីបុណ្យជាតិ ដែលដូនតាបានបន្សល់ទុក។

លោក អ៊ុំ រាត្រី បានឱ្យដឹងថា ការរៀបចំប្រណាំងទូកង ឆ្នាំនេះមានប្រជាពលរដ្ឋមកយ៉ាងច្រើនកុះករ ជាមួយការមកទស្សនាការប្រណាំងទូកនេះដែលមានរយៈពេល២ថ្ងៃ ក្នុងថ្ងៃទី១ ពុំមានបញ្ហាអ្វីនោះទេ កងកម្លាំងប្រដាប់អាវុធទាំង ២ប្រភេទ កម្លាំងស្នងការ កម្លាំងអាវុធហត្ថខេត្ត និងមន្ត្រីពាក់ព័ន្ធ គណៈកម្មការនីមួយៗបានដំណើរការដោយជោគជ័យរលូនល្អ បង្ករការកម្សាន្ត សប្បាយជូនពលរដ្ឋមកពីគ្រប់ទិសទី រក្សាសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយល្អ។

លោក អ៊ុំ រាត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរៀបចំកម្មវិធីប្រណាំងទូក និងព្រឹត្តិការផ្សេងៗទៀតរបស់ខេត្ត ដើម្បីបង្ហាញពីភាពរីកចម្រើនរបស់ខេត្ត ក្រោមម្លប់សុខសន្តិភាពរបស់ជាតិ។

ជាមួយគ្នានោះដែរ លោក អ៊ុំ រាត្រី បានអរគុណដល់ចំណុះទូកទាំងអស់ ត្រូវចេះសាមគ្គីគ្នា ទឹកចិត្តជាកីឡាប្រឹងប្រែង ក្នុងប្រកួត ដណ្តើមយកជ័យជម្នះ ដើម្បី សម្រាប់វត្តមូលដ្ឋានរបស់ខ្លួនក្នុងឱកាសក៏បានអំពាវនាវទៅកាន់មហាជនទាំងអស់ ជាពិសេសយុវជនត្រូវនៅជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងសូមមេត្តាបន្តការចូលរួមទាំងអស់គ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ចរាចរណ៍ ផ្លូវគោកក្នុងឱកាសពីធីប្រណាំងទូក ង៕