(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤នេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំគណៈប្រតិភូ សមាជិក សមាជិកាក្រាបថ្វាយព្រះពរព្រះបរមឆាយាល័ក្ខណ៍ នៅបរិវេណសួនច្បារព្រះរាជបណ្ដាំ ខាងមុខព្រះបរមរាជវាំង។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីអនុប្រធាន សមាជិកគណៈអចិន្ត្រៃយ៍ សមាជិក គណៈកម្មាធិការកណ្តាល រួមទាំងសមាជិក សមាជិកាជាច្រើនរូប។

លោក ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សក្រៃលែងដែលបានចូលរួមជាមួយសម្តេចរាជបុត្រី ព្រះអនុជ លោក លោកស្រី និងប្អូនៗយុវជនក្នុង «ពិធីបើក ពិព័រណ៌ព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត» នាឱកាសនោះ។

លោកបានថ្លែងអំណរគុណចំពោះ ក្រសួង ព្រះបរមរាជវាំង, ក្រសួងព័ត៌មាន និងរដ្ឋបាលរាជធានីភ្នំពេញ ដែលបានផ្តល់កិច្ចសហការ គាំទ្រយ៉ាងស្អិតរមួត ដល់សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការរៀបចំកម្មវិធីនេះ រហូតប្រព្រឹត្តទៅដោយភាពរលូន និងសម្រេចបានលទ្ធផលជារូបរាងឡើងនាពេលនេះ។

សហភាពសហព័ន្ធយុវជនកម្ពុជា ពិតជាមានមោទនភាពក្រៃលែង ដែលតែងតែ ទទួលបានការសព្វព្រះរាជហឫទ័យ និងព្រះបរមរាជានុញ្ញាតរៀបចំព្រះរាជពិធីថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាបន្តបន្ទាប់ ដែលកាលពីឆ្នាំ២០១៦ សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំព្រះរាជពិធីថ្វាយ ព្រះពរសង្ក្រាន្តឆ្នាំថ្មី និងជាពិសេសនាឱកាសនេះ សហភាពសហព័ន្ធយុវជនកម្ពុជាទទួលបានព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត រៀបចំ «ពិព័រណ៌ព្រះបរមឆាយាល័ក្ខណ៍» ដើម្បីថ្វាយព្រះពរអបអរសាទរខួប ២០ព្រះវស្សា នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

សូមជម្រាបថា ពិព័រណ៍ព្រះបរមឆាយាល័ក្ខណ៍នេះ នឹងប្រព្រឹត្តទៅរយៈពេល២២ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែតុលា រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីតាំងសួនព្រះរាជបណ្តាំនេះផ្ទាល់តែម្តង ដែលមានការតាំងបង្ហាញអំពីព្រះរាជជីវប្រវត្តិ ព្រះរាជកាតព្វកិច្ច ស្នាព្រះហស្ត និងព្រះរាជសកម្មភាពសប្បុរសធម៌របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ពិព័រណ៍នេះផងដែរ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញពីការដឹងគុណ ចំពោះព្រះគុណូបការៈ ព្រះគំរូវីរភាព និងព្រះរាជបូជនីយ៍កិច្ចដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលទ្រង់បាន បំពេញព្រះរាជតួនាទី និងព្រះរាជកិច្ចរបស់ព្រះអង្គយ៉ាងខ្ជាប់ខ្ជួនស្របតាមរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា ហើយព្រះអង្គតែងតែគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ និង យកព្រះទ័យទុកដាក់យ៉ាងខ្លាំងចំពោះប្រជានុរាស្ត្ររបស់ព្រះអង្គនៅគ្រប់កាលៈទេសៈ ទាំងអស់។

លោក ហ៊ុន ម៉ានី សម្តែងថ្វាយនូវ កតញ្ញូកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្រ បំផុតចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ ក្នុងព្រះរាជកាតព្វកិច្ចជាព្រះមហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាពិសេស ព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ប្រកបដោយព្រះគុណធម៌ ព្រះមនុស្សធម៌ សម្រាប់ប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ទាំងមូលអាចរស់នៅប្រកបរបរចិញ្ចឹមជីវិត និងមានសិទ្ធិសេរីភាពពេញលេញក្នុងការ កសាងក្រុមគ្រួសារប្រកបដោយសុខសុភមង្គល។

សហភាពសហព័ន្ធយុវជនកម្ពុជា ប្តេជ្ញាបន្តចូលរួមទទួលខុសត្រូវចំពោះជោគវាសនា កម្ពុជា តាមរយៈការបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងបេសកកម្ម សប្បុរសធម៌ វប្បធម៌ និងសង្គម ក្នុងទិសដៅបន្តរក្សាការពារឲ្យបាននូវអធិបតេយ្យជាតិបូរណភាពទឹកដី ឯករាជ្យភាព សន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម របបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស៕