(ភ្នំពេញ)៖ តាមការផ្សាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថា ភាពយន្ត ខ្លីចតុម្មុខ ជំនាន់ទី១៣ ឆ្នាំ២០២៤ មានភាពយន្តខ្នាតខ្លីពីក្នុងនិងក្រៅ ចំនួន ២៥៩ ចំណងជើង ដាក់ពាក្យចូលរួម។

របាយការណ៍របស់ក្រុមការងាររៀបចំមហោស្រព បានឲ្យដឹងថា ពីមួយឆ្នាំទៅមួយឆ្នាំ មហោស្រពភាពយន្តខ្លីចតុម្មុខ បានក្លាយជាចំណុចប្រសព្វ យ៉ាងសំខាន់មួយ ដែលផ្សារភ្ជាប់យុវជនកម្ពុជាមកពីគ្រប់មជ្ឈដ្ឋាន ដើម្បីធ្វើការផ្លាស់ប្តូរយោបល់គ្នា ជាមួយនឹងការចែករំលែកនូវបទពិសោធន៍ថ្មីៗ ក្នុងវិស័យភាពយន្ត ហើយក៏ជាវេទិកាអប់រំ និង បំផុសទេពកោសល្យ ច្នៃប្រឌិត នៃការផលិត ភាពយន្ត ខ្នាតខ្លីនៅកម្ពុជា។ ជាក់ ស្តែងនាឆ្នាំនេះ មហោស្រពបានទទួលភាពយន្តខ្នាតខ្លីពី ក្នុងនិងក្រៅប្រទេស ចំនួន ២៥៩ ចំណងជើង ដែលបានដាក់ពាក្យចូលរួម ហើយមហោស្រពបានសម្រេច ជ្រើសរើស ភាពយន្ត ខ្លីសរុបចំនួន ៥៧ ចំណងជើងសម្រាប់ការចាក់បញ្ចំាង។

បើតាមប្រភពដដែល នាល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអញ្ជើញជាអធិបតីក្នុងពិធីបើកមហោស្រព ភាពយន្ត ខ្លីចតុម្មុខ ជំនាន់ទី១៣ ឆ្នាំ២០២៤ នៅរោងភាពយន្ត លេជេន សាខាអូឡាំព្យា ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងប្អូនផលិតករភាពយន្តប្រមាណជាង ១០០នាក់។

នាឱកាសនោះ លោកបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះ ក្រុមភាពយន្តឈូករ័ត្ន និង ក្រុមការងារទាំងអស់ ដែលបានរួមចំណែកជាមួយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការលើកស្ទួយវិស័យភាពយន្ត កម្ពុជា និងលើកកម្ពស់សមត្ថភាពយុវផលិតករ ដែលជាទំពាំងស្នង ឫស្សី និងជាអ្នកបន្តវេន ទៅថ្ងៃ អនាគត។ លោកក៏បានថ្លែងអំណគុណដល់បណ្តាក្រុមហ៊ុន អង្គការ សមាគម និងដៃគូពាក់ព័ន្ធទាំងអស់ ដែល ជួយឧបត្ថម្ភគាំទ្រដល់ដំណើររៀបចំ មហោស្រព នេះ។

ជាមួយនេះ លោក ហាប់ ទូច ក៏បានសម្តែងនូវសេចក្តីជឿជាក់ថា មហោស្រពភាពយន្តខ្លីនាឆ្នាំនេះ នឹងទទួលបានលទ្ធផលជោគជ័យ ថ្មីៗ ថែមទៀត ក្នុងបុព្វហេតុអភិរក្ស និងអភិវឌ្ឍឧស្សាហកម្មភាពយន្តនៅកម្ពុជា៕