(កំពង់ធំ)៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ លោក នូវ សាមៈ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ឡង គីស៊ឹង អភិបាលស្រុកសន្ទុក  បានដឹកនាំសហការីអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមបណ្ឌិត ជា ចាន់តូ   ប្រធានកិត្តិយសធនាគារជាតិនៃកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ដោយរោគាពាធ ។

លោក នូវ សាមៈ និងលោក ឡង គីស៊ឹង បានសម្តែងនូវសមានចិត្តសោកស្ដាយ សោកសង្រេង អាឡោះអាល័យជាទីបំផុត ចំពោះឯកឧត្តម ជា ចាន់តូ ដែលជាចាស់ព្រឹទ្ធាចារ្យ ជាឥស្សរជន និងជាធនធានមនុស្សដ៏ល្អរបស់ធនាគារជាតិ និងព្រះរាជាណាចក្រកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយ ក្រៃលែង ចំពោះ មរណភាពរបស់ឯកឧត្តម គឺជាការបាត់បង់ស្វាមី និងឪពុកជាទីស្រឡាញ់ដ៏ជ្រាលជ្រៅ ប្រកបដោយសង្គហធម៌និងព្រហ្មវិហារធម៌ដ៏ល្អប្រពៃ មានទឹកចិត្តសន្តោសប្រណីដ៏ថ្លៃថ្លា បានធ្វើពលិកម្មជាច្រើនដោយ ឆន្ទះ ស្មោះស្ម័គ្រ អត់ធ្មត់ក្នុងការងារ ដើម្បីបុព្វហេតុជាតិ ហើយបានបូជាសព្វបែបយ៉ាងទាំងកម្លាំងកាយចិត្ត មិនគិតពីការនឿយហត់។

ប្រធានក្រុមប្រឹក្សាស្រុក និងលោកអភិបាលស្រុកសន្ទុក សូមបួងសួងដួងវិញ្ញាណក្ខន្ធឯកឧត្តមបណ្ឌិត ជា ចាន់តូ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ សូមក្រុមគ្រួសារ ទទួលនូវការចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ៕