(កំពង់ចាម)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឆ្លៀតចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខមន្រ្តីរាជការ បុគ្គលិកសុខាភិបាល នៅមណ្ឌលសុខភាពចំនួនពីរ គឺមណ្ឌលសុខភាពសូរគង និងមណ្ឌលសុខភាពស្ដៅ​ ខេត្តកំពង់ចាម ដោយមិនបានជូនដំណឹង បន្ទាប់ពីបានចូលរួមក្នុងពិធីអបអរសាទរសមិទ្ធផលនានា ក្រោមគម្រោងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់កែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤។

ក្នុងការចុះពិនិត្យនេះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កេតឃើញថា នៅមណ្ឌលសុខភាពសូរគងនេះ បុគ្គលិកបម្រើការងារមានការទទួលខុសត្រូវពេលវេលារបស់ខ្លួនបានល្អ និងការបំពេញការងារ ២៤ម៉ោង លើ ២៤ម៉ោង មានអនាម័យ សណ្តាប់ធ្នាប់ល្អ មានសាមគ្គីភាព រួសរាយរាក់ទាក់ និងការទុកដាក់ឱសថសារវន្តបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។

ទន្ទឹមនឹងនេះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ និងលើកទឹកចិត្តដល់មន្រ្តីនៅមណ្ឌលសុខភាពសូរគងនេះ ត្រូវខិតខំពង្រឹង និងបង្កើនសមត្ថភាពបច្ចេកទេសថែទាំព្យាបាល និងបន្តការយកចិត្តទុកដាក់ខ្ពស់ដល់អ្នកជំងឺ រួមទាំងការរក្សាអនាម័យនិងបរិស្ថានជុំវិញមានលក្ខណៈសមរម្យ ការរៀបចំទុកដាក់ឱសថ វ៉ាក់សាំងឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងគ្រប់គ្រងឱ្យបានសមស្របតាមនៃការប្រើប្រាស់ ជាពិសេសការបម្រើសេវាជូនប្រជាពលរដ្ឋ ២៤ម៉ោង លើ ២៤ម៉ោង ក្នុង៧ថ្ងៃ។

បន្ទាប់ពីបញ្ចប់ការចុះពិនិត្យនៅមណ្ឌលសុខភាពសូងគង លោករដ្ឋមន្ដ្រីបានបន្ដចុះទៅមណ្ឌលសុខភាពស្ដៅ ដែលស្ថិតនៅក្នុងខេត្ដកំពង់ចាម ហើយលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កេតឃើញថា មានចំណុចល្អៗ និងឃើញមានលក្ខណៈពិសេសជាងមណ្ឌលសុខភាពសូរគង ដោយបុគ្គលិកបម្រើការងារមានការទទួលខុសត្រូវបានល្អ អនាម័យសណ្តាប់ធ្នាប់ល្អ មានសាមគ្គីភាពល្អ រួសរាយរាក់ទាក់ និងការទុកដាក់ឱសថសារវន្តបានល្អ។

ជាចំនុចពិសេសនៅមណ្ឌលសុខភាពនេះ មានបុគ្គលិកសុខាភិបាលម្នាក់ ដែលបានចូលនិវត្តន៍ហើយ ក៏នៅតែមានទឹកចិត្តជាគ្រូពេទ្យ ក្នុងការជួយសង្រ្គោះអាយុជីវិត នៅតែបន្តជួយដល់មណ្ឌលសុខភាព ដោយមិនគិតពីផលប្រយោជន៍ ដែលនេះបង្ហាញទឹកចិត្ត និងភាពកក់ក្តៅជូនដល់ប្រជាពលរដ្ឋ។

ជាចុងក្រោយ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញការងារក្នុងនាមវិជ្ជាជីវៈគ្រូពេទ្យ ដោយលះបង់ទាំងកម្លាំងកាយចិត្ត និងស្មារតី បម្រើប្រជាពលរដ្ឋគ្រប់ពេលវេលា។ ក្នុងនោះលោកសាស្រ្តាចារ្យក៏បានលើកទឹកចិត្តដល់មន្រ្តីសុខាភិបាល ត្រូវពង្រឹងសមត្ថភាព កសាងទំនុកចិត្ត និងភាពជឿជាក់ជូនដល់ប្រជាពលរដ្ឋ ដោយឈរនៅលើគោលជំហរ សុវត្ថិភាព គុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌៕