(សៀមរាប)៖ មេចុងខ្មែរដែលមានភាពល្បីល្បាញក្នុងវិស័យម្ហូបអាហារ គឺលោក លូ ម៉េង បានចូលរួមនៅក្នុងកម្មវិធីចម្អិន ម្ហូបអាហារជូនសាធារណជនបានទស្សនា នៅក្នុងពិព័រណ៍ម្ហូបអាហារ កម្ពុជា-ចិន នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤នេះ។

លោក លូ ម៉េង បានលើកយកម្ហូបមានឈ្មោះថា ចំហុយបង្កងជាមួយប្រហុកខ្ទិះ និងទទួលបានការកើតសរសើរថាមានរសជាតិឆ្ងាញ់ ពិសេសរសជាតិបង្កងពីខេត្តតាកែវ។ លោក លូ ម៉េង បន្តថា ប្រហុកខ្ទិះ ជាមុខម្ហូបដែលពេញនិយមសម្រាប់ពលរដ្ឋខ្មែរទូទៅ ហើយការកែច្នៃ និងរៀបចំចំហុយជាមួយបង្កងទន្លេក្នុងស្រុកទៀតនោះ ធ្វើឱ្យរសជាតិអាហារមួយនេះកាន់ឆ្ងាញ់។

លោក លូ ម៉េង បញ្ជាក់ថា ដើម្បីឱ្យមានរសជាតិឆ្ងាញ់ គេត្រូវដាំទឹកបង់ជាមួយជើងបង្កង ខ្ទឹមបារាំង ស្លឹកក្រូចសើច ស្លឹកគ្រៃ ដាំឱ្យពុះ ទើបដាក់បង្កងចំហុយ ហើយក្លិនទាំងនោះនឹងធ្វើឱ្យ​បង្កងកាន់តែមានរសជាតិ។

លោក លូ ម៉េង បានបន្តថា នៅក្នុងពិព័រណ៍ម្ហូបអាហារ កម្ពុជា-ចិន លើកទី១នេះ ជាវេទិកាមួយដ៏សំខាន់សម្រាប់ ការផ្សព្វផ្សាយមុខម្ហូបខ្មែរ ក៏ដូចជាមុខម្ហូបចិន ខណៈដែលម្ហូបអាហារជាវិស័យមួយសំខាន់ ដែលរួមចំណែកជំរុញ និងអភិវឌ្ឍន៍វិស័យទេសចរណ៍។

លោកក៏សង្ឃឹមថា ចុងភៅជំនាន់ក្រោយៗ នឹងរក្សានូវការអភិរក្សមុខម្ហូបខ្មែរ ដែលផ្សារភ្ជាប់នឹងវប្បធម៌ និងការរស់នៅដ៏យូរលង់ណាស់មកហើយ។ យ៉ាងណា គេក៏ត្រូវការការអភិវឌ្ឍ និងការកែច្នៃមុខម្ហូបថ្មីៗឱ្យទាន់សម័យកាលផងដែរ។

លោក Wu Sheng ដែលលើកយកពីការចម្អិនបាយមា​ន់ហៃណាំ បានធ្វើបទបង្ហាញ និងរៀបរាប់ពីប្រវត្តិ និងការចម្អិនបាយមាន់ដ៏ល្បីល្បាញមួយនេះនៅលើឆាក នៃពិព័រណ៍ម្ហូបអាហារ កម្ពុជា-ចិនផងដែរ។ ប្រជាជនហៃណាំ មានពាក្យមួយតែងនិយាយថា ប្រសិនគ្មានមាន់ទេ នោះនឹងគ្មានជីវិតទេ ដែលនេះបញ្ជាក់ថា មាន់ហៃណាំ មានប្រវត្តិយូរលង់ និងផ្សារភ្ជាប់ជាមួយការរស់នៅ ហើយរសជាតិក៏កាន់តែពិសេសទៀត។

តាមការពន្យល់ពីមេចុងភៅ លោក Wu Sheng បាយមាន់ហៃណាំ គឺត្រូវយកមាន់ហៃណាំមកធ្វើ មិនអាចយកមាន់ពីតំបន់ផ្សេងធ្វើបានឡើយ វានឹងមិនរក្សារសជាតិដើមឡើយ។ ជាទូទៅ មាន់មានទម្ងន់១.៥គ.ម និងមានអាយុ ១៨០ថ្ងៃ ហើយគេត្រូវស្ងោរវាប្រហែល៣០នាទី ដោយលាយនឹងគ្រឿងផ្សំផ្សេងៗ ដើម្បីបង្កើនរសជាតិផង​ដែរ។

កញ្ញា អ៊ូ ភ័ក្រ្តា ដែលបានចូលមើលការបង្ហាញ និងភ្លក់ម្ហូបចំហុយបង្កងជាមួយប្រហុកខ្ទិះ បានកោតសរសើរចំពោះរសជាតិនៃម្ហូបមួយនេះ។ ពីមុនកញ្ញាធ្លាប់តែហូបប្រហុកខ្ទិះធម្មតា ប៉ុន្តែ នៅពេលចុងភៅ លូ ម៉េង ច្នៃដាក់ចំហុយជាមួយបង្កង ធ្វើឱ្យបង្កងមានរសជាតិកាន់តែប្លែក។

កញ្ញា អ៊ូ ភ័ក្រ្តា ប្រាប់ថា នឹងសាកល្បងចម្អិនម្ហូបមួយមុខនេះ សម្រាប់ទទួលទាននៅក្នុងគ្រួសារផងដែរ នាថ្ងៃខាងមុខ។

​សូមបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ កម្ពុជា-ចិន មានការចូលរួមដាក់តាំងបង្ហាញម្ហូបអាហារល្បីៗរបស់ប្រទេសកម្ពុជា-ចិន ក្នុងគោលបំណង​​ជំរុញការផ្សព្វផ្សាយពីមុខម្ហូប និងលើកកម្ពស់គុណ​តម្លៃនៃម្ហូប​អាហារ​​កម្ពុជា-ចិន ដែលជា​ផលិតផល​​​ទេសច​រណ៍ដ៏ទាក់ទាញនៅកម្ពុជា ក៏ដូចជា ចូលរួមលើកតម្កើង វប្បធម៌ អរិយធម៌ ប្រពៃណី ម្ហូបអាហារ និងរសជាតិ​ និងសក្តានុពល​ទេសចរណ៍​ដ៏​សម្បូរបែបរបស់កម្ពុជា ឱ្យកាន់​តែ​​ទូលំទូលាយទៅកាន់​ទីផ្សារអន្តរជាតិជាពិសេស​ទីផ្សារចិន។

ក្រៅពីនេះ ដើម្បី​ពង្រឹង​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ​ក្នុងវិស័យ​ទេសចរណ៍​​​រវាងផ្នែករដ្ឋ-ឯកជន កម្ពុជា-ចិន និងបន្តជំរុញ​យុទ្ធនាការ​ផ្សព្វផ្សាយ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន​និង​ប្រជាជន កម្ពុជា-ចិន ២០២៤» ព្រមទាំងយុទ្ធនាការ «ឆ្នាំទស្សនាសៀមរាប ២០២៤» សំដៅទាក់ទាញទេសចរ និងវិនិយោគិនចិន​ឱ្យ​មកទស្សនា និង​វិនិយោគនៅ​កម្ពុជា​​​ឱ្យកាន់តែច្រើនថែមទៀត៕