(ពោធិ៍សាត់)៖ ឆ្លើយតបតាមការសន្យា កាលពីពេលកន្លងមក, លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានរៀបចំដំណើរទស្សនកិច្ចកំសាន្ត ជូនមន្ត្រីរាជការរដ្ឋបាលខេត្ត និងលោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សាពោធិ៍សាត់ សរុបប្រមាណជិត២០០នាក់ ឆ្ពោះទៅខេត្តកោះកុង ក្នុងរយៈពេល១យប់ ២ថ្ងៃ គិតចាប់ពីថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤។

លោក សួង សារ៉ាវុធ នាយករដ្ឋបាលសាលាខេត្តពោធិ៍សាត់ បានឱ្យដឹងថា ដំណើរទស្សនកិច្ចកំសាន្តនេះ ក្រោមការឧបត្ថម្ភពី លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ដោយមានសមាសភាពចូលរួមពី បុគ្គលិក​ហាត់ការ មន្ត្រីជាប់កិច្ចសន្យា មន្ត្រីរាជការរដ្ឋបាលខេត្ត និងលោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សាពោធិ៍សាត់ សរុបប្រមាណជិត២០០នាក់។

លោកនាយករដ្ឋបាលសាលាខេត្តបន្តថា រយៈពេល១យប់ ២ថ្ងៃ នៃដំណើរទស្សនកិច្ចទៅកាន់ខេត្តកោះកុង មន្ត្រីរបស់យើង បានសិក្សាស្វែងយល់ និងទស្សនាទេសភាពដ៏ស្រស់ត្រកាលជាច្រើន តាមដងផ្លូវជាតិលេខ៥៥ ផ្លូវជាតិលេខ១០ រង្វង់មូលដំរី៥០៥ ឃុំប្រម៉ោយ, អាងស្តុកទឹកស្ទឹងអាតៃ ឃុំអូរសោម ស្រុកវាលវែង, ស្ទឹងដំណាក់ក្បូន, ព្រៃកោងកាង, ឆ្នេរសន្តិភាព កោះកុងស៊ីហ្វូត, ឆ្នេរប៉ាក់ខ្លង...។ល។

លោកនាយករដ្ឋបាល សួង សារ៉ាវុធ បានគូសបញ្ជាក់ថា សក្ដានុពលនៃវិស័យទេសចរណ៍ ក្នុងខេត្តកោះកុង មិនខុសគ្នាឆ្ងាយពីខេត្តពោធិ៍សាត់ ច្រើនប៉ុណ្ណោះទេ គ្រាន់តែថាខេត្តកោះកុង ជាខេត្តអេកូទេសចរណ៍មួយ នៃព្រះរាជាណាចក្រកម្ពុជា សម្បូរទៅដោយធនធានធម្មជាតិដ៏ស្រស់ត្រកាល អាចបង្កើតបានជារមណីយដ្ឋានយ៉ាងច្រើន ដែលជាគោលដៅចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ភ្ញៀវទេសចរជាតិ អន្តរជាតិ ហើយមានបែងចែកតំបន់ទេសចរណ៍ ជាតំបន់ភ្នំ និងតំបន់ឆ្នេរ ជាពិសេសមានខ្សែផ្លូវជាតិលេខ១០ តភ្ជាប់ពីខេត្តបាត់ដំបង កាត់តាមផ្លូវជាតិលេខ៥៥ ត្រង់ចំណុចប្រសព្វរង្វង់មូលដំរី៥០៥ ឃុំប្រម៉ោយ ឆ្លងកាត់ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក សួង សារ៉ាវុធ តាងនាមឱ្យបុគ្គលិកហាត់ការ មន្ត្រីជាប់កិច្ចសន្យា មន្ត្រីរាជការរដ្ឋបាលខេត្ត និងលោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សាពោធិ៍សាត់ទាំងអស់ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ដែលបានរៀបចំ គាំទ្រ និងចំណាយទាំងស្រុង លើដំណើរទស្សនកិច្ចកំសាន្តឆ្ពោះទៅខេត្តកោះកុងនេះ។ ពួកគេប្តេជ្ញាយកចិត្តទុកដាក់ បំពេញកិច្ចការងារ តាមតួនាទីភារកិច្ច និងជំនាញរបស់ខ្លួន ព្រមទាំងជម្រុញផ្សព្វផ្សាយ ដើម្បីឱ្យខេត្តពោធិ៍សាត់ មានទេសចរចូលមកទស្សនាកម្សាន្តឱ្យកាន់តែច្រើនឡើង៕