(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានអំពាវនាវដល់ប្រទេសមហាអំណាច ឬបរទេសទាំងឡាយដែលបានយកវត្ថុសិល្បៈខ្មែរបើទោះក្នុងរូបភាពណាក៏ដោយ គួរត្រូវបង្វិលមកដាក់តម្កល់នៅទីតាំងដើមវិញ ដើម្បីបញ្ជាក់ពីភាពស្មោះត្រង់ដល់ព្រលឹងអរិយធម៌មនុស្សជាតិ។

ការអំពាវនាវបែបនេះរបស់ លោកបណ្ឌិត យង់ ពៅ បានធ្វើឡើងក្នុងឱកាសដែលលោកបណ្ឌិត ថ្លែងសុន្ទរកថាបើកសិក្ខាសាលា ស្ដីពី «វត្ថុសិល្បៈខ្មែរ : ភាពអស្ចារ្យ និងហានិភ័យ» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ សហការរៀបចំដោយអគ្គលេខាធិការដ្ឋាន និងវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។

លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា អរិយធម៌ខ្មែរដ៏ល្បីល្បាញ ដែលបង្ហាញឡើងតាមរយៈស្នាដៃសំណង់ស្ថាបត្យកម្មប្រាសាទ ស្ពានបុរាណ ផ្លូវបុរាណ សាលាសំណាក់ មន្ទីរពេទ្យ វត្ថុសិល្បៈនានា ក្នុងនោះមានរូបបដិមាធ្វើពីថ្ម និងលោហៈ គ្រឿងប្រដាប់ធ្វើពីលោហៈ ព្រមទាំងកុលាលភាជន៍ជាច្រើន បានបន្សល់ទុកជាកេរដំណែលដ៏មានសារៈសំខាន់ និងមានតាំងពីយូរអង្វែងមកហើយ។

លោកបណ្ឌិត យង់ ពៅ បានអំពាវនាវយ៉ាងដូច្នេះថា៖ «ប្រទេសមហាអំណាច ឬម្ចាស់អាណានិគម ដែលបានយកវត្ថុសិល្បៈខ្មែរបើទោះក្នុងរូបភាពណាក៏ដោយ គួរត្រូវបង្វិលមកដាក់តម្កល់នៅទីតាំងដើមវិញ ដើម្បីបញ្ជាក់ពីភាពស្មោះត្រង់ដល់ព្រលឹងអរិយធម៌មនុស្សជាតិ។ បញ្ឈប់សកម្មភាពទុច្ចរិតទាំងឡាយចំពោះវត្ថុសិល្បៈឱ្យខាងតែបាន។ ទទួលស្គាល់សច្ចភាពប្រវត្តិសាស្ត្រ»

លោកបណ្ឌិតថា វត្ថុសិល្បៈខ្មែរមិនត្រឹមជាវត្ថុសម្រាប់លម្អជាសោភ័ណវត្ថុទាំងនោះក៏មានគុណតម្លៃជាអារិយធម៌ផងដែរដូចជា៖ ១៖ ជាព្រលឹងរបស់បុព្វបុរសខ្មែរ (ប្រាសាទតែងតែសាងដោយមានតម្កល់បដិមានៅខាងក្នុង។ ប្រសិនបើគ្មានបដិមា ប្រាសាទហាក់គ្មានព្រលឹង មានតែរូបកាយ តែបាត់ព្រលឹង), ២៖ បច្ចេកទេសនិងបច្ចេកវិទ្យាក្នុងការឆ្លាក់ សូន សិត, ៣៖ ការអប់រំ ការចែករំលែកចំណេះ ជំនាញ បំណិនជីវិត, ៤៖ បង្កប់ភាពអំណត់អត់ធ្មត់ តស៊ូ ព្យាយាម, ៥៖ ទឹកដៃដ៏ប៉ិនប្រសប់ និងសម្រិតសម្រាំង, ៦៖ សេដ្ឋកិច្ចដែលអាចយកដាក់តាំងក្នុងវិចិត្រសាល ឬសារមន្ទីរជាដើម និង៧៖ វត្ថុសិល្បៈ គឺជាវត្ថុតាងបង្កប់នូវព័ត៌មានខាងនយោបាយ សាសនា ឬសង្គមអំពីមនុស្សនៅក្នុងសង្គមបុរាណនោះ។

លោកបណ្ឌិត បានបន្ថែមថា ផ្ទុយពីគុណតម្លៃនៃវត្ថុសិល្បៈខ្មែរដ៏ធំធេងទាំងនេះ ក៏កើតមានសកម្មភាពទុច្ចរិតលួច គាស់ កកាយ ជួញដូរវត្ថុសិល្បៈខ្មែរ ដែលកើតមានតាំងពីសម័យមុនសង្រ្គាម ចាប់តាំងពីក្នុងអំឡុងដើមសតវត្សរ៍ទី២០។ នៅដើមទសវត្សរ៍ឆ្នាំ១៩៧០ ប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុងសង្រ្គាម ដែលធ្វើឱ្យប្រទេសធ្លាក់ក្នុងស្ថានភាពច្របូកច្របល់ បង្កើតឱកាសដល់អ្នករត់ពន្ធវត្ថុសិល្បៈ ជួញដូរវត្ថុបុរាណច្រើនសន្ធឹកសន្ធាប់។ ការជួញដូរវត្ថុសិល្បៈ និងវត្ថុវប្បធម៌ផ្សេងទៀតចេញពីទីតាំងដើមដោយខុសច្បាប់ បានបណ្តាលឱ្យបាត់បង់នូវបេតិកភណ្ឌ និងប្រវត្តិសាស្រ្តសម្រាប់ប្រជាជនកម្ពុជា។ ការលក់ ឬចល័តវត្ថុបុរាណខ្មែរដោយខុសច្បាប់ គឺជាការផ្តាច់បរិបទវប្បធម៌ និងប្រវត្តិនៃវត្ថុទាំងនោះ និងមិនត្រឹមតែបំផ្លាញទ្រព្យសម្បត្តិវប្បធម៌របស់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានធ្វើឱ្យបាត់បង់ប្រវត្តិសាស្ត្រជាតិទៀតផង។

អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បានឱ្យដឹងថា «យើងដឹងថា មានវត្ថុសិល្បៈខ្មែរជាច្រើននៅតែដាក់តាំងបង្ហាញនៅសារមន្ទីរមួយចំនួននៅបរទេស។ វត្ថុខ្លះច្រើនយកចេញពីប្រទេសកម្ពុជាក្នុងសម័យអាណានិគមបារាំងជិតមួយសតវត្សរ៍កន្លងមកហើយ។ ថាតើវត្ថុបុរាណទាំងនោះត្រូវបានគេលួចយកទៅធ្វើជំនួញ ឬដោយសារកម្ពុជាមិនមានអ្នកជំនាញ និងបច្ចេកទេសគ្រប់គ្រាន់ក្នុងការអភិរក្ស ឬផ្សព្វផ្សាយវប្បធម៌ខ្មែរនៅក្រៅប្រទេស?»។

ជាមួយគ្នានេះដែរ លោកបណ្ឌិត យង់ ពៅ បានថ្លែងថា ទោះយ៉ាងណាក្ដី វត្ថុទាំងអស់គួរត្រូវបានធ្វើមាតុភូមិនិវត្តន៍វិញ។ ប្រសិនបើវត្ថុទាំងនោះត្រូវបានគេលួចយកទៅលក់ ក៏ត្រូវទាមទារយកមកប្រទេសវិញ។ ក្នុងករណី គេដឹកទៅបរទេស ដើម្បីរក្សាទុក ក៏គួរយកមកវិញ ព្រោះថាប្រទេសកម្ពុជាពេលនេះ មានស្ថានភាពល្អប្រសើរក្នុងការងារអភិរក្ស និងដាក់តាំងបង្ហាញឱ្យបានត្រឹមត្រូវហើយ។ ការធ្វើមាតុភូមិនិវត្តន៍នៃវត្ថុសិល្បៈ មានអត្ថន័យច្រើនចំពោះប្រទេសកម្ពុជា និងប្រជាជនយើងទាំងមូល ដែលនឹងស្ដារឡើងវិញនូវស្មារតីជាតិ និងព្រលឹងជាតិខ្មែរ ដែលបានបាត់បង់។ មួយវិញទៀត វត្ថុបុរាណបានប្រគល់មកវិញ គឺជាឧបករណ៍សម្រាប់បង្រៀនក្មេងៗជំនាន់ក្រោយ និងសាធារណជនកម្ពុជាទូទៅឱ្យស្គាល់និងយល់អំពីតម្លៃនៃមរតកវប្បធម៌ ទ្រព្យសម្បត្តិជាប្រវត្តិសាស្រ្ត និងអត្តសញ្ញាណរបស់ខ្លួន។

លោកបណ្ឌិត បានឱ្យដឹងថា ចន្លោះឆ្នាំ១៩៩៦ ដល់ឆ្នាំ២០២៤ កម្ពុជាបានធ្វើមាតុភូមិនិវត្តន៍ដោយជោគជ័យនូវវត្ថុបុរាណចំនួន១០៩៨ មកពី១៥ប្រទេស។ កិច្ចខិតខំប្រឹងប្រែងនេះតំណាងឱ្យការវិលត្រឡប់នៃព្រលឹងដូនតាខ្មែរដែលខ្ចាត់ខ្ចាយ ឱ្យមកកាន់ស្រុកកំណើតវិញ ដែលជាប្រភពនៃមោទនភាពជាតិផង និងភស្ដុតាងនៃសន្តិភាពផង៕