(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋចំនួន១២៥,៧៣៥នាក់ បានមកទស្សនាការប្រណាំងទូកងចំនួន២ថ្ងៃ នាបរិវេណសាកលវិទ្យាល័យជាតិមានជ័យ ផ្លូវជាតិលេខ៥​ ភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែថ្នាក់ខេត្ត។

ពិធីនេះមានការចូលរួមពីលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ សមាជិកសភា និងព្រឹទ្ធសភា អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ មន្ត្រីសាលាខេត្តជាច្រើននាក់ និងប្រជាពលរដ្ឋមកចូលរួមទស្សនារាប់ម៉ឺននាក់ផងដែរ។

លោក ឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ទូកងដែលចូលរួមប្រណាំងនេះមានចម្រុះចំនួន ២៥ទូកស្មើរនិង៥០គូ ក្នុងនោះទូកធំវែងមានចំណុះ៧០នាក់ ទូកមធ្យមមានចំណុះ៤៥នាក់ និង២២នាក់ និងទូកតូចមានចំណុះ៥នាក់ ក្រោយពីការប្រគួតមានរយៈពេល២ថ្ងៃបានរកឃើញអ្នកជាប់លេខ ១ .២. ៣ហើយ ចំណុះទូក៧០នាក់ទទួលបានជ័យលាភីមានចំនួន ២ទូក ចំណាក់ថ្នាក់លេខ១បានទៅលើទូកឈ្មោះ សុវណ្ណរាជសីហ៍បារមីបន្ទាយមហានគរ ចំណាត់ថ្នាក់លេខ២បានទៅលើឈ្មោះ ពិសីមានជ័យបារមីស្រីស្អាតចំណុះទូក៤៥នាក់ទទួលបានជ័យលាភីមានចំនួន ២ទូកចំណាក់ថ្នាក់លេខ១បានទៅលើទូកឈ្មោះ តេជោសែនជ័យមរមីមានរិទ្ធ ចំណាត់ថ្នាក់លេខ២បានទៅលើទូកឈ្មោះ ព្រះពន្លាមានជ័យស្រីក្រឡេកញញឹម ចំណុះទូក២២នាក់ទទួលបានជ័យលាភីមានចំនួន ៣ទូក ចំណាក់ថ្នាក់លេខ១បានទៅលើទូកឈ្មោះ សន្ទុះនាគរាជសែនជ័យបារមីមានរិទ្ធចំណាក់ថ្នាក់លេខ២បានទៅលើទូកឈ្មោះអធិរាជឥន្ទ្រីសែនជ័យបារមីភ្នំស្វាយ ចំណាក់ថ្នាក់លេខ៣បានទៅលើទូកឈ្មោះសន្ទុះនាគខ្មៅចំណុះទូក៥នាក់ទទួលបានជ័យលាភីមានចំនួន ៣ទូកចំណាក់ថ្នាក់លេខ១បានទៅលើទូកឈ្មោះបុរសសង្ហាមានជ័យបារមីភូមិតាទង់ ចំណាក់ថ្នាក់លេខ២បានទៅលើទូកឈ្មោះកន្ទោងខៀវមានរិទ្ធិ  ចំណាក់ថ្នាក់លេខ៣បានទៅលើទូកឈ្មោះសុវណ្ណរតនាបុប្ផាព្រះពន្លា។

លោក អ៊ុំ រាត្រី បានឱ្យដឹងថា ការរៀបចំពិធីប្រណាំងទូកង មានរយៈពេល២ថ្ងៃនេះ ទូកងចូលរួមប្រណាំងមានចំនួន៥០ទូកមកពីជុំវិញខេត្តបន្ទាយមានជ័យ គឺធ្វើឡើងដើម្បីជាការកម្សាន្តសប្បាយរំសាយ ការនឿយហត់របស់ ប្រជាពលរដ្ឋ ទាំងនៅ ក្នុងខេត្តក៏ដូចជាមកពីបណ្តា ខេត្តជិតឆ្ងាយ និងដើម្បីចូលរួមអបអរសាទរព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ នៅថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤នេះ ក្នុងគោលដៅចូលរួមថែរក្សា ទំនៀមទម្លាប់វប្បធម៌ ប្រពៃណីជាតិដែលមានជាយូរលង់ណាស់មកហើយ សំដៅធ្វើឲ្យកូនចៅជំនាន់ក្រោយ បានចូលរួមយល់ដឹងពីពិធីបុណ្យជាតិ ដែលដូនតារបស់ខ្លួនបានបន្សល់ទុកឲ្យនិងថែរក្សាបានគង់វង្សទៀតផង។

លោក អ៊ុំ រាត្រី បានបន្តឲ្យដឹងទៀតថា ការរៀបចំប្រណាំងទូក ង ឆ្នាំនេះមានពុកម៉ែបងប្អូនប្រជាពលរដ្ឋមកយ៉ាងច្រើនកុះករ ជាមួយការមកទស្សនាការប្រណាំងទូក ង នេះដែលមានរយៈពេល២ថ្ងៃនោះ ពុំមានបញ្ហាអ្វីនោះទេ កងកម្លាំងប្រដាប់អាវុធទាំង២ប្រភេទ កម្លាំងស្នងការ កម្លាំងអាវុធហត្ថខេត្ត និងមន្ត្រីពាក់ព័ន្ធ គណៈកម្មការនីមួយៗបានដំណើរការដោយជោគជ័យរលូនល្អ បង្ករការកម្សាន្ត សប្បាយជូនពលរដ្ឋមកពីគ្រប់ទិសទី រក្សាសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយល្អ។

លោក ឌិត ទីណា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរៀបចំកម្មវិធីប្រណាំងទូក និងព្រឹត្តិការផ្សេងៗទៀតរបស់ខេត្ត ដើម្បីបង្ហាញពីភាពរីកចម្រើនរបស់ខេត្ត ក្រោមម្លប់សុខសន្តិភាពរបស់ជាតិ។ ជាមួយគ្នានោះដែរ លោក ឌិត ទីណា បានធ្វើការអរគុណដល់ចំណុះទូកទាំងអស់ ត្រូវចេះសាមគ្គីគ្នា ទឹកចិត្តជាកីឡាប្រឹងប្រែង ក្នុងប្រកួត ដណ្តើមយកជ័យជម្នះ ដើម្បីសម្រាប់វត្តមូលដ្ឋានរបស់ខ្លួន។

លោក ឌិត ទីណា បានកោតសរសើរនិងថ្លែងអំណរគុណដល់អាជ្ញាធរដែនដី សមត្ថកិច្ចស៊ីវិល កងកម្លាំងទាំង២អ្នកពាក់ព័ន្ធទាំងឡាយដែលបាន អនុវត្តតួនាទីភារកិច្ច បានល្អតាំងពីថ្ងៃបើក និងថ្ងៃបញ្ចប់កម្មវិធី កីឡាករប្រណាំងទូកងដែលជាប់ចំណាត់ និងអ្នកមិនជាប់ចំណាក់ថ្នាក់បានទួទួលរង្វាន់ពីលោក ឌិត ទីណាក្នុងនោះមានពាន់រង្វាន់១ ថវិកា និងអំណោយផ្សេងៗជាច្រើនទៀត៕