(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាតំណាងកម្ពុជា ប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) បានដឹកនាំក្រុមការងារអាយឆា-កម្ពុជា រៀបចំកិច្ចសន្ទនាថ្នាក់តំបន់ស្តីពី ការចែករំលែកការអនុវត្តល្អៗ ក្នុងការពង្រឹងសិទ្ធិមនុស្ស ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងតំបន់អាស៊ាន ដែលប្រព្រឹត្តទៅនាថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារ Sun and Moon Riverside រាជធានីភ្នំពេញ។

កិច្ចសន្ទនានេះធ្វើឡើងក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន និងមានការអញ្ជើញចូលរួមពីតំណាងប្រទេសសមាជិកអាស៊ាន ប្រចាំអាយឆា បណ្តាស្ថាប័នតាមវិស័យរបស់អាស៊ាន លេខាធិការដ្ឋានអាស៊ាន តំណាងមកពីប្រទេសសមាជិកអាស៊ាន ស្ថាប័នសិទ្ធិមនុស្សជាតិ វិទ្យាស្ថាននីតិអន្តរជាតិ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស អង្គការសហប្រជាជាតិប្រចាំកម្ពុជា បណ្ដាភ្នាក់ងាររបស់អង្គការសហប្រជាជាតិ អង្គការមិនមែនរដ្ឋាភិបាល និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធនានាជិត១០០នាក់។

កិច្ចសន្ទនានេះនឹងក្លាយជាវេទិកាដែលប្រមូលផ្ដុំអ្នកជំនាញមកពីវិស័យនិងស្ថាប័នផ្សេងគ្នា ចូលមកធ្វើការផ្លាស់ប្ដូរ និងចែករំលែកនូវការអនុវត្តល្អៗ ចំណេះដឹង និងបទពិសោធន៍នានា ពាក់ព័ន្ធនឹងការឆ្លើយតបចំពោះជំងឺកូវីដ១៩ និងវិបត្តិនានា ព្រមទាំងការចងក្រងជាឯកសារនៃការអនុវត្តល្អៗ ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស អំឡុងពេលជំងឺរាតត្បាតក្នុងតំបន់អាស៊ាន និងចំពោះវិបត្តិ ឬស្ថានភាពបន្ទាន់ណាមួយនាពេលអនាគត។

ចំពោះព្រឹត្តិការណ៍នេះនឹងផ្ដោតសំខាន់លើការចែករំលែកការអនុវត្តល្អៗ លើការលើកកម្ពស់សិទ្ធិទទួលបានការអប់រំ សិទ្ធិការងារ សិទ្ធិទទួលបានសុខភាពល្អ សិទ្ធិទទួលបានព័ត៌មាន និងឯកជនភាព និងការគាំពារសង្គម៕