(ក្រចេះ)៖ លោកឧត្តមសេនីយ៍ឯកបណ្ឌិត ឈួន ថាវរិន្ទ បានថ្លែងថា វិស័យព្រះពុទ្ធសាសនាបានចូលរួមចំណែក និងដើរតួនាទីយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការអប់រំដល់ពុទ្ធបរិស័ទ មានការយល់ដឹងនូវអំពើល្អនិងអំពើអាក្រក់ យល់ដឹងខុស-ត្រូវ បញ្ចៀសបាននូវការប្រព្រឹត្តនូវអំពើអបាយមុខផ្សេងៗនៅក្នុងសង្គម ចូលរួមការអភិវឌ្ឍជាតិឲ្យមានការរីកចម្រើន។

លោកបណ្ឌិត ឈួន ថាវរិន្ទ បានថ្លែងដូចនេះ នាឱកាសដង្ហែរអង្គកឋិនទានមហាសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងពុទ្ធសីមាវត្តបទុមរាជា ស្ថិតនៅក្នុងឃុំ ព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤។

អង្គកឋិនមហាសាមគ្គីនៅវត្តបទុមរាជានេះ ដឹកនាំដោយលោកស្រីបណ្ឌិតអគ្គមហាឧបាសិកា ហ៊ុន សេងនី និងសហការី លោកឧត្តមសេនីយ៍ឯកបណ្ឌិត ឈួន ថាវរិន្ទ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មេបញ្ជាការរងកងទ័ពជើងអាកាស អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងលោកស្រី ឈុន ផាណ្ណា លោក ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធ៌ម និងលោកស្រី និងលោកស្រី ជា ស៊ុនដាណែត រដ្ឋលេខាធិការប្រចាំការក្រសួងព័ត៌មាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ រួមជាមួយពុទ្ធបរិស័ទដែលអញ្ជើញមកពីរាជធានីភ្នំពេញ និងលោកអភិបាលខេត្តក្រចេះ និងលោកស្រី អាជ្ញាធរស្រុក និងឃុំព្រែកប្រសព្វ ប្រជាពុទ្ធបរិស័ទមកពីទីជិតឆ្ងាយជាច្រើនទៀត។

អង្គកឋិនបានប្រមូលបច្ច័យមកកសាងព្រះវិហារថ្មី ក្នុងវត្តបទុមរាជា ដែលព្រះវិហាចាស់មានលក្ខណតូចចង្អៀត និងមានភាពចាស់ទ្រុធទ្រោម ទើបលោកបណ្ឌិត ឈួន ថាវរិន្ទ និងលោកស្រី បានផ្តួចផ្តើមកសាងព្រះថ្មីនេះកសាងព្រះវិហារថ្មីឡើង ដើម្បីតម្កល់ទុកជាមរកប្រវត្តិសាស្រ្តសម្រាប់ប្រជាពុទ្ធបរិស័ទគោរពប្រតិបត្តិទៅតាមតាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរតរៀងទៅ។

តាមរយៈកឋិនទានវត្តនីមួយៗ ក៏មានលទ្ធភាពអាចទទួលបាននូវសម្ភារៈ និងបច្ច័យសម្រាប់បម្រើការកសាងទីសេនាសនៈនៅក្នុងវត្ត មានព្រះវិហារ កុដិ សាលា និងជួយឧបត្ថម្ភដល់ការកសាងសមិទ្ធផលសង្គម និងវិស័យសង្គមកិច្ចថែមទៀតផង។ ដើម្បីនាំមកនូវគ្រឿងទេយ្យទានជាអង្គឋិនមានស្បង់ ចីវរ និងសង្ឃដី ក្រៅពីនេះគឺជាបរិក្ខាររបស់អង្គឋិនទាំងអស់ រួមនឹងបច្ច័យជាច្រើនទៀងសម្រាប់នាំមកវេរប្រគេនដល់ព្រះសង្ឃដែលគង្សចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមានីមួយៗ។ អង្គកឋិនទានសាមគ្គីនាឆ្នាំនេះបានប្រព្រឹត្តទៅស្របពេលដែលកម្ពុជាមានស្ថិរភាព និងការអភិវឌ្ឍនៅទូទាំងប្រទេស ក្រោមការដឹកនាំរបស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ដែលបានបង្ហាញឲ្យឃើញមតិជាតិ-អន្តរជាតិដឹងច្បាស់ពីកម្ពុជាមានស្ថិរភាព ព្រមទាំងមានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។

លោកក៏បានថ្លែងនូវការចូលរួមអនុមោទនាត្រេកអរសប្បាយរីករាយជាមួយប្រជាពលរដ្ឋក្នុងឃុំព្រែកប្រសព្វ ចំពោះសមិទ្ធផលជាច្រើនដែលបន្តរីកលូតលាស់នៅក្នុងមូលដ្ឋានយើងនេះនិងក្នុងទីអារាមវត្ត បទុមរាជា ដែលកើតចេញពីកម្លាំងរួបរួមសាមគ្គី និងសទ្ធាជ្រះថ្លាពីសំណាក់ពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទ្រទ្រង់ និងលើកស្ទួយព្រះពុទ្ធសាសនាឱ្យបានឋិតថេរគង់វង្ស។

លោកបណ្ឌិត ឈួន ថាវរិន្ទ បានលើកឡើងថា មានកត្តា៣យ៉ាង ដែលញ៉ាំងឱ្យការកសាងសមិទ្ធផលនានា អាចប្រព្រឹត្តទៅបានប្រកបដោយភាពចម្រុងចម្រើនគឺ៖ ទី១. កត្តាសុខសន្តិភាព ដែលឱ្យស្រុកព្រែកប្រសព្វ ខេត្តក្រចេះក៏ដូចជាទូទាំងផ្ទៃប្រទេស មានឱកាសបញ្ចេញនូវសក្កានុពលអភិវឌ្ឍន៍របស់ខ្លួនឥតឈប់ឈរ។ ទី២. កត្តាសិទ្ធិសេរីភាព ដែលបង្កលក្ខណៈឱ្យប្រជាពលរដ្ឋអាចគោរពប្រតិបត្តិតាមជំនឿសាសនារៀងៗខ្លួន ដើម្បីទទួលបាននូវសន្តិភាពក្នុងផ្លូវចិត្ត។ ទី៣. កត្តាកំណើននៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលផ្តល់លទ្ធភាពដល់ពួកគាត់ ក្នុងការក្នុងចូលរួមចំណែកអភិវឌ្ឍសមិទ្ធនានា តាមជំនឿសទ្ធាជ្រះថ្លារបស់ខ្លួន។ ក្នុងន័យនេះ សូមអ៊ំពូមីងបងប្អូនប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទទាំងអស់ រួមគ្នាថែរក្សាសុខសន្តិភាព សេរីភាព និងភាពចម្រុងចម្រើនដែលកំពុងមានបច្ចុប្បន្នឱ្យបានគង់វង្សយូរអង្វែង ក្រោមម្លប់សន្តិភាព សម្រាប់កូនចៅរបស់យើងគ្រប់ជំនាន់តទៅទៀត។ក្នុងបុព្វហេតុនេះ សម្តេចតេជោ និងឥស្សរៈជនថ្នាក់ដឹកនាំជាច្រើនរូប បានចូលរួមក្នុងសកម្មភាពសង្គ្រោះអាយុជីវិតរបស់ប្រជាជនកម្ពុជា នៅក្នុងដំណាក់កាលជាច្រើនក្នុងរបត់នៃប្រវត្តិសាស្ត្រជាតិ ជាអាទិ៍៖ ការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត, ការសម្រេចបាននូវសន្តិភាពជាតិពេញលេញដោយនយោបាយឈ្នះ-ឈ្នះ និងជោគជ័យនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈការប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍តម្កល់អាយុជីវិតរបស់ប្រជាពលរដ្ឋ ជាកត្តាអាទិភាពចម្បងបំផុតក្នុងគ្រប់កាលៈទេសៈ និងទោះក្នុងតម្លៃណាក៏ដោយ។

លោកបណ្ឌិត ឈួន ថាវរិន្ទ និងលោកស្រី ឈុន ផាណ្ណា រួមជាមួយពុទ្ធបរិស័ទ្ទមកពីរាជធានីភ្នំពេញ និងពុទ្ធបរិស័ទចំណុះជើងវត្ត បានវេរប្រគេនបច្ច័យសង្កត់ត្រៃអង្គកឋិនទានវត្តបទុមរាជា មានបច្ជ័យចំនួន១៣២លានរៀល។ នាឱកាសនោះដែរ លោកបណ្ឌិត និងលោកស្រីក៏បានប្រគេនភិក្ខុសង្ឃ៨អង្គ ក្នុង១អង្គ១២ម៉ឺនរៀល សាមណេ១៣អង្គ ក្នុង១អង្គ៥ម៉ឺនរៀល លោកតាអាចារ្យ គណៈកម្មការវត្ត៥០ម៉ឺនរៀល ឧបត្ថម្ភក្រុមភ្លេងឆៃយ៉ាំ៤០ម៉ឺនរៀល ភ្លេងពិណពាទ្យ៤០ម៉ឺនរៀល កម្លាំងការពារ៥០ម៉ឺនរៀល និងសិស្សានុសិស្សឧបត្ថម្ភថវិកាចំនួន៥០ម៉ឺនរៀលផងដែរ៕