(ភ្នំពេញ)៖ ថ្នាក់ដឹកនាំខេត្តកណ្ដាលដែលមានលោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត, លោក គួច ចំរើន អភិបាលខេត្ត ស្ថិតនៅក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមកីឡាករទូកចំណុះទូក ទាំង១០៧ ទូទាំងខេត្តកណ្ដាល បានណែនាំដល់កីឡាករអុំទូកទាំងអស់ក្នុងខេត្តកណ្ដាល ត្រូវធ្វើជាគំរូល្អដល់គេគ្រប់គ្នា ដោយត្រូវគោរពឱ្យបាននូវវិន័យ ស្ដាប់ការណែនាំរបស់គណៈកម្មការ ហើយត្រូវជៀសឱ្យបាននូវការប្រើប្រាស់អំពើហិង្សា ឬប្រព្រឹត្តនូវអំពើអ្វីមួយដែលយើងទាំងអស់គ្នាមិនចង់ឃើញ ដែលនាំឱ្យអាប់ឱនកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់កីឡាករដទៃទៀត។
ស្ថិតនៅពេលសំណេះសំណាលនាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោកអភិបាលខេត្ត បានបន្តថា ការចូលរួមប្រណាំងទូកនៅពេលនេះ មិនត្រឹមតែដើម្បីឈ្នះ និងចាញ់នោះទេ គឺដើម្បីចូលរួមអបអរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក បង្កើតភាពសប្បាយរីករាយ សាមគ្គីភាព ឯកភាពគ្នា ក្រោមម្លប់នៃសុខសន្តិភាព និងដើម្បីឆ្លុះបញ្ចាំងដល់បរទេសបានឃើញនូវទំនៀមទំនាប់ ប្រពៃណី ដ៏ផុសផងរបស់ខ្មែរយើង។
អភិបាលខេត្តបានសំណូមពរដល់កីឡាករទូកទាំងអស់ សូមថែរក្សាសុខភាពឱ្យបានល្អ សម្រាកឱ្យបានគ្រប់គ្រាន់ បរិភោគទឹកឱ្យបានត្រឹមត្រូវ ដើម្បីត្រៀមចូលរួមអុំទូកឱ្យទទួលបានជោគជ័យក្នុងរយៈពេល ៣ថ្ងៃនេះ។
ក្នុងឱកាសនោះដែរអភិបាលខេត្តកណ្ដាល សូមថ្លែងអំណរគុណដល់អ្នកឧកញ៉ា ឧកញ៉ា ឯកឧត្តម លោកជំទាវ និងសប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភ ពិសេសក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ដែលបានឧបត្ថម្ភភេសជ្ជៈជូនដល់កីឡាករចំណុះទូកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២៤នេះ។
សូមបញ្ជាក់ផងដែរថា សម្រាប់ខេត្តកណ្ដាលមានទូកចំនួន ១០៧ទូក និងមានកីឡាករសរុបចំនួន ៦៥៩០នាក់ ចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក ក្នុងនោះរួមមាន៖ ទូកអុំបុរស ចំនួន ៥៣ទូក, ទូកចែវបុរស ចំនួន១៧ទូក និងទូកខ្នាតអន្តរជាតិ ចំនួន៣៧ទូក៕