(កណ្ដាល)៖ តំណាងនៃសាកលវិទ្យាល័យ Andalas ប្រទេសឥណ្ឌូណេស៊ី បានចុះមកសិក្សាស្វែងយល់ ផ្លាស់ប្ដូរយោបល់គ្នាជាមួយសម្ដេចព្រះមង្គលទេពាចារ្យ វង្ស អានេតា ព្រះសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នាថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២៤ ដើម្បីសិក្សាពីលទ្ធភាពផ្លាស់ប្ដូរបទពិសោធន៍ និងគម្រោងបញ្ចូននិស្សិតខ្មែរទៅសិក្សានៅសាកលវិទ្យាល័យ Andalas នាពេលឆាប់ៗខាងមុខនេះ។

ស្ថិតនៅក្នុងឱកាសជួបសំណេះសំណាល និងអនុស្សារណៈយោគយល់ជាជំហានដំបូងជាមួយនឹងគណៈប្រតិភូឥណ្ឌូណេស៊ី, សម្ដេចព្រះមង្គលទេពាចារ្យ វង្ស អានេតា បានសំដែងនូវទឹកព្រះទ័យត្រេកអរជាពន់ពេក ចំពោះការចុះមកស្វែងយល់ពីសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ហើយពិសេសនោះគឺខាងឥណ្ឌូណេស៊ីនឹងផ្ដល់អាហាររូបករណ៍ដល់និស្សិតកម្ពុជា តាមរយៈការសិក្សានៅសាកលវិទ្យាល័យនៅប្រទេសកម្ពុជារយៈពេល២ឆ្នាំ ហើយអាចបន្តការសិក្សានៅប្រទេសឥណ្ឌូណេស៊ី បាននៅឆ្នាំបន្តបន្ទាប់ និស្សិតទាំងសងខាងអាចចុះទៅក្សាជាជំហានដំបូងសម្រាប់ជាលក្ខណៈឆមាសផងដែរ ដែលមានរយៈពេល៤ខែទៅតាមកម្មវិធីសិក្សា។ នេះសបញ្ជាក់ឱ្យឃើញពីតម្លៃនៃគុណភាពអប់រំនៅកម្ពុជា ពិសេសឆ្លុះបញ្ចាំងឱ្យឃើញពីគុណភាពអប់រំល្អពិតៗរបស់សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ដែលបរទេសទទួលស្គាល់។

សម្ដេចព្រះមង្គលទេពាចារ្យ វង្ស អានេតា មានថេរដីកាបន្តថា សម្ដេចនឹងទៅចុះអនុស្សារណៈផ្ទាល់ដល់សាកលវិទ្យាល័យ Andalas ប្រទេសឥណ្ឌូណេស៊ីឆាប់ៗខាងមុខនេះ ដើម្បីរឹតចំណងភ្ជាប់ជាមួយឥណ្ឌូណេស៊ី សម្រាប់ការបញ្ជូននិស្សិតខ្មែរទៅសិក្សានៅទីនោះ និងសម្រាប់និស្សិតឥណ្ឌូណេស៊ីដែលមានបំណងចង់មកសិក្សានៅសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ដែលនេះជាការជួយគ្នាទៅវិញទៅមក។

សូមជម្រាបថា សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បង្កើតឡើងក្នុងបុព្វហេតុវិស័យអប់រំជាឧត្តមប្រយោជន៍ដល់កូនខ្មែរគ្រប់ជំនាន់តទៅ ដើម្បីផ្តល់ឱកាសឱ្យនិស្សិតកុលបុត្រខ្មែរគ្រប់រូប បានបន្តការសិក្សារៀនសូត្រថ្នាក់បរិញ្ញាបត្រដោយមិនតម្រូវឱ្យមានការបង់ថ្លៃសិក្សានោះទេ ពោលគឺសាកលវិទ្យាល័យបានផ្តល់ជូននិស្សិតនូវអាហារូបករណ៍សិក្សា១០០% ពីឆ្នាំទី១ រហូតដល់ឆ្នាំទី៤ ដែលជាឆ្នាំបញ្ចប់ការសិក្សា។

ក្នុងបេសកកម្មនៃការរបណ្តុះបណ្តាលនិស្សិតដោយមិនស្វែងរកប្រាក់ចំណេញនេះ សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានធានានូវគុណភាពនៃការអប់រំ ក្នុងក្របខ័ណ្ឌនៃកិច្ចការដ៏ឧត្ដុង្គឧត្តមនេះ បញ្ញវន្តខ្មែរដែលជាសាស្ត្រាចារ្យ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បានសច្ចាធានាឱ្យបាននូវគុណវុឌ្ឍវិទ្យាសាស្ត្រ និងគរុសភា ដែលជាកត្តាសារវន្តនៃការអប់រំ ការបណ្តុះបណ្តាល ការសិក្សា និងការស្រាវជ្រាវ ក្នុងថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ដើម្បីឱ្យនិស្សិតដែលបានសិក្សាចប់មានក្រមសីលធម៌ល្អ មានសមត្ថភាព ចំណេះដឹង ជំនាញ និងបទពិសោធន៍ពេញលេញ ហើយអាចទទួលបានជោគជ័យក្នុងពិភពការងារ ។

បន្ថែមលើសនេះ សាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ក៏មានការសហការជាមួយសាកលវិទ្យាល័យបរទេសជាច្រើនផងដែរ សំដៅដល់ការបញ្ជូននិស្សិតទៅសិក្សាឆ្នាំទី៣នៅសាកលវិទ្យាល័យបរទេសណានោះឱ្យតែប្រឡងជាប់ ពិសេស គឺភាសាអង់គ្លេសជាចម្បង។

សូមបញ្ជាក់ជូនថា សាកលវិទ្យាល័យនេះ មានមហាវិទ្យាល័យចំនួន០៦រួមមាន៖ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា, មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, មហាវិទ្យាល័យ វិទ្យាសាស្ត្រសង្គម, មហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម មហាវិទ្យាល័យសិក្សាអភិវឌ្ឍ និងទេសចរណ៍ និងមហាវិទ្យាល័យវិទ្យាសាស្រ្តសេដ្ឋកិច្ច និងធុរកិច្ច ដែលមានមុខជំនាញសរុប ៣២ជំនាញ៕