(ភ្នំពេញ)៖ សុវត្ថិភាពម្ហូបអាហារ ជាកិច្ចការអត្ថិភាព របស់រាជរដ្ឋភិបាលកម្ពុជា ហេតុនេះដើម្បីការពារផល ប្រយោជន៍ អ្នកប្រើប្រាស់ ក៏ដូចជាការការពារសុខុមាលភាពប្រជាពលរដ្ឋ ត្រូវបានលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ បានណែនាំជាប្រចាំ និងចង្អុលបង្ហាញ ដល់លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ពង្រឹងឱ្យខានតែបាននូវ ការត្រួតពិនិត្យណែនាំជាប្រចាំ និងនៅទូទាំង ប្រទេស ដើម្បីធានាបាននូវផលិតផល ទំនិញម្ហូបអាហារប្រកបដោយគុណភាព និងមានសុវត្ថិភាពខ្ពស់ និងបន្តអប់រំឱ្យ ប្រតិបត្តិករ អាជីវកម្មម្ហូបអាហារ ដែលប្រកបអាជីវកម្មរបស់ខ្លួន ដោយសុចរិត និងស្វែងយល់ពីអំពើល្មើស ពាក់ព័ន្ធនឹងការប្រកបអាជីវកម្ម ដែលបង្កឱ្យមានហានិភ័យ ដល់សុខភាពប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់សារធាតុគីមី ហាមឃាត់ ឬការប្រើប្រាស់លើសកម្រិតជាដើម។
ជាក់ស្តែងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃទី១ នៃការរៀបចំអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មន្ត្រីជំនាញ សាខា ក.ប.ប. រាជធានីភ្នំពេញ នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក្រសួងពាណិជ្ជកម្ម សហជាមួយមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យទំនិញ តាមបណ្តាស្តង់ លក់ផលិតផល ទំនិញ ម្ហូបអាហារនានា ដែលអាចនឹង ប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ហេង មាលី ប្រធានសាខា ក.ប.ប.រាជធានីភ្នំពេញ ក៏បានពន្យល់ណែនាំអ្នកប្រកបអាជីវកម្ម លក់រាយ និងតាមស្តង់ ដែលតាំងលក់ម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ នៅក្នុងថ្ងៃពិធីនេះឱ្យបាន យល់ ក្នុងគោលបំណង អប់រំ និងបញ្រ្ជៀបការយល់ដឹង ដើម្បីធានាបាននូវការការពារសុខុមាលភាព និងផលប្រយោជន៍អ្នកប្រើប្រាស់។
មន្ត្រីជំនាញក៏បានពន្យល់ អប់រំ ណែនាំ ដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ ត្រូវមានឯកសារពាក់ព័ន្ធ ច្បាស់លាស់ជាមុនសិន មុននឹងទទួលទិញយកមកលក់បន្ត ហើយកុំលាយបន្ថែម នូវសារធាតុគីមីហាម ឃាត់ណាមួយ ដែលមិនមានបទប្បញ្ញត្តិបច្ចេកទេស ទៅលើផលិតផលម្ហូបអាហារ ដែលនាំឱ្យប៉ះពាល់ ដល់សុខភាព សុវត្ថិភាពអ្នកប្រើប្រាស់ និងបានបន្តណែនាំដល់ អាជីវករទាំងអស់ ឱ្យដាក់តាំងលក់ ផលិតផលទំនិញ ឱ្យត្រូវតាមលក្ខណៈ បច្ចេកទេស ដោយញែកដាច់ចេញពីគ្នា រវាងផលិតផលប្រើប្រាស់ ដែលជាសារធាតុគីមី និងទំនិញម្ហូបអាហារ និងការពិនិត្យមើលផលិតផល ហួសកាលបរិច្ឆេទជាដើម ។
ក្នុងករណីបងប្អូនឃើញមានផលិតផលដែលអាចប៉ះពាល់បញ្ហសុខភាព ដល់អ្នកទទួលទាន សូមបងប្អូន ផ្តល់ព័ត៌មាន តាមប្រព័ន្ធ Hotline លេខ1266 ដោយមិនគិតលុយទេ របស់ក្រសួងពាណិជ្ជកម្ម ឬតាមបណ្តឹង CCF Complain App មកកាន់អគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្មដោយផ្ទាល់ ៕