(កំពង់ស្ពឺ)៖ អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់អំពីចំណាត់ការរបស់តុលាការលើសំណុំរឿង លោក សុខ ស៊ុនណារ៉េត ឪពុករបស់លោក ស៊ន តារា ដែលពាក់ព័ន្ធនឹងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

សេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលាដំបូងខេត្តកំពង់ស្ពឺ បានទទួលចាត់ការលើសំណុំរឿង ព្រហ្មទណ្ឌលេខៈ១៨៩៩ ចុះថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ទាក់ទិននឹងករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ដែលមានជនត្រូវចោទឈ្មោះ សុខ ស៊ុនណារ៉េត ភេទប្រុស ឆ្នាំកំណើត១៩៥៨ ត្រូវបានចោទប្រកាន់ពីបទ៖ រក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤០ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន ដោយបានដកហូតគ្រឿងញៀនចំនួន ០២ (ពីរ)កញ្ចប់ ជាប្រភេទមេតំហ្វេតាមីន ទម្ងន់ ១៥,៥២(ដប់ប្រាំក្បៀសហាសិបពីរ)ក្រាម និងសារធាតុមិនច្បាស់ចំនួន ០១(មួយ)កញ្ចប់ ទម្ងន់ ១៣,៧៨ (ដប់បីក្បៀសចិតសិបប្រាំបី) ក្រាម។

បន្ទាប់ពីបានពិភាក្សាដេញដោលចំពោះមុខ សួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងនានាក្នុងសំណុំ រឿងរួចរាល់ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទខាងលើ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់៕