(ភ្នំពេញ)៖ ឯកឧត្តមកិត្ដិកោសលបណ្ឌិត ឌិត មុន្ទី ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានចេញសារលិខិត ថ្លែងអំណរគុណសូមគោរពជូនសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានសារលិខិតជូនពរឯកឧត្តម ក្នុងឱកាសថ្ងៃខួបកំណើត។
ក្នុងសារលិខិត បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំបាទមានសេចក្តីសោមនស្សរីករាយឥតឧបមា ដោយទទួលបានសារលិខិតជូនពររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងនាមព្រឹទ្ធសភាទាំងមូលប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ និងសព្ទសាធុការពរជ័យក្នុងឱកាសថ្ងៃខួបកំណើតរបស់ខ្ញុំបាទ។
ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះព្រឹទ្ធសភា ជាពិសេស សម្តេចតេជោ ដែលជានិច្ចកាលតែងតែសន្តោសប្រោសប្រណី និងយកចិត្តទុកដាក់
ចំពោះសុខទុក្ខរបស់ខ្ញុំបាទនិងក្រុមគ្រួសារ ដែលខ្ញុំបាទនិងក្រុមគ្រួសារមិនអាចបំភ្លេចបានអស់មួយជីវិត ហើយមានជំនឿជឿជាក់ថា ព្រឹទ្ធសភាក្រោមការដឹកនាំរបស់ សម្ដេចតេជោ នឹងរីកចម្រើនលើគ្រប់វិស័យ។
ខ្ញុំបាទសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមព្រះអង្គតាមជួយប្រោះព្រំបីបាច់ថែរក្សាសមាជិក សមាជិកាព្រឹទ្ធសភា មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ជាពិសេសសម្ដេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង សម្ដេចមហាបវរធិបតី និង លោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ បុត្រា បុត្រី និងចៅៗជាទីស្រឡាញ់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ»៕