(ភ្នំពេញ)៖ ពិតជាដំណឹងដ៏រីករាយផ្ទួនៗសម្រាប់ក្រុមកីឡាករទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ» មិន​ត្រឹម​​តែ​ទទួលបានការឧបត្ថម្ភសម្រាប់ការប្រកួតនៅឆ្នាំ២០២៤នេះប៉ុណ្ណោះទេ នៅពេលនេះ​សម្តេច​​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសម្រេចធ្វើទូកងខ្នាតវែងជូនមួយគ្រឿង​ ដើម្បីចូលរួ​ម​ប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំ២០២៥។ តាមរយៈទូកងខ្នាតវែង នឹងធ្វើឱ្យ​ទូកង «ខ្មែរ​កម្ពុជា​ក្រោមមានជ័យ» កាន់តែទទួលបានការចាប់អារម្មណ៍ និងស្គាល់កាន់តែខ្លាំង​ផង​ដែរ។

ដំណឹងដ៏រីករាយសម្រាប់គណៈកម្មការ កីឡាករ ក៏ដូចជាប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមគ្រប់​ទិស​ទី​នេះ ត្រូវបានបញ្ជាក់ដោយលោក សាន សាង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈ​ប្រធាន​គណ​បក្សប្រជាជនកម្ពុជា។

លោក សាន សាង បានបញ្ជាក់ដំណឹងនេះយ៉ាងដូច្នេះ «សម្តេចតេជោ បានយល់ព្រមផ្តល់ទូកងថ្មី​មួយ​​ទៀត ជូនក្រុមកីឡាករខ្មែរក្រោមសម្រាប់ឆ្នាំក្រោយ គឺខ្នាតធំសម្រាប់ការប្រកួតនៅឆ្នាំក្រោយ។ សម្តេចបានចាត់ចែងឯកឧត្តម សេង ទៀង ក្នុងការសាងសង់ទូកនេះ»

ចាប់តាំងពីឆ្នាំ២០០២មក បងប្អូនខ្មែរក្រោមដែលរស់នៅក្នុងប្រទេសកម្ពុជា តាមរយៈទូកងឈ្មោះ «ខ្មែរ​​កម្ពុជាក្រោមមានជ័យ» តែងតែចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូកមិនដែលខកខាន​នោះ​ឡើយ ទោះបីលទ្ធភាពខ្សត់ខ្សោយ ឬខ្វះខាតក៏ដោយ។ ទូកដែលចូលរួមប្រណាំងនេះ ជាទូក​ខ្នាត​​ខ្លីចំណុះត្រឹមតែ២២នាក់ប៉ុណ្ណោះ។

តាមរយៈការចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក ធ្វើឱ្យគេបានឭពាក្យថា «ខ្មែរកម្ពុជាក្រោម» ជា​ជន​​រួម​​ឈាមរបស់ខ្មែរនៅខ្មែរក្រោម ដែលបានប្រឹងប្រែងជម្នះគ្រប់ការលំបាកថែរក្សាឈ្មោះ «ខ្មែរ​កម្ពុជា​ក្រោម» ថែរក្សាវប្បធម៌ ប្រពៃណ ទំនៀមទម្លាប់រួមទាំងពិធីបុណ្យអុំទូកផងនោះ ឱ្យគង់វង្ស​ដល់​បច្ចុប្បន្ន។

២៣ឆ្នាំមកហើយ ដែលបងប្អូនខ្មែរក្រោមរស់នៅកម្ពុជា ប្រឹងប្រែងចូលរួមក្នុងព្រះរាជពិធីបុណ្យ​អុំ​ទូក​​​ដើម្បីជាឱកាសស្រែកបន្ទរបង្ហាញ​ឱ្យ​ខ្មែរនៅប្រទេសកម្ពុជា បានដឹងបានឭពីឈាមជ័ររបស់​ខ្មែរ​កម្ពុជាក្រោម។ ជារឿងត្រេកអរគ្មានអ្វីផ្ទឹមនោះឡើយ សម្រាប់ការចាប់ផ្តើមជួយជ្រោមជ្រែងរបស់​សម្តេច​តេជោ ហ៊ុន សែន ដែលជាអ្នកសម្រេចឱ្យមានឈ្មោះទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ» កាលពី២៣ឆ្នាំមុន។

ការជួយរបស់សម្តេចតេជោ ស្មើនឹងផ្តល់ទឹកសន្សើមប្រោសព្រំផ្តល់ដង្ហើមនៃក្តីប្រឹងប្រែងរបស់បង​ប្អូនខ្មែរកម្ពុជាក្រោមក្នុងការបន្តថែរក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដូនតា ក៏ដូចជាផ្សព្វផ្សាយឱ្យ​ខ្មែរ​គ្រប់​ទី​កន្លែងបានស្គាល់បានដឹង «ខ្មែរកម្ពុជាក្រោម»។ ការជួយជ្រោមជ្រែងរបស់សម្តេចតេជោ គឺជា​កម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់កិច្ចប្រឹងប្រែងថែរក្សាអត្តសញ្ញាណមរតកដូនតាខ្មែរ។

លោក ថន សាខឿន អ្នកគ្រប់គ្រងកីឡាករអុំទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ» បានបង្ហាញក្តី​ត្រេក​អរ និងរីករាយជាខ្លាំងពេលបានឭដំណឹងសម្តេចតេជោឧបត្ថម្ភទូកងខ្នាតវែង ព្រោះថាទូកខ្នាតវែង ចំណុះច្រើន ជាទូកផែនពិសេសទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកទស្សនា។

លោក សាន សាង បានចាត់ទុកការផ្តល់ទូកងខ្នាតវែងពីសំណាក់សម្តេចតេជោ ហ៊ុន សែន គឺ​បង្ហាញ​​ច្បាស់ពីទឹកចិត្តគិតគូរ និងយកចិត្តទុកដាក់របស់សម្តេចតេជោ ក្នុងការជួយថែ​រក្សា​វប្ប​ធម៌​ប្រពៃណីទំនៀមទម្លាប់របស់ខ្មែរក្រោម។ សម្រាប់លោក សាន សាង ការជួយថែរក្សាវប្បធម៌​ប្រពៃ​ណីទំនៀមទម្លាប់របស់ខ្មែរក្រោមឱ្យគង់វង្សជារឿងដ៏វិសេសវិសាលបំផុត។

លោក ញឹម រិទ្ធី ប្រធានគណៈកម្មការទូកងខ្មែរកម្ពុជាក្រោមមានជ័យ ក៏មិនខុសពីចំណុះទូក និង​បង​ប្អូនខ្មែរកម្ពុជាក្រោមដទៃនោះឡើយ គឺពិតជាសប្បាយរីករាយគ្មានអ្វីផ្ទឹម។ តំណាងឱ្យគណៈ​កម្មការ​ទូក និងចំណុះទូកទាំងអស់ លោក ញឹម រិទ្ធី គោរពថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅបំផុត​សម្រាប់ការជួយជ្រោមជ្រែងរបស់សម្តេចតេជោដល់ទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ»

សូមបញ្ជាក់ថា ទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ» ត្រូវបានបង្កើត និងចូលរួមប្រកួតក្នុង​ព្រះរាជ​ពិធី​បុណ្យអុំទូកនៅឆ្នាំ២០០២។ ការស្នើសុំប្រើប្រាស់ឈ្មោះទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ» នៅ​ពេល​​នោះ មានការតាន់តឹងផងដែរ។ តានតឹងក៏ព្រោះគណៈកម្មាធិការបុណ្យជាតិ និងអន្តរជាតិ មិន​ហ៊ានសម្រេចលើការអនុញ្ញាត ឬមិនអនុញ្ញាតឱ្យប្រើប្រាស់ឈ្មោះនេះ ព្រោះបារម្ភប៉ះពាល់​ទំនាក់​ទំនង​រវាងកម្ពុជា និងវៀតណាម។ នៅពេលនោះ គឺមានការឆ្លងសុំយោបល់ពីសម្តេចតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រី។ សម្តេចតេជោ មិនអល់អែកនោះឡើយ ហើយក៏សម្រេចឱ្យប្រើ​ប្រាស់ឈ្មោះនេះតាំងពីពេលនោះមក។

លោក សាន សាង ដែលជាប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម និងជាអ្នកដាក់សំណើ​សុំ​ប្រើ​ឈ្មោះ «ខ្មែរកម្ពុជាក្រោមមានជ័យ» នៅចងចាំរឿងរ៉ាវមួយនេះមិនភ្លេចឡើយ ហើយចាត់ទុក​សម្តេចតេជោ ជាមេដឹកនាំមួយរូបដែលមានគំនិតជ្រៅមិនអាចវាស់ស្ទង់បានចំពោះបងប្អូន​ខ្មែរក្រោម។

ចាប់តាំងពីឆ្នាំ២០០២មក ទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ» តែងចូលរួមប្រកួតក្នុងព្រះរាជពិធី​បុណ្យ​អុំទូក ហើយពាក្យថា «ខ្មែរកម្ពុជាក្រោម» តែងតែបានឭក្នុងព្រះរាជពិធីដ៏ធំរបស់ខ្មែរ។ នៅឆ្នាំ​២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានជួយឧបត្ថម្ភទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ» សម្រាប់ការចំណាយផ្សេងៗ។ ការប្រកួតនៅថ្ងៃទី១ ទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ» ទទួលបានជ័យជម្នះទាំងពីរជើង៕