(ភ្នំពេញ)៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក កំពុងប្រព្រឹត្តទៅក្រោមបរិយាកាសមហាសប្បាយរីករាយទាំងសម្រាប់ការរៀបចំនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន។ ការប្រព្រឹត្តទៅនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកដែលជាព្រះរាជបវេណីដ៏ត្រកាលរបស់ខ្មែរនៅឆ្នាំ២០២៤នេះ គឺជាឆ្នាំទី២ហើយ ក្រោមការរៀបចំចាត់ចែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីនៃរាជរដ្ឋាភិបាលកម្ពុជាប្រសូតចេញពីការបោះឆ្នោត ប្រសូតចេញពីការពេញចិត្តរបស់ប្រជាពលរដ្ឋខ្មែរ។
ទទួលភារកិច្ចដែលជាអម្រែកដ៏មហិមាជាមួយការទទួលខុសត្រូវដ៏ខ្ពស់ចំពោះជោគវាសនាជាតិ និងប្រជាជនកម្ពុជារយៈពេលជាងមួយឆ្នាំនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រឹងប្រែងអស់កម្លាំងកាយចិត្តបញ្ញាញាណក្នុងការបន្តដឹកនាំនាវាកម្ពុជាជាមួយស្មារតីរបស់មេដឹកនាំនីតិកាលចាស់ គឺសម្តេចតេជោ ហ៊ុន សែន ឈានឆ្ពោះទៅមុខ ទៅរកត្រើយវឌ្ឍនភាព និងវិបុលភាព។ ជាពិសេសការរក្សាឱ្យបាននូវសុខសន្តិភាព ស្ថេរភាពដែលជាបុព្វលក្ខខណ្ឌដ៏ចាំបាច់សម្រាប់កម្ពុជាបន្តបោះជំហាននៃការរីកចម្រើន។
ក្រៅពីការគិតគូរកសាងសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសារខ្មែរ ឱ្យរីកចម្រើនលូតលាស់ហើយនោះ គេបានមើលឃើញផងដែរថា សម្តេចមហាបវរធិបតី បានយកចិត្តទុកដាក់ចាត់ចែងរៀបចំរាល់ព្រះរាជពិធី និងពិធីបុណ្យធំៗរបស់ជាតិ ឱ្យប្រព្រឹត្តទៅបានល្អប្រសើរ និងនាំមកនូវភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ក៏ដូចជារក្សាឱ្យបាននូវទំនៀមទម្លាប់ប្រពៃណីជាគ្រឹះវប្បធម៌ ជាគ្រឹះអត្តសញ្ញាណរបស់ជាតិ។
ជាក់ស្តែងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលកំពុងប្រព្រឹត្តទៅក្នុងរាជធានីភ្នំពេញនៅឆ្នាំ២០២៤ ដែលជាឆ្នាំទី២ ក្រោមការដឹកនាំ គ្រប់គ្រង និងចាត់ចែងការងាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ ជាមួយការរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់រៀបរយយ៉ាងល្អប្រសើរ។ ស្ថានភាពដ៏ប្រសើរក្រោមការចូលរួមពីប្រជាពលរដ្ឋរាប់លាននាក់មកពីគ្រប់ទិសទីប្រៀបដូចជាសាគរនៃមនុស្សបែបនេះ កើតមានទៅបានក៏ព្រោះតែស្ថានភាពសេដ្ឋកិច្ចប្រទេសជាតិ ក៏ដូចជាគ្រួសារនីមួយៗមានភាពល្អប្រសើរ បូករួមជាមួយការចាត់ចែងការងារគ្រប់ផ្នែកប្រកបដោយភាពល្អប្រសើរ និងមានការយកចិត្តទុកដាក់ខ្ពស់។
ព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា ព្រះរាជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុគណស្រុកសំបូរ ខេត្តក្រចេះ និងជាព្រះចៅអធិការវត្តព្រះវិហារធំសសរ១០០ ដែលបាននិមន្តដឹកនាំគណៈកម្មការទូកងខ្នាតវែង «ព្រះសិរីមុនីរាជតេជោសែនជ័យ» ចូលរួមប្រកួតនៅឆ្នាំ២០២៤នេះ បានបង្ហាញទឹកព្រះទ័យរីករាយ និងកោតសរសើរចំពោះការរៀបចំទូទៅនៃព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំនេះមានភាពល្អប្រសើរទាំងការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ការតុបតែងលំអរ និងការរៀបចំកន្លែងស្នាក់នៅរបស់កីឡាករ។
ព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា បានបង្ហាញការកត់សម្គាល់បែបនេះ «ស្ថានភាពដ៏ល្អនេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ ការស្រឡាញ់ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺលោកគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកមកពីតាមបណ្តាខេត្តឆ្ងាយៗ។ អ៊ីចឹងហើយលោកបានចាត់ចែងក្រុមការងារគ្រប់សមាសភាពពាក់ព័ន្ធឱ្យជួយសម្រួលយ៉ាងម៉េចឱ្យបងប្អូនយើងមកហ្នឹងមាននូវសេចក្តីសុខសុវត្ថិភាព មានការហូបចុកគ្រប់គ្រាន់ និងមួយវិញទៀត ដើម្បីថែរក្សាទំនៀមទម្លាប់ប្រពៃណីដ៏ល្អរបស់ខ្មែរយើង និងធ្វើបង្ហាញទៅឆាកអន្តរជាតិថាខ្មែរមានសន្តិសុខសុវត្ថិភាពពេញលេញ»។
សូមបញ្ជាក់ថាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បាននិងកំពុងប្រព្រឹត្តទៅយ៉ាងសប្បាយរីករាយ។ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រខែ អកអំបុក ដែលកំពុងប្រព្រឹត្តនៅមុខព្រះបរមរាជវាំងក្នុងឆ្នាំនេះ មានទូកចូលរួម៣៤៦ទូក ជាមួយកីឡាករ និងគណៈកម្មការសរុបជាង ២ម៉ឺននាក់។
ថ្ងៃទី១នៃព្រះរាជពិធី គឺថ្ងៃទី១៤ ខែវិច្ឆិកា មានអ្នកចូលរួមលេងកម្សាន្តទាំងពលរដ្ឋខ្មែរ និងជនបរទេសសរុបជាង១លាននាក់ ជាមួយសន្តិសុខសណ្តាប់ធ្នាប់បានល្អប្រសើរ៕