(ទីក្រុងប៊ូការ៉េស, រ៉ូម៉ានី)៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានអាជ្ញាធរជាតិអាវុធគីមី នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម បានដឹកនាំប្រតិភូចូលរួមក្នុងកិច្ចប្រជុំ the Inaugural Meeting of the Global Forum to Prevent Radiological and Nuclear Terrorism (Global FPRNT) ប្រព្រឹត្តទៅពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងប៊ូការ៉េស ប្រទេសរ៉ូម៉ានី។
កិច្ចប្រជុំនេះមានអ្នកចូលរួមសរុបប្រមាណជាង ២០០នាក់ មកពី ៦២ប្រទេស ក្នុងតំបន់អាស៊ី អាហ្វ្រិក អឺរ៉ុប មជ្ឈឹមបូព៌ា និង អាមេរិកឡាទីន និងអង្គការអន្តរជាតិចំនួន ៨ ដែលទទួលបន្ទុកការងារពាក់ព័ន្ធការរំសាយអាវុធមហាប្រល័យ រួមមានអាវុធគីមី អាវុធជីវសាស្រ្ត អាវុធវិទ្យុសកម្ម និងអាវុធនុយក្លេអ៊ែរ។
គោលបំណងនៃកិច្ចប្រជុំនេះផ្តោតសំខាន់លើការពង្រឹងសមត្ថភាពជាអន្តរជាតិ ក្នុងការឆ្លើយតបភេវរកម្មវិទ្យុសកម្ម និងនុយក្លេអ៊ែរ តាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងរៀបចំផែនការត្រៀមបង្ការ ការពារ និងការឆ្លើយតបទាន់ពេលវេលា សំដៅកាត់បន្ថយហានិភ័យសារធាតុ និងសម្ភារៈវិទ្យុសកម្ម និងនុយក្លេអ៊ែរ ដោយប្រកាន់ខ្ជាប់នូវបទដ្ឋានច្បាប់អន្តរជាតិ៕