(ព្រះវិហារ)៖ លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ខេត្តព្រះវិហារ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក បានដឹកនាំក្រុមការងារ ស.ស.យ.ក.ស្រុក ចុះសួរសុខទក្ខដល់លំនៅដ្ឋានប្រជាពលរដ្ឋដែលរងគ្រោះបណ្តាលឱឱ្យបាក់ដៃ និងមន្ត្រីរាជការដែលកំពុងសម្រាកព្យាបាលជំងឺ។

លោក ហោ ប៊ុនហួរ បានថ្លែងនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់កណ្តាល និងលោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករវៀង ដែលតែងតែគិតគូយកចិត្តទុក្ខពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើង ពិសេសប្រជាពលរដ្ឋទូទាំងស្រុករវៀង។

លោកអភិបាលស្រុករវៀង បានថ្លែងលើកទឹកចិត្តដល់មន្ត្រីរាជការ ប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺនៅលំនៅដ្ឋាន ត្រូវខិតខំយកចិត្តទុកដាក់ព្យាបាលជំងឺរបស់ខ្លួនដើម្បីឱ្យឆាប់ជាសះស្បើយ ដោយមិនត្រូវគិតអ្វីទាំងអស់ ធ្វើយ៉ាងណាឱ្យខ្លួនបានជាសះស្បើយ មានសុខភាពល្អប្រសើរឡើងវិញ ចាំគិតពីការងាររបស់ខ្លួនតាមក្រោយ។

ជាមួយនឹងការថ្លែងជូនពរជ័យសូមឱ្យមន្ត្រី និងពលរដ្ឋឆាប់ជាសះស្បើយពីជំងឺ លោក ហោ ប៊ុនហួរ ក៏បានឧបត្ថម្ភថវិកា និងសម្ភាររួមមាន៖

១. លោក អៀម សុខុម មេឃុំរបៀប នៅភូមិត្នោតម្លូ ឃុំរបៀប បានចូលរួមឧបត្ថម្ភទឹកសុទ្ធ០១កេះ ថវិកា២០០,០០០រៀល។

២. លោកស្រី​ មឿង​ ឡាយ​ រងគ្រោះដោយបាក់ដៃ​ នៅភូមិថ្កែង​ ឃុំរហ័ស បានចូលរួមឧបត្ថម្ភទឹកសុទ្ធ០១កេះ ថវិកា២០០,០០០រៀល។

៣. លោក ជិម ចោន ប្រធានការិយាល័យសង្គមកិច្ចស្រុក នៅភូមិស្រែធំ ឃុំរុងរឿង ទឹកសុទ្ធ០១យួរ ថវិកា៧៦០,០០០រៀល៕