(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត David Choy ឯកទេសវះកាត់ប្រព័ន្ធប្រសាទដ៏ល្បីប្រចាំមន្ទីរពេទ្យ Raffle Hospital ប្រទេសសិង្ហបុរី ដែលជាវាគ្មិនមួយរូប ក្នុងចំណោមវាគ្មិនអន្ដរជាតិជាច្រើនរូបទៀត មកចែករំលែកបទពិសោធន៍ក្នុងសន្និសីទប្រចាំឆ្នាំលើកទី៣ របស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា បានថ្លែងឱ្យដឹងថា អ្នកកើតជំងឺទឹកនោមផ្អែម លើសឈាម និងខ្លាញ់ គឺមានឱកាសខ្ពស់ជាងគេ ក្នុងការកើតជំងឺដាច់សរសៃឈាមខួរក្បាល ឬស្រ្ដូក( Stroke)។

លោកវេជ្ជបណ្ឌិត David Choy បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ទៀតថា ដើម្បីការពារពីហានិភ័យនៃការកើតជំងឺស្រ្ដូក ឬដាច់សរសៃឈាមខួរក្បាល ចំពោះអ្នកកើតជំងឺ ៣ប្រភេទខាងលើនេះ គឺត្រូវតែមានកម្មវិធីពិនិត្យសុខភាពឱ្យបានទៀងទាត់ជាមួយគ្រូពេទ្យឯកទេស, ព្យាបាលតាមដានជំងឺរបស់ខ្លួនឱ្យបានត្រឹមត្រូវ, កាត់បន្ថយ ឬឈប់ពិសាគ្រឿងស្រវឹង និងបារី, ត្រូវមានរបបអាហារប្រចាំថ្ងៃត្រឹមត្រូវ និងរក្សាទម្ងន់ឱ្យសមស្របទៅតាមកម្ពស់ផងដែរ។

លើសពីនោះលោកវេជ្ជបណ្ឌិតបានគួសរម្លឹក និងត្រូវចង់ចាំថា «បើសិនជាមានសមាជិកគ្រួសារណាមួយ ធ្លាប់មានជំងឺដាច់សរសៃឈាមខួរក្បាល ឬស្ដ្រូកនេះ សូមសមាជិកក្នុងគ្រួសារនោះ មានដូចជា ប្ដី ប្រពន្ធ ឬកូន គួរតែទៅពិនិត្យសុខភាព ដើម្បីរុករកឱ្យឆាប់ឃើញ និងទទួលបានការព្យាបាលទាន់ពេលវេលា និងមានប្រសិទ្ធភាព»

សូមជម្រាបថា ពិធីបើកសន្និសីទប្រចាំឆ្នាំលើកទី៣ របស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា បានធ្វើឡើងក្រោមប្រធានបទ «នវានុវត្តន៍ក្នុងការព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺក្រពេញទីរ៉ូអ៊ីត» នៅដើមខែវិច្ឆិកា ឆ្នាំ២០២៤ ដែលធ្វើឡើងក្រោមអធិបតីភាពលោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល។ ក្ន្ងងពិធីនេះផងដែរ គឺមានវាគ្មិនជាតិ និងអន្ដរជាតិជាច្រើនរូប បានចែករំលែកបទពិសោធន៍នៃស្ថានភាពនៃជំងឺខាងលើនេះតាមប្រទេសនីមួយ ជាពិសេសបច្ចេកទេសព្យាបាល រួមទាំងឱសផងដែរ៕