(សៀមរាប)៖ ក្នុងព្រឹត្តិការណ៍ពិធីសំពះព្រះខែ អកអំបុក បណ្ដែតប្រទីប នៅខេត្តសៀមរាប មានការនិមន្តចូលរួមរបស់សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ និងព្រះមេគណខេត្ត គណៈសង្ឃនិកាយ និង ធម្មយុទ្ធនិកាយ និង ព្រះមន្ត្រីសង្ឃខេត្ត ធ្វើបទនមស្ការព្រះរតរតនត្រ័យ ដើមី្បសុំនូវសេចក្តីសុខជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋ។
ការគោរពពិធីសំពះព្រះខែ អកអំបុក បណ្ដែតប្រទីប នេះដែរ ក៏មានវត្តមានចូលរួមពីលោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី លោក ប្រាក់ សោភ័ណ អភិបាលខេត្ត និងលោកស្រី ព្រមទាំងលោក លោកស្រី ជាសមាជិក រដ្ឋសភា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមមន្ទីរ អង្គភាព មន្ត្រីរាជការ និង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត រួមទាំងប្រជាពុទ្ធបរិស័ទ និង ភ្ញៀវជាតិ អន្តរជាតិយ៉ាងច្រើនកុះករ ផងដែរ ។
ពិធីនេះដែរក៏បានរៀបចំពិធីបួងសួង នៅសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប នៅរាត្រីថ្ងៃ១៥កើត ខែ កត្តិក ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើមី្បសុំនូវសេចក្តីសុខជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់រួមនិងប្រជាពលរដ្ឋ។
ពិធីនេះក៏ជាការបួងសួងសុំខមាលទោសដល់អារុក្ខអារក្សអ្នកតា ម្ចាស់ទឹក ម្ចាស់ដីទាំងអស់ ចំពោះអំពើមិនគប្បីរបស់កូនចៅ និងប្រជាពលរដ្ឋទាំងអស់ដែលបានរស់នៅ ហើយបានបោះចោលនូវភាពស្មោគគ្រោកពេញមួយឆ្នាំទៅលើលោកដែលជាម្ចាស់ទឹកម្ចាស់ដីកុំឲ្យមានការខឹងសម្បារដល់ភាពមិនគប្បីរបស់កូនចៅទាំងនោះ ហើយផ្ទុយទៅវិញក៏សូមឲ្យអារុក្ខអារក្សអ្នកតា ម្ចាស់ទឹក ម្ចាស់ដីទាំងអស់ប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ សុភមង្គល ភាពរីកចម្រើនរុងរឿង ត្រជាក់ត្រជុំដល់កូនចៅ ដែលកំពុងតែរស់នៅជានិរន្តតទៅ។
ម្យ៉ាងទៀត ជាទឹកចិត្តគោរពស្រលាញ់ និងការអភិរក្សសម្បត្តិវប្បធម៌ជាតិ ការលើកកម្ពស់ប្រពៃណីទំនៀមទម្លាប់ខ្មែរដ៏ល្អផូរផង់ឱ្យបានគង់វង្សស្ថិតស្ថេរសម្រាប់បច្ចុប្បន្ន និងតទៅអនាគត។ ការជួបជុំដើម្បីប្រារព្ធពិធីសំពះព្រះខែ និងអកអំបុកនេះឡើង គោលបំណងសំខាន់ៗ ផ្តោតលើ ការអភិរក្សឱ្យបានល្អនូវប្រពៃណីទំនៀមទម្លាប់របស់ខ្មែរកុំឲ្យបាត់បង់ ដើម្បីថែរក្សានូវតម្លៃអត្តសញ្ញាណជាតិឱ្យបានគង់វង្ស និងផ្សព្វផ្សាយនូវសម្បត្តិវប្បធម៌របស់ជាតិយើង ដល់កូនចៅខ្មែរគ្រប់ជំនាន់ ,ការបង្កើតនូវព្រឹត្តិការវប្បធម៌ប្រវត្តិសាស្ត្រទេសចរណ៍ដែលជាការចូលរួមទាក់ទាញឲ្យភ្ញៀវជាតិ អន្តរជាតិមកទស្សនាកាន់តែច្រើន និងបង្កើតនូវបរិយាកាសសប្បាយរីករាយជូនដល់បងប្អូន ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទៀតផង៕