(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ប្រព្រឹត្តទៅដោយរលូន ស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឱ្យដឹងទៀតថា ឆ្លើយតបចំពោះសំណូមពរ និងការតវ៉ារបស់បេក្ខជន ដែលបានដាក់ពាក្យតវ៉ាចំពោះលទ្ធផលនៃការប្រឡង ក្រសួងអប់រំ យុវជន និងកីឡាបានពិនិត្យយ៉ាងយកចិត្តទុកដាក់លើកិច្ចការរបស់បេក្ខជន។ ក្រោយពីបានបញ្ចប់ការពិនិត្យលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មិនមានការប្រែប្រួលទេ។
ឈរលើមូលដ្ឋាននេះ ក្រសួងសូមប្រកាសបញ្ចប់ការទទួលពាក្យតវ៉ារបស់ បេក្ខជន និងបញ្ចប់ដំណើរការពិនិត្យ និងដោះស្រាយការតវ៉ា ចាប់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាននេះតទៅ។
ចំពោះសិស្សប្រឡងធ្លាក់ ក្រសួងផ្តល់ឱកាសឱ្យប្រឡងឆ្នាំក្រោយទៀត និងលើកទឹកចិត្តឱ្យខិតខំរៀន សូត្របន្ត ដោយមានការជួយគាំទ្រពីសំណាក់លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ដើម្បីទទួលបានជោគជ័យនៅឆ្នាំខាងមុខ៕