(ភ្នំពេញ)៖ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា បរិមាណសំរាម ដែលប្រជាពលរដ្ឋ និងកីឡាករចំណុះទូក បញ្ចេញចោលនៅថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅក្នុងរាជធានីភ្នំពេញ គឺមានជាង៣ ៤០០តោន ថយចុះជាង៣% ខណៈក្នុងថ្ងៃទី១ នៃព្រះរាជពិធីបុណ្យ មានចំនួន ៣,៨០០តោន។

លោកបានកត់សម្គាល់ថា បរិមាណសំរាមដែលថយចុះនេះ បានបង្ហាញពីការយល់ដឹងរបស់ប្រជាពលរដ្ឋមាន ពីការទុកដាក់សំរាម និងការចូលរួមកាត់បន្ថយពីការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកទៅក្នុងទីសាធារណៈ។ ជាមួយគ្នានេះ ដោយសារការចូលរួមយ៉ាងសស្រាក់សស្រាំពីមន្ត្រីរាជការក្រសួងបរិស្ថាន កងកម្លាំងប្រដាប់អាវុធភាគីពាក់ព័ន្ធ និងក្រុមយុវជនអ្នកស្រឡាញ់បរិស្ថាន និងរដ្ឋបាលរាជធានីភ្នំពេញ រួមទាំងវិសស័យឯកជន សេវាប្រមូលសំរាមនៅរាជធានីភ្នំពេញ ថ្វើឱ្យទីក្រុងមានអនាម័យ មានសោភ័ណភាព និងផ្តល់ភាពសប្បាយរីករាយក្នុងរដូវបុណ្យព្រពៃណីជាតិដ៏ធំនៅរាជធានីភ្នំពេញ។

លោម ខ្វៃ អាទិត្យា បានបញ្ជាក់ដូច្នេះថា៖ «ជាការកត់សម្គាល់នៅក្នុងពិធីបុណ្យអុំទូកនៅឆ្នាំនេះមិនត្រឹមតែមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងភាគីពាក់ព័ន្ធនោះទេ សូម្បីតែយុវជន ក៏ចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការចុះផ្សព្វផ្សាយ និងដើរប្រមូលសម្រាមតាមទីកំសាន្តនានា នៃព្រះរាជពិធីនេះផងដែរ។ យើងឃើញថា សូម្បីតែនៅម៉ោង១១-១២យប់ហើយ ក៏នៅតែមានសកម្មភាពចុះប្រមូល និងដើររើសសំរាមនៅតាមដងទន្លេ។ នេះជាមោទនភាពមួយដែលបង្ហាញឱ្យឃើញថា យុវជនមានការចូលរួម ខ្វល់ខ្វាយពីបញ្ហាសំរាម»។

ទោះជាយ៉ាងនេះក្តី អ្នកនាំពាក្យក្រសួងបរិស្ថាន បន្តលើកទឹកចិត្ត និងអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករលក់ដូរទំនិញ ក៏ដូចជាកីឡាករចំណុះទូកទាំងអស់ ឱ្យបន្តចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ក្នុងនោះកុំបោះចោលសំរាមប្លាស្ទិកចូលនៅក្នុងទន្លេ ដើម្បីចូលរួមថែរក្សាបរិស្ថាន និងធ្វើឱ្យកម្ពុជាស្អាត មានភាពបៃតង៕