(សៀមរាប)៖ រយៈពេល ២ថ្ងៃ នៃពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋប្រមាណជាង ២៧ម៉ឺននាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន ៨,៩៨២នាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ កើនឡើង ១៣,១ភាគរយ ដែលបានដើរលេងកម្សាន្តនៅខេត្តសៀមរាប និងតំបន់រមណីយដ្ឋាននានា នៅក្នុងខេត្តសៀមរាប។
ក្នុងពិធីបិទកម្មវិធីប្រណាំទូក នាល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងលោក ប្រាក់ សោភ័ណ អភិបាលខេត្ត និងលោកស្រី ព្រមទាំងមានការចូលរួមពីលោក ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោក អានទ្រេ ផាសត្រាណា អារ៉ាហ្គូ ប្រធានអង្គការ និងលោកស្រី ហ្សូហ្សាណា រ៉ាហូ (Zsuzsanna RAHOI) ទីប្រឹក្សានយោបាយជាន់ខ្ពស់នាយករដ្ឋមន្ត្រីហុងការី,លោក ទីប៊ឺ បាឡូឌី (Tiber Baloghdi) អគ្គរដ្ឋទូតហុងការីប្រចាំប្រទេសកម្ពុជា វៀតណាម និងឡាវចូលរួមផងដែរ។
ថ្លែងក្នុងពិធីបិទការប្រណាំងទូក លោក លី សំរិទ្ធ បានលើកឡើងថា ទោះបីជាថ្ងៃបញ្ចប់នៃការប្រណាំងទូក ប៉ុន្តែពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមរាបឆ្នាំ២០២៤ ក៏នៅមានកម្មវិធីកម្សាន្តសប្បាយរយៈពេលមួយថ្ងៃទៀត ដល់ថ្ងៃទី១៦ ខែវិច្ឆិកា។
លោកក៏បានថ្លែកោតសរសើរ ចំពោះអនុគណៈកម្មការរៀបចំពិធីទាំង៧ ក្នុងការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ព្រមទាំងថ្នាក់ដឹកនាំនៃរដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញ ខេត្ត ដែលបានរៀបចំទូកង ចូលរួមក្នុងការប្រកួត ហើយបានខិតខំប្រឹងប្រែងដោយស្មារតីយកចិត្តទុកដាក់ខ្ពស់របស់ខ្លួនយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវ និងធ្វើឱ្យដំណើរការទូទៅក្នុងពិធីបុណ្យអុំទូកនេះ ទទួលបានលទ្ធផលជាផ្លែផ្កាទៅតាមផែនការគួរជាទីមោទនៈ។
លោកក៏បានថ្លែងអំណរគុណចំពោះលោក លោកស្រី ដែលបានចែករំលែកនូវធនធានផ្ទាល់ខ្លួនធ្វើអំណោយឧបត្ថម្ភដោយទឹកចិត្តសប្បុរសថ្លៃថ្លាជូនចំពោះគណៈកម្មការរៀបចំពិធី និងជូនដល់កីឡាករ កីឡាការិនីដោយផ្ទាល់ ដែលជាវប្បធម៌ចែករំលែក នៃមហាសាមគ្គីភាពគ្រួសារខ្មែរ។
លោក លី សំរិទ្ធ ក៏បានធ្វើការផ្តាំផ្ញើដល់ក្រុមកីឡាករ កីឡាការិនីទូកទាំងអ្នកឈ្នះ និងអ្នកមិនមានចំណាត់ថាក់ ត្រូវបន្តការហ្វឹកហាត់បច្ចេកទេសរបស់ខ្លួនបន្តទៀត ដើមី្បត្រៀមលក្ខណៈចូលរួមប្រកួននៅឆ្នាំបន្ត ឬក៏ក្នុងពិធីផ្សេងៗផងដែរ។ ម៉្យាងទៀត ចំពោះអ្នកទទួលបានចំណាត់ថ្នាក់ ក៏មិនត្រូវមានមោទនភាពនៃជ័យជំនះរបស់ខ្លួនក្នុងឆ្នាំនេះដែរ ក៏ត្រូវបង្កើនសមត្ថភាពបច្ចេក ទេសរបស់ខ្លួនបន្តទៀតផងដែរ។
ដោយឡែក ចំពោះកិច្ចការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បានប្រព្រឹត្តបានល្អប្រសើរ ដោយគ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានការប៉ះទង្គិចដោយអំពើហិង្សា អំពើឆក់ ប្លន់ និងបាតុភាព អវិជ្ជមានផ្សេងៗណាមួយគួរឲ្យកត់សម្គាល់ឡើយ។
ជាមួយនេះ បញ្ហាអនាម័យបរិស្ថាន ក៏មានសភាពល្អប្រសើរជាងពេលមុនៗ ដោយនៅទីសាធារណៈ និងជុំវិញទីតាំងប្រារព្ធពិធី ក៏ដូចជាតាមបណ្តោយដងស្ទឹងសៀមរាប មានការថយចុះនូវការបោះចោលសម្រាម និងកាកសំណល់ផ្សេងៗពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលមកទស្សនាកម្សាន្តក្នុងពិធីប្រណាំងទូកនេះផងដែរ៕