(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត សួន សាមិត្ដ នាយកមន្ទីរពេទ្យជាតិ តេជោសន្ដិភាព បានថ្លែងថា តបតាមប្រសាសន៍ណែនាំរបស់លោកសាស្ត្រាចច្ចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងការការពារសុខភាពជូនប្រជាពលរដ្ឋកីឡាករ កីឡាការិនី និងភ្ញៀវជាតិ និងអន្តរជាតិ ក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនៅឆ្នាំ២០២៤នេះ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ក៏ដូចជាមន្ទីរពេទ្យជាតិនានា បានរៀបចំនូវកម្លាំងរថយន្ដគិលានសង្គ្រោះ និងសម្ភារៈបរិក្ខារ និងឱសថគ្រប់គ្រាន់សម្រាប់ត្រៀមសង្គ្រោះ និងបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ។
តាមរយៈកិច្ចសម្ភាសជាង ៨នាទីជាមួយបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលជាថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក លោកវេជ្ជបណ្ឌិត បានថ្លែងឱ្យដឹងថាមន្ទីរពេទ្យជាតិ តេជោសន្ដិភាព បានត្រៀមនូវរថយន្ដគិលានសង្គ្រោះបន្ទាន់ ចំនួន ៦គ្រឿង ដែល២គ្រឿងប្រចាំការនៅតង់សុខភាព នាមុខព្រះបរមរាជវាំង និង៤គ្រឿងទៀតតៀមនៅក្រសួងសុខាភិបាល ហើយប្រើប្រាស់កម្លាំងក្រុមគ្រូពេទ្យប្រមាណ ៤០នាក់។ ដោយឡែកមន្ទីរពេទ្យក៏មានការរៀបចំបម្រុងជាកន្លែងសម្រាប់ជួយគ្នាក្នុងគ្រាអាសន្ន ឬអ្នកជំងឺដែលមានចំនួនច្រើន គឺយើងបានត្រៀមរួចរាល់ផងដែរ គឺនៅមន្ទីរពេទ្យជាតិ តេជោសន្ដិភាព»។
លោកវេជ្ជបណ្ឌិត សួន សាមិត្ដ បានថ្លែងបន្ដទៀតថា ក្នុងរយៈពេល២ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក នៅតង់ផ្ដល់សេវាសុខាភិបាលរបស់មន្ទីរពេទ្យជាតិ តេជោសន្តិភាព បានទទួលនិងព្យាបាលបងប្អូនប្រជាពលរដ្ឋ កីឡាករ និងភ្ញៀវអន្តរជាតិបានចំនួនជាង ១៥០នាក់ ក្នុងចំណោមពួកគាត់ដែលមកទទួលសេវាព្យាបាលភាគច្រើន ផ្ដាសាយ ក្តៅខ្លួន រាគ ក្អួត ចុកពោះ វិលមុខ និងថប់ដង្ហើម ជាពិសេសបានកក់សម្គាល់ឃើញ កុមារ និងមនុស្សចាស់ ដែលមានទទួលសេវានៅតង់របស់យើង គឺមានការខ្វះជាតិទឹក។ ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក សូមទទួលទានទឹកឱ្យច្រើន និងរក្សាអនាម័យឱ្យបានខ្ពស់។
សូមជម្រាបថា ក្រសួងសុខាភិបាលបានរៀបចំនូវទីតាំងជម្រកតង់ការពារសុខភាព និងក្រុមគ្រូពេទ្យប្រចាំការ រថយន្តគិលានសង្រ្គោះបន្ទាន់នៅតាមបណ្តាគោលដៅនីមួយៗ ដែលមានចំនួន ១៥ជម្រកតង់ រថយន្តគ្លីនិកចល័ត ចំនួន ២កន្លែង និងក្រុមគ្រូពេទ្យចល័តក្នុងក្រុមមហាជនផងដែរ ដើម្បីផ្តល់សេវាសង្គ្រោះជូនប្រជាពលរដ្ឋ ក្នុងករណីមានបញ្ហាសុខភាពបន្ទាន់ ២៤ម៉ោង លើ២៤ម៉ោង។
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនានូវកិច្ចសម្ភាសរបស់លោកវេជ្ជបណ្ឌិត សួន សាមិត្ដ ដូចតទៅ៖